ភ្នំពេញ(AKP)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ បន្តពង្រឹងអភិបាលកិច្ចល្អ សំដៅគាំទ្រការអភិវឌ្ឍវិស័យឯកជន តាមរយៈការផ្តល់នូវសេវា សាធារណៈប្រកបដោយសុចរិតភាព តម្លាភាព និងគណនេយ្យភាព ដើម្បីលើកស្ទួយឧត្តម ភាពប្រកួតប្រជែងរបស់កម្ពុជា និងទាញយកអត្ថប្រយោជន៍ពីការធ្វើសមាហរណកម្ម ទៅក្នុងកម្រិតតំបន់ និងពិភពលោក។ ការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីនេះ បានធ្វើឡើងនាឱកាសអញ្ជើញចូលរួមក្នុងពិធីបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៤ លើកទី១ ដែលរៀបចំឡើងនៅទីស្នាក់ការសភាពាណិជ្ជកម្មកម្ពុជា កាលពីល្ងាចថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។ នេះបើតាមការផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍លើកឡើងអំពីវឌ្ឍនភាពផ្នែកសង្គម សេដ្ឋកិច្ច និងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួលការអភិវឌ្ឍវិស័យឯកជន ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ ដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។ ឯកឧត្ដមបានគូសបញ្ជាក់ថា “ការសម្រេចបាននូវកត្តាទាំងអស់នេះ បានជួយឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញមួយនៅក្នុងតំបន់ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើតឱកាសការងារ និងការកាត់បន្ថយភាពក្រីក្រ ហើយបានប្រែក្លាយពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងជាខ្លាថ្មីនៅអាស៊ី”។
ឯកឧត្ដមរដ្ឋមន្រ្ដីបានសម្ដែងការអបអរសាទរចំពោះអ្នកឧកញ៉ា គិត ម៉េង ដែលបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិថ្មី និងបានសំណូមពរដល់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសភាពាណិជ្ជកម្មទាំងអស់ ពង្រឹងកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលថែមទៀត ដើម្បីនាំមកនូវវឌ្ឍនភាព និងវិបុលភាព នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់។ ជាមួយគ្នានេះដែរ ដើម្បីធានាដល់ការលូតលាស់នៃវិស័យពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានផ្តល់នូវអនុសាសន៍ ដល់សភា ពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី ខេត្ត ត្រូវខិតខំស្វែងរក និងទាក់ទាញអ្នកវិនិយោគ ឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាថែមទៀត ក្នុងនោះត្រូវខិតខំរៀបចំបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅតាមតំបន់ ឬប្រទេសណាមួយ ដែលមានប្រជាជនកម្ពុជារស់នៅច្រើន។ ត្រូវនៅជិតអាជីវករដែលជាសមាជិកធម្មតា ដើម្បីដឹងពីសុខទុក្ខ ឬបញ្ហា ប្រឈម ដោយទទួលយកសំណូមពរនានា ដើម្បីផ្តល់ជាអនុសាសន៍ជូនរាជរដ្ឋាភិបាល ហើយ ត្រូវលើកកម្ពស់ការយល់ដឹងរបស់ពួកគាត់ អំពីអត្ថប្រយោជន៍នៃការចូលរួមជាមួយសភាពា ណិជ្ជកម្ម ដែលជាតំណាងឱ្យវិស័យឯកជន។ ទន្ទឹមនេះ ក៏ត្រូវធ្វើការផ្តល់ព័ត៌មាន និងសេវាផ្សេងៗឱ្យបានទាន់ពេលវេលា ដល់សមាជិក-សមាជិកា ដើម្បីធានាឱ្យដំណើរការមានភាពរលូន។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានជំរុញឱ្យសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី ខេត្ត ត្រូវពង្រឹងការយល់ដឹងរបស់ សមាជិក-សមាជិកា អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងការងារគ្រប់គ្រងរដ្ឋបាល ឱ្យមានដំណើរការជាប្រចាំ ហើយបន្តរៀបចំទីស្នាក់ការឱ្យបានច្រើនថែមទៀត ជាពិសេសនៅតាមបណ្តារាជធានី/ខេត្ត ដែលមិនទាន់មាន៕
ដោយ អ៊ុន រិទ្ធី
