វិធីសាស្ត្រក្នុងការឡើងធ្វើបទបង្ហាញដែលអ្នកអាចរៀនបានពីលោក​ Steve Jobs

5132

លោក Steve Jobs  ត្រូវពិភពលោកទទួលស្គាល់ថាជាអ្នកជំនួញដ៏ពូកែម្នាក់ដែលពោរពេញទៅដោយគំនិតថ្មីៗ មិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងពូកែក្នុងការនិយាយបង្ហាញផលិតផលទៅកាន់អតិថិជន ដោយពេលនិយាយម្ដងៗគាត់ផ្ដល់នូវចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យា ការលេងសើច ក៏ដូចជាជំរុញអោយអតិថិជនស្រលាញ់ផលិតផល Apple កាន់តែខ្លាំងឡើង។

១.បង្ហាញពីការចូលចិត្តទៅលើផលិតផលរបស់ខ្លួន៖ Steve Jobs ស្រលាញ់ការឌីស្សាញណាដែលស្អាតមានភាពទាន់សម័យហើយមិនសាំញាំច្រើន។ នៅពេលដែលគាត់បង្ហាញ iPhone ជាលើកដំបូងទៅកាន់ទស្សនិកជន គាត់បានលើកសរសើរ iPhone ដោយជានិច្ចកាលតែងតែនិយាយថា iPhone ជំនាន់ថ្មីនេះមានភាពទាន់សម័យប្លែក​អស្ចារ្យខុសពីទូរស័ព្ទដទៃទៀត។​ អ្នកទស្សនាចូលចិត្តបុគ្គលណាដែលអោយតម្លៃទៅលើផលិតផលខ្លួន ព្រោះបើអ្នកផលិតមិនចូលចិត្តហើយ អតិថិជនក៏មិនចាប់អារម្មណ៍ដែរ។

២.បង្ហាញតែចំនុចសំខាន់បី​៖ Steve Jobs ដឹងពីសារៈសំខាន់របស់លេខបីព្រោះបើយើងប្រាប់លក្ខណៈពិសេសចំនួនបីរបស់ផលិតផលយើងទៅប្រាប់គេ យើងនឹងទទួលបានចំណាប់អារម្មណ៍ច្រើនជាងប្រាប់គេតែពីរឬដប់ជាដើម។ ពេលណែនាំពី iPhone ដំបូងគាត់និយាយពីសមត្ថភាពចាក់ចម្រៀងបានដូច iPod បន្ទាប់មកគាត់និយាយពីគុណសម្បត្តិរបស់ iPhone ផ្ទាល់តែម្ដង និងចុងក្រោយ គឺនិយាយពីការប្រើអ៉ីនធើណេតយ៉ាងងាយស្រួលនៅលើ​ iPhone​។ ពេលឡើងឆាកភ្លាមគាត់និយាយថាថ្ងៃនេះក្រុមហ៊ុន Apple នឹងនាំមកនូវផលិតផលបីជូនអតិថិជនដោយទីមួយគឺជា​ iPod ដែលមានអេក្រង់ធំ ទីពីរគឺទូរស័ព្ទដែលខុសពីទូរស័ព្ទធម្មតា និងទីបីគឺការទំនាក់ទំនងគ្នាតាមអ៊ីនធើណេតជំនាន់ថ្មី។ បន្ទាប់មកគាត់សួរទៅកាន់អ្នកទស្សនាថាតើអ្នកទាំងនោះយល់ពីអ្វីដែលគាត់និយាយដែរឬទេ ព្រោះវាមិនមែនជាផលិតផលបីផ្សេងគ្នាទេ តែជាផលិតផលតែមួយដែលខាងក្រុមហ៊ុនហៅថា iPhone។

៣.បង្ហាញពីចំនុចខ្សោយរបស់គេ៖ នៅពេលគាត់ចាប់ផ្ដើមនិយាយគឺគាត់និយាយពីចំនុចខ្សោយរបស់ទូរស័ព្ទដទៃ ដោយគាត់ថាទូរស័ព្ទធម្មតាមិនសូវជាឆ្លាតទេហើយក៏មិនសូវស្រួលប្រើប៉ុន្មានដែរ ចំណែកឯស្មាតហ្វូនវិញឆ្លាតជាងទូរស័ព្ទធម្មតាតែវាកាន់តែពិបាកប្រើថែមទៀត។ ទូរស័ព្ទទាំងនេះផ្ដល់ភាពស្មុគស្មាញដល់អ្នកប្រើប្រាស់ ប៉ុន្ដែ Apple នឹងនាំមកនូវស្មាតហ្វូនមួយដែលឆ្លាតជាងគេហើយក៏ងាយស្រួលប្រើជាងគេផងដែរ។

៤.បង្ហាញពីគុណសម្បត្តិរបស់ផលិតផល៖ ក្រោយពេលនិយាយបង្អាប់ទូរស័ព្ទគេរួ​ចមកគាត់ក៏ចាប់ផ្ដើមប្រាប់ពីគុណសម្បត្តិរបស់​ iPhone ម្ដងដោយគាត់និយាយពីសមត្ថភាព touchscreen របស់វាដែលមិនត្រូវការអោយមានប៊ិចសម្រាប់ចុច ហើយអាចចុចម្ដងដោយប្រើម្រាមច្រើនផងដែរ។

៥.ប្រើរូបភាពច្រើនជាងពាក្យ៖ ជាមធ្យមស្លាយ PowerPoint មានពាក្យរហូតដល់ទៅ ៤០ ពាក្យឯណោះ តែសម្រាប់ស្លាយបង្ហាញផលិតផលរបស់ Steve Jobs ក្នុងបីនាទីដំបូងមានតែ ១៩ ពាក្យប៉ុណ្ណោះសម្រាប់ ១២ ស្លាយ។

៦.និយាយរឿងប្រាប់ទស្សនិកជន៖ មុនពេលបង្ហាញ iPhone ទៅកាន់ទស្សនិកជនគាត់បាននិយាយរឿងមួយចំនួនដែលទាក់ទងទៅនឹងប្រធានបទថ្ងៃនោះ។ ដំបូងឡើយគាត់និយាយថាកាលពីឆ្នាំ ១៩៨៤ ក្រុមហ៊ុន Apple បានបញ្ចេញកុំព្យូទ័រ Macintosh ជំនាន់ទីមួយហើយវាមិនត្រឹមតែផ្លាស់ប្ដូរមុខមាត់របស់ក្រុមហ៊ុនទេវាថែមទាំងផ្លាស់ប្ដូរការប្រើប្រាស់កុំព្យូទ័ររបស់មនុស្សនៅជុំវិញពិភពលោក។​ នៅឆ្នាំ២០០១ Apple បានបញ្ចេញ iPod ហើយវាមិនត្រឹមតែផ្លាស់ប្ដូររបៀបនៃការស្ដាប់ចម្រៀងរបស់មនុស្សទេ វាថែមទាំងផ្លាស់ប្ដូរឧស្សាហកម្មចម្រៀងទាំងមូលផងដែរ។​ នៅពេលនោះទស្សនិកជនដឹងថាផលិតផលដែលនឹងបង្ហាញនាពេលបន្ដិចទៀតនេះពិតជាមានលក្ខណៈពិសេសខុសពីគេជាមិនខាន។

៧.ហាត់សម៖ មុននឹងបញ្ចេញផលិតផលម្ដងៗគាត់តែងតែហាត់សមរាប់ម៉ោង ឬជាច្រើនអាទិត្យមុនថ្ងៃ​ចេញលក់នោះ ហើយការត្រៀមខ្លួននោះធ្វើអោយគាត់ដឹងគ្រប់សព្វពីកម្មវិធី ដែលនៅពេលគាត់និយាយលើឆាកគឺសឹងតែល្អឥតខ្ចោះ។

៨.ពេលនិយាយមិនមើលក្រដាស៖ ក្នុងការឡើងបង្ហាញផលិតផលចំនួន ៨០ នាទីគាត់មិនបានដកក្រដាសព្រាងចេញមកមើលដើម្បីដឹងថាត្រូវនិយាយអ្វីនោះទេព្រោះគាត់បានហាត់សមឡើងស្ទាត់ទៅហើយ។​​ ការនិយាយបែបនេះគឺល្អជាងការមើលក្រដាសកត់ចំណាំព្រោះយើងចំណាយពេលតិចជាងមុនហើយនិយាយបានរលូនទៀតផង។

៩.លេងសើចខ្លះ៖ បើយើងធ្វើអ្វីម៉ត់ចត់ពេកនោះគេក៏មិនសូវចូលចិត្តដែរ ម្ល៉ោះហើយនៅពេលឡើងនិយាយរាល់ដងគាត់តែងមាននិយាយលេងពីនេះពីនោះខ្លះដើម្បីអោយទស្សនិកជនសើច។​ នៅពេលបង្ហាញ iPhone ហើយគាត់ក៏សាកល្បងតេតាមរយៈកម្មវិធីផែនទីដែលមានដាក់ពត៌មានដូចជាទិតាំងលេខទូរស័ព្ទរបស់ហាងនីមួយៗ ហើយភ្លាមៗនោះគាត់ក៏តេទៅកាន់ Starbucks ដើម្បីកម្ម៉ង់កាហ្វេ ៤០០០ កែវមកវេទិកានិយាយរបស់គាត់ បន្ទាប់មកគាត់ក៏ថាច្រលំលេខរួចក៏បិទទូរស័ព្ទវិញ។ ពេលឃើញគាត់ធ្វើបែបនេះអ្នកមើលក៏ផ្ទុះសំណើចពេញក្នុងសាលតែម្ដង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។