ទ្រព្យ ៥ ប្រភេទនៅក្នុងជីវិតទូទៅ និងអាជីវកម្ម

3478

មនុស្សសឹងតែគ្រប់គ្នាគិតថាដើម្បីជោគជ័យបានគឺយើងត្រូវមានលុយដើម្បីរកស៉ី ឬយកទៅវិនិយោគផ្សេងៗ តែអ្នកមានដឹងទេថាដើម្បីឈានទៅរកការជោគជ័យបាន មានលុយតែមួយមុខគឺមិនគ្រប់គ្រាន់ទេ។ បើសព្វថ្ងៃនេះអ្នកមិនមានដើមទុនច្រើនអ្នកត្រូវបង្កើនទ្រព្យផ្សេងទៀតដែលអ្នកអាចយកមកបម្រើការរីកចម្រើនក្នុងជីវិតរបស់អ្នកបាន ហើយខាងក្រោមនេះគឺជាទ្រព្យចំនួនប្រាំប្រភេទផ្សេងទៀតដែលអ្នកអាចនឹងកំពុងតែមាន។ បើអ្នកមានវាហើយត្រូវចេះប្រើប្រាស់វាអោយបានល្អដើម្បីយកមកធ្វើជាប្រយោជន៍ដល់ខ្លួនវិញ។ 

១. ចូលចិត្តធ្វើការ៖ ចំនុចពិសេសនោះគឺអ្នកអាចធ្វើការបានច្រើន មិនចូលចិត្តរអ៊ូពីការហត់នឿយ និយាយរួមគឺអ្នកស្វាគមន៍ការងារគ្រប់បែបយ៉ាង ហើយភាពឧស្សាហ៍នេះផ្ដល់អោយអ្នកនូវបទពិសោធន៍ យល់ដឹងស្ថានការក្នុងការងារគ្រប់បែបយ៉ាង។ ទ្រព្យនេះសំខាន់ព្រោះបើចេញរកស៉ីដំបូងហើយយើងមិនសូវមានទុន វានេះហើយជាអ្នកជួយយើងអោយឈានទៅកាន់ភាពជោគជ័យ។ អ្នកដែលឃើញព័ត៌មានទេថា មនុស្សខ្លះឈ្នះឆ្នោតបានរាប់លានដុល្លា តែប៉ុន្មានឆ្នាំក្រោយមកក៏រលាយអស់វិញ? នោះគឺដោយសារតែគេមានលុយ តែមិនចេះគ្រប់គ្រងលុយហើយខ្ជិល និងមិនចេះយកលុយទៅរកស៉ីមុខជំនួញណាសម្រាប់អនាគតទៀត ដោយគិតថាចាប់ពីថ្ងៃនឹងទៅលែងធ្វើការលំបាកទៀត និងគិតតែស៊ីចាយសប្បាយ។ មនុស្សមានពីរប្រភេទគឺ មនុស្សឧស្សាហ៍ និងមនុស្សខ្ជិល ហើយយើងកម្រឃើញអ្នកខ្ជិលណាជោគជ័យដោយការប្រឹងប្រែងខ្លួនឯងណាស់។ 

២. មានទំនាក់ទំនងល្អជាមួយអ្នករកស៉ីដទៃ៖ បើអ្នកស្គាល់អ្នកជំនួញច្រើននោះការរកស៉ីក៏កាន់តែងាយស្រួល។ ពេលខ្លះអ្នកមានទំនិញថ្មី ចង់អោយលក់ដាច់ និងគេស្គាល់ច្រើន តាមរយៈមិត្តភក្កិដែលជាអ្នករកស៉ីទាំងនោះអ្នកអាចពឹងពាក់គេអោយជួយលក់ផលិតផល ឬអ្នកមានគំនិតល្អតែមិនមានទុនគ្រប់នោះអ្នកអាចទៅពិភាក្សាជាមួយអ្នករកស៉ីដទៃដើម្បីចូលរួមដាក់ទុនខ្លះក្នុងមុខរបរនោះ។ បើអ្នកមិនសូវស្គាល់គេទេទោះបីជាគំនិតនោះល្អយ៉ាងណាក៏គេមិនសូវទុកចិត្តអ្នកដែរ។  អ្នកអានប្រាកដជាសួរថាតើធ្វើយ៉ាងណាដើម្បីស្គាល់អ្នកជំនួញទាំងនោះ? ការអានសៀវភៅទាក់ទងនឹងការបង្កើតទំនាក់ទំនង ឬការចូលរួមសមាគមអ្នករកស៉ីនានា ឬចូលរួមសិក្ខាសាលាដែលបង្រៀនពីការរកស៉ី អាចអោយអ្នកដឹងពីរបៀបបង្កើតមិត្តភាពជាមួយអ្នករកស៉ីដទៃបាន។ ការបង្កើតទំនាក់ទំនង មិនមែនសុទ្ធតែល្អទាំងអស់ទេ ពោលគឺសំខាន់ត្រង់បុគ្គល។ ទំនាក់ទំនងអាចនាំលាភ ហើយក៏អាចនាំគ្រោះចង្រៃ ដូច្នេះអ្នកគួរចេះមើលមនុស្សមុនបង្កើតទំនាក់ទំនងជាមួយពួកគេ។

៣. ចេះភាសាច្រើន៖ ចេះភាសាកាន់តែច្រើនផ្ដល់ឱកាសអោយអ្នករកស៉ីបានជាមួយជនបរទេសមកពីច្រើនតំបន់ផ្សេងគ្នា ហើយក៏អាចទៅវិនិយោគនៅប្រទេសគេទាំងនោះផងដែរ។ ឧទាហរណ៍ពេលនេះមានចិនជាច្រើនចូលមកវិនិយោគនៅប្រទេសកម្ពុជា  ប្រសិនបើអ្នកមិនទាន់មានដើមទុនរកស៉ីគ្រប់គ្រាន់ តែអ្នកចេះចិនបានច្រើននោះអ្នកអាចរកលុយបានពីការបកប្រែការជួបចរចាជំនួញរបស់ចិនជាមួយនឹងខ្មែរយើង នាំពួកគេទៅវិនិយោគ ឬទិញអចលនទ្រព្យជាដើម ហើយបើចង់រកសីខ្លួនឯងជាមួយចិនក៏ងាយស្រួលដែរ។

៤. មានជំនាញច្បាស់លាស់មួយ៖ អ្នកដែលចេះជំនាញមួយណាបានគ្រប់ជ្រុងជ្រោយហើយ ប្រាកដណាស់ថាមានអ្នករកស៉ីជាច្រើនដណ្ដើមអ្នកទៅចូលរួមរកស៉ីជាមួយពួកគេ។ ឧទាហរណ៍ បើអ្នកមានជំនាញពូកែខាងព្យាបាលធ្មេញ នោះប្រាកដណាស់ថាមានពេទ្យជាច្រើនចង់បានអ្នកទៅធ្វើការអោយគេ និងហ៊ានអោយតម្លៃខ្ពស់ទៀតផង។ នៅពេលដែលអ្នកសន្សំលុយពីការធ្វើការនោះបានច្រើនហើយ អ្នកអាចចេញទៅបើកគ្លីនិកធ្មេញដោយខ្លួនឯង ដោយមានភាគរយជោគជ័យខ្ពស់ផងដែរដោយសារកេរ្តិ៍ឈ្មោះរបស់អ្នក និងបទពិសោធដែលបានរៀនពីគេ ។ មានជំនាញជាច្រើនទៀតដែលមិនបានរៀបរាប់ហើយអ្នកអាចសិក្សាផ្ដោតលើវាអោយច្បាស់លាស់បានដើម្បីបង្កើនតម្លៃរបស់អ្នកក្នុងទីផ្សារ។ 

៥. កម្មសិទ្ធិបញ្ញា៖ បើអ្នកមានគំនិតច្នៃប្រឌិតក្នុងការបង្កើតអ្វីដែលថ្មីមួយហើយអាចដោះស្រាយបញ្ហារស់នៅរបស់មនុស្សបាន  នោះអ្នកអាចនឹងក្លាយទៅជាអ្នកមានបានយ៉ាងស្រួល។ វាមិនមែនត្រឹមតែរបស់ប្រើប្រាស់ទេ សូម្បីតែរបស់អរូបីដូចជារឿងប្រលោមលោក ចម្រៀង គម្រោងអាជីវកម្មល្អៗ…គឺសុទ្ធសឹងតែអាចរកចំណូលអោយអ្នកបានជាច្រើន។ ក្នុងប្រវត្តិសាស្ត្រជំនួញយើងឃើញមានដូចជាលោក Steve Jobs ដែលនាំយកកុំព្យូទ័រ និងស្មាតហ្វូនមកអោយមហាជន ឬ អ្នកស្រី J.K. Rowling ដែលលក់សិទ្ធិក្នុងការបោះពុម្ពសៀវភៅរបស់គាត់ទៅអោយរោងពុម្ព ហើយចុងបញ្ចប់គាត់ក៏ក្លាយទៅជាមហាសេដ្ឋី រោងពុម្ពនោះក៏រកចំណូលបានជាច្រើនលានដុល្លារ៕​

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។