មុខងារនៃការគ្រប់គ្រងអាជីវកម្មរបស់អ្នក ឬស្ថាប័នណាមួយ

4206

មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងមានមុខងារធំៗចំនួន ៥ និងមានមុខងារតូចៗជាច្រើនទៀត។ មុខងារតូចៗនីមួយៗមានដំណើរការជាច្រើនទៀត ប៉ុន្តែខ្ញុំពុំអាចសរសេរវាឲ្យលម្អិតក្នុងអត្ថបទមួយបានទេ ដោយអត្ថបទនេះគ្រាន់តែប្រាប់ចំណុចគោលៗប៉ុណ្ណោះ ក៏ប៉ុន្តែនឹងមានអត្ថបទថ្មីៗទៀតអំពីការគ្រប់គ្រងដែលលោកអ្នកអាចអាននៅលើវេបសាយ apamat.com ។ ជាទូទៅនៅក្នុងការគ្រប់គ្រង មានមុខងារធំៗចំនួន ៥ ដូចខាងក្រោម៖

១. ការរៀបគម្រោង

ជំហានដំបូងនៃការចាប់ផ្តើមការងារគ្រប់គ្រង គឺការសរសេរគម្រោង។ នៅក្នុងគម្រោងមានមុខងារតូចៗដូចជា ការកំណត់គោលដៅ, ការព្យាករណ៍លទ្ធផល, ការអភិវឌ្ឍយុទ្ធសាស្ត្រគ្រប់គ្រង, និង ការអភិវឌ្ឍន៍គោលនយោបាយគ្រប់គ្រង។ 

២. ការរៀបរចនាសម្ព័ន្ធគ្រប់គ្រង
ផ្ទាំងឃោសនាពាណិជ្ជកម្ម

បន្ទាប់ពីមានគោលដៅក្នុងការគ្រប់គ្រងរួចហើយ គឺដល់ពេលរៀបប្រព័ន្ធគ្រប់គ្រងដែលមានមុខងារតូចៗដូចជា ការឌីហ្សាញរចនាសម្ព័ន្ធគ្រប់គ្រង, កំណត់ផ្នែកនីមួយៗដែលត្រូវដាក់ក្នុងប្រព័ន្ធ, រាយការងារស្នូលដែលផ្នែកនីមួយៗទទួលខុសត្រូវ, កំណត់ដែននៃអំណាចគ្រប់គ្រង, អ្នកសម្របសម្រួលការងារក្នុងប្រព័ន្ធ, រៀបលំហូរការងារ ឬរបៀបបញ្ចប់ការងារ, និងការវិភាគប្រព័ន្ធការងារ។ 

៣. ការជំរុញប្រសិទ្ធភាពការងារ

ដើម្បីធ្វើឲ្យប្រព័ន្ធគ្រប់គ្រងដំណើរការ អ្នកត្រូវការមានវិធីធ្វើឲ្យមនុស្សធ្វើការត្រូវគ្នាក្នុងប្រព័ន្ធ  ហើយដើម្បីធ្វើឲ្យការងារដំណើរការទៅរលូន គឺត្រូវការភាពជាអ្នកដឹកនាំ, ការប្រស្រ័យទាក់ទងគ្នាក្នុងប្រព័ន្ធ, ការធ្វើការងារជាក្រុម, ការធ្វើកំណែទម្រង់នៃឥរិយាបទធ្វើការ, ការផ្តល់អំណាច ឬសិទ្ធិ, ការលើកទឹកចិត្តបុគ្គលិកដែលធ្វើការបានល្អ, ការបំពេញតម្រូវការរបស់បុគ្គលិក, ការធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង, ការបណ្តុះគុណធម៌ដល់បុគ្គលិក និងគុណធម៌នៃការគ្រប់គ្រង។

៤. ការរើស និងផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិក

នេះគឺជាចំណុចប្រកួតប្រជែងមួយរវាងក្រុមហ៊ុនដទៃទៀត សម្រាប់ទាក់ទាញបុគ្គលិក។ បន្ទាប់ពីជំរុញឲ្យបុគ្គលិកបំពេញការងាររួចហើយ គឺត្រូវផ្តល់រង្វាន់ដល់ពួកគេ។ រឿងដំបូងដែលមនុស្សចង់ដឹងមុនគេគឺប្រាក់ខែ និងអត្ថប្រយោជន៍ការងារ ដូច្នេះបានជាអ្នកត្រូវការកំណត់ប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗ បន្ទាប់មកកំណត់របៀបសម្ភាសន៍ពួកគេ។ នៅក្នុងចំណុចទី ៤ នេះមានមុខងារតូចៗដូចជា ការផ្តល់ប្រាក់ខែ, អត្ថប្រយោជន៍ផ្សេងៗ, ការសម្ភាសន៍ចូលធ្វើការ, ការកំណត់ជ្រើសបេក្ខជនចូលធ្វើការ, ការបណ្តេញបុគ្គលិកដែលបង្កកំហុសធ្ងន់ធ្ងរ, ការបង្វឹក ឬពង្រឹងសមត្ថភាពបុគ្គលិក, ការអភិវឌ្ឍរបៀបគ្រប់គ្រង, ការគិតគូអំពីសុវត្តិភាពជូនបុគ្គលិក, ការផ្តល់ឱកាសឲ្យបុគ្គលិកស្មើៗគ្នា និងគោរពច្បាប់ការងារ។

៥. ការត្រួតពិនិត្យ

ចំណុចធំៗទាំង ៤ ខាងលើគឺជាការធ្វើឲ្យប្រព័ន្ធដំណើរការ ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេ ពោលគឺត្រូវមានការត្រួតពិនិត្យមួយទៀតដើម្បីធានាប្រសិទ្ធភាព និងផលិតភាពការងារឲ្យមានស្ថេរភាព។ នៅក្នុងមុខងារត្រួតពិនិត្យមានមុខងារតូចៗដូចជា ការត្រួតពិនិត្យគុណភាព, ការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ, ការត្រួតពិនិត្យការលក់, ការត្រួតពិនិត្យស្តុក, ការត្រួតពិនិត្យការចំណាយ, ការវិភាគលើភាពមិនប្រក្រតី, ការត្រួតពិនិត្យសំណើរផ្តល់រង្វាន់លើកទឹកចិត្ត និងអនុម័តយល់ព្រម។

បើសិនអ្នកមិនធ្លាប់ធ្វើការងារគ្រប់គ្រង ប្រហែលជាពិបាកយល់សម្រាប់អ្នក ប៉ុន្តែបើអ្នកមានគម្រោងចង់បង្កើតអាជីវកម្ម ឬមានអាជីវកម្មរួចហើយតែមិនទាន់មានប្រព័ន្ធគ្រប់គ្រងល្អ អ្នកគួរស្វែងយល់បន្ថែម និងរៀបប្រព័ន្ធឡើងវិញ ដោយរៀបតាមមុខងារទាំង ៥ ខាងលើ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។