គ្រប់ពេលនៃការរស់នៅប្រចាំថ្ងៃ យើងទាំងអស់គ្នាតែងតែធ្វើការសម្រេចចិត្ត។ សម្រេចថាធ្វើ ឬមិនធ្វើ សម្រេចថាញាំ ឬមិនញាំ សម្រេចថាទៅ ឬមិនទៅ…។ ការសម្រេចចិត្តតែងតែមានខុសមានត្រូវ តែនៅក្នុងការរកស៉ី បើអ្នកសម្រេចចិត្តខុស គឺខាត ហើយបើកម្រិតនៃការសម្រេចចិត្តនោះខុសខ្លាំងទៀតនោះ អ្នកអាចនឹងក្ស័យធន និងជំពាក់បំណុលគេជុំទិសទៀតផង។ មិនថានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ជីវិតការងារ និងជីវិតរកស៉ីនោះទេ ប្រសិទ្ទភាពនៃការសម្រេចចិត្តគឺសំខាន់ណាស់ ហើយបើអ្នកចង់មានការសម្រេចបានលឿន និងមានប្រសិទ្ធភាព ខាងក្រោមនេះអាចជួយអ្នកបាន។
១. កំណត់ជម្រើសរបស់អ្នក
បើអ្នកកំពុងស្ថិតក្នុងកាលៈទេសៈដែលមានជម្រើសច្រើនមិនដឹងត្រូវជ្រើសរើសមួយណា ជំហ៊ានដំបូងអ្នកត្រូវជម្រុះជម្រើសដែលមិនសូវសំខាន់ចោល ទុកតែ២ទៅ៣ជម្រើសសម្រាប់ធ្វើការវិភាគម្តងទៀតឲ្យបានល្អិតល្អន់ រួចហើយសឹមរើសយកមួយចុងក្រោយ។
២. គិតពីគុណសម្បត្តិ និងគុណវិបត្តនៃជម្រើសទាំងនោះ
តិចនិកនេះដែរ អ្នកគួរសរសេរត្រួសៗអំពីគុណសម្បត្តិ និងគុណវិបត្តិនៃជម្រើសរើសនោះ រួចអ្នកត្រូវថ្លឹងថ្លែងជម្រើសណាដែលមានគុណសម្បត្តិច្រើនជាង ហើយជម្រើសណាដែលអាចធ្វើឲ្យអ្នកឈានដល់គោលដៅបានលឿន។
៣. គិតថាពេលវេលារបស់អ្នកគឺសំខាន់
អ្នកត្រូវដាស់តឿនខ្លួនអ្នកថា ពេលវេលារបស់អ្នកគឺជាមាសប្រាក់ ដូច្នេះអ្នកត្រូវធ្វើសេចក្តីសម្រេចចិត្តឲ្យបានលឿន និងមានប្រសិទ្ធិភាពបំផុត។ លើសពីនេះទៅទៀត អ្នកត្រូវឧស្សាហ៏សួរខ្លួនអ្នកថា “តើអ្នកចំណាយ និងខាតបង់ប៉ុណ្ណាប្រសិនបើអ្នកមិនធ្វើការសម្រេចចិត្តនោះ?”
៤ .ការតាំងសមាធិ
ការតាំងសមាធិ គឺប្រសើរខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប។ ការសមាធិនឹងធ្វើឲ្យអ្នកស្ងប់អារម្មណ៏ ខួរក្បាលស្រឡះល្អ។ អ្នកគួរចំណាយពេលយ៉ាងតិច១០នាទីក្នុងការធ្វើសមាធិ ដើម្បីជួយសម្រួលដល់ខួរក្បាលរបស់អ្នកដំណើរការបានល្អ គិតបានលឿន ច្បាស់ និងមានប្រសិទ្ធិភាពបំផុត។
៥. ត្រូវប្រាកដថាការសម្រេចចិត្តចុងក្រោយនឹងមានភាគរយរីកចម្រើនខ្ពស់
បន្ទាប់ពីអ្នកបានប្រតិបត្តិ៤វិធីខាងលើមក ដំណាក់កាលចុងក្រោយនេះ គឺអ្នកត្រូវប្រាកដថាការសម្រេចចិត្តយកជម្រើសចុងក្រោយរបស់អ្នកនឹងផ្តល់ប្រយោជន៏ និងសម្រេចដល់គោលដៅដែលអ្នកចង់បាន ព្រោះ៤វិធីខាងលើគឺជាកត្តាជម្រុញដ៏ខ្លាំងក្លាដែលអាចកំណត់ថាជម្រើសដែលអ្នកជ្រើសគឺមានភាគរយជោគជ័យខ្ពស់បំផុត៕
