សញ្ញា ៦ ដែលបង្ហាញថាក្រុមហ៊ុនមិនសូវខ្វល់ខ្វាយពីអ្នក

3552

ក្នុងនាមជាបុគ្គលិក យើងគ្រប់គ្នាសុទ្ធតែចង់អោយក្រុមហ៊ុនឬថៅកែយកចិត្តទុកដាក់មកលើខ្លួនយើងក៏ដូចជាការងាររបស់យើង។ ការដែលមានអារម្មណ៍ថាមិនសូវទទួលបានការយកចិត្តទុកដាក់ពីខាងក្រុមហ៊ុន អាចជាមូលហេតុធំមួយដែលមនុស្សភាគច្រើនលាឈប់ពីការងារ។ យើងត្រូវចាំថាមនុស្សមិនមែនសុទ្ធតែធ្វើការដើម្បីតែលុយនោះទេ តែក៏ត្រូវការការយកចិត្តទុកដាក់ និងការអោយតម្លៃផងដែរ។ អត្ថបទនេះមិនមែនចង់អោយបុគ្គលិកគិតថាខ្លួនឯងអស្ចារ្យជាងក្រុមហ៊ុនទេ តែប្រសិនបើយើងខិតខំធ្វើការហើយតែខាងគេនៅតែប្រងើយកន្តើយដាក់យើងទៀត នេះបង្ហាញថាប្រសិនបើអ្នកនៅតែធ្វើការនៅកន្លែងនោះយូរទៀតក៏មិនរីកចម្រើនទៅណាដែរ។ ខាងក្រោមនេះគឺជាសញ្ញាណដែលបញ្ជាក់ថាកន្លែងដែលអ្នកកំពុងធ្វើការមិនសូវចាប់អារម្មណ៍នូវវត្តមានរបស់អ្នកនៅកន្លែងធ្វើការរបស់គេទេ។ 

១. មិនខ្វល់ខ្វាយពីគំនិតរបស់អ្នក៖ ពេលខ្លះក្រុមហ៊ុនត្រូវការធ្វើការកែប្រែរចនាសម្ព័ន្ធដើម្បីអោយមានដំណើរការល្អជាងមុន តែគេមិនដែលសួរយោបល់ពីអ្នកដែលធ្វើការផ្ទាល់ប្រចាំថ្ងៃឡើយថាគួរកែប្រែចំនុចណាខ្លះ។ មួយទៀតឧបមាថាអ្នកកំពុងធ្វើការក្នុងគម្រោងមួយដែលត្រូវការគំនិត ឬយោបល់របស់សមាជិកគ្រប់ៗគ្នា ប៉ុន្ដែគេមិនដែលសួរ ឬសួរចោលពីគំនិតរបស់អ្នក។

២. មិនដែលផ្ដល់យោបល់គាំទ្រ ឬរិះគន់ក្នុងន័យស្ថាបនាទេ៖ ប្រសិនបើអ្នកគ្រប់គ្រងអោយតម្លៃអ្នកមែន ប្រាកដណាស់គេនឹងផ្ដល់យោបល់ក្នុងការងារដើម្បីអោយមានការរីកចម្រើនទាំងអ្នក និងក្រុមហ៊ុន ហើយគាំទ្រនូវការសម្រេចចិត្តរបស់អ្នក។ មួយទៀតគេចូលចិត្តថាអោយនៅពេលអ្នកធ្វើអោយមានកំហុសមិនថាធំតូចឡើយ ប៉ុន្ដែមិនដែលណែនាំពីកំហុសរបស់អ្នកដើម្បីកែតម្រូវនៅថ្ងៃក្រោយទេ។ 

៣. ផ្ដល់ប្រាក់ខែមិនសមនឹងសមត្ថភាពរបស់អ្នក៖ អ្នកធ្លាប់សុំតម្លើងប្រាក់ខែដែលសាកសមនឹងសមត្ថភាពរបស់ខ្លួន ព្រោះអ្នកបានដឹងពីស្ដង់ដារនៃប្រាក់ខែនៅក្រុមហ៊ុនផ្សេងៗទៀតចំពោះអ្នកមានសមត្ថភាពប្រហាក់ប្រហែលនឹងខ្លួន តែគេមិនឡើងប្រាក់ខែអោយអ្នកទេ។ ចំនុចនេះប្រសិនបើក្រុមហ៊ុនកំពុងមានវិបត្តិហិរញ្ញវត្ថុ វាជារឿងមួយដែលអាចទទួលយកបានហើយអ្នកក៏គួរជួយក្រុមហ៊ុននៅពេលមានបញ្ហាដែរ តែប្រសិនបើគ្មានបញ្ហានៅក្រុមហ៊ុនទេហើយគេនៅតែងតែបដិសេធអ្នក សញ្ញាណនេះបង្ហាញថាគេកំពុងតែកេងប្រវ័ញ្ចលើកម្លាំងពលកម្ម និងសមត្ថភាពរបស់អ្នកហើយ។ 

៤. មិនដែលឡើងឋានៈអោយអ្នក៖ ពេលខ្លះអ្នកធ្វើការក្នុងក្រុមហ៊ុននោះយូរហើយ ដឹងពីកិច្ចការក្នុងក្រៅសឹងតែទាំងអស់ ហើយអ្នកតែងតែយកចិត្តទុកដាក់នឹងការងារ និងស្មោះត្រង់ជាមួយគេ និយាយរួមអ្នកគឺជាបុគ្គលិកល្អម្នាក់ ប៉ុន្ដែគេមិនដែលគិតគូរពីការឡើងតំណែងអោយអ្នកឡើយ គេបែរជាផ្ដល់តំណែងនោះអោយទៅអោយអ្នកទើបចូលថ្មីទៅវិញ។ 

៥. មិនដែលផ្ដល់លទ្ធផលអំពីគម្រោងដែលអ្នកបានធ្វើ៖ ប្រសិនបើគម្រោងនោះទទួលបានផលល្អ គេព្យាយាមលាក់ពីអ្នកដើម្បីយកផលប្រយោជន៍ពីថ្នាក់លើតែឯង អ្វីដែលអ្នកទទួលបានគឺនៅពេលដែលគម្រោងនោះមានបញ្ហាប៉ុណ្ណោះ។ 

៦. ធ្វើល្អប៉ុណ្ណាមិនដែលសរសើរ ធ្វើខុសបន្ដិចថាអោយភ្លាម៖ អ្នកខិតខំយកចិត្តទុកដាក់ក្នុងការងារ មកធ្វើការលឿន តែមិនដែលលឺថ្នាក់លើសរសើរមួយម៉ាត់ឡើយ តែពេលខុសតែបន្ដិចសោះតែងតែស្ដីបន្ទោសអោយអ្នកមិនថាមុខគេឯងឡើយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។