Malcom Gladwell អ្នកនិពន្ធសៀវភៅដ៏ល្បីឈ្មោះ ៖ សហគ្រិនមិនត្រូវគិតបែបងាប់ក្រឡា

4749

Malcom Gladwell ជាអ្នកនិពន្ធ អ្នកកាសែត និងមានសមត្ថភាពនិយាយជាសាធារណៈបានយ៉ាងល្អទៀតផង។ ស្នាដៃសៀវភៅរបស់គាត់ទាំងអស់មានដូចជា The Tipping Point, Blink, Outliers, What the Dog Saw និង David Goliath។ សៀវភៅរបស់លោកសុទ្ធសឹងចាត់ចូលជាចំណាត់ថ្នាក់លក់ដាច់បំផុត មិនតែប៉ុណ្ណោះសូម្បីតែមហាសេដ្ឋីពិភពលោកដូចជា Bill Gate ក៏ណែនាំអោយអានសៀវភៅរបស់លោកផងដែរ។​

មានពាក្យទូន្មានច្រើនណាស់មិនថានៅក្នុងសៀវភៅឬតាមរយៈការចែករំលែកពីបុគ្គលជោគជ័យមួយចំនួននោះទេ ភាគច្រើនណែនាំអោយយើងផ្តោតទៅលើតែរឿងមួយប៉ុណ្ណោះ។ វាមានន័យថា បើយើងពូកែឬជំនាញផ្នែកអ្វីមួយហើយ យើងគួរតែបង្វែរចំណាប់អារម្មណ៍ផ្តោតតែទៅលើរឿងនោះមួយទៅបានហើយ។ ផ្ទុយគ្នាពីការយល់ខាងលើ Malcom Gladwell លើកឡើងនូវចំណុចធំៗទាំង៤ដែលសហគ្រិនមិនគួរគិតបែបងាប់ក្រឡាឬផ្តោតទៅលើតែមួយជ្រុង៖

១. សហគ្រិនភាពត្រូវការភាពច្នៃប្រឌិត

Gladwell​ យល់ថាភាពច្នៃប្រឌិតគឹជាតម្រូវការសម្រាប់អ្នកធ្វើជំនួញគ្រប់រូប ដូច្នេះប្រសិនបើយើងផ្តោតទៅលើតែចំណុចមួយ វាប្រៀបបានដូចជាយើងកំពុងតែដាក់ដែនកំណត់អោយខ្លួនឯង។ បន្ថែមពីនោះទៅទៀត គាត់លើកឡើងថា​​ “នៅក្នុងជីវិតយើងគ្រប់រូប ចូរកុំសម្រេចចិត្តលើរឿងណាមួយដែលនឹងកំណត់នូវជម្រើសរបស់យើង។” តាមពិតយើងម្នាក់ៗគីជាអ្នកបង្កើតជម្រើស ដូច្នេះយើងមិនត្រូវបានកំណត់ដោយជម្រើសណាមួយដើម្បីជាកំហិតត្រូវតែជ្រើសរើសនោះទេ។

២. សហគ្រិនចាំបាច់ត្រូវហ៊ានសាកល្បង

Gladwell តែងតែមានអារម្មណ៍ដឹងគុណជានិច្ចចំពោះការសាកល្បងក្នុងការសរសេរសៀវភៅដំបូងបង្អស់របស់គាត់។ កាលពីដំបូងឡើង គាត់គ្រាន់តែជាអ្នកប្រឹក្សាផ្នែកព័ត៌មានវិទ្យា។ វាជារឿងដ៏គួរអោយអស់សំណើចមួយដែលអ្នកផ្តល់យោបល់ផ្នែកព័ត៌មានវិទ្យាបង្វែរចំណាប់អារម្មណ៍មកសរសេរសៀវភៅ។ ប៉ុន្តែនៅទីបំផុត គាត់បែរជាទទួលបានការគាំទ្រពីសំណាក់អ្នកអានរាប់លាននាក់ក្នុងពិភពលោក និងក្លាយជាកវីនិពន្ធដ៏ល្បីមួយរូប។ ដូច្នេះហើយ ប្រសិនបើគាត់មិនហ៊ានសាកល្បងអ្វីដែលផ្ទុយពីជំនាញគាត់ពីថ្ងៃដំបូង គាត់នឹងមានអ្វីដែលសព្វថ្ងៃគាត់មាននោះឡើយ។ Gladwell តែងតែលើកទឹកចិត្តអោយយើងម្នាក់ៗរៀនចាប់យកឱកាសក្នុងការសាកល្បងធ្វើរឿងថ្មីៗ ពីព្រោះយើងនឹងស្វែងរកឃើញនូវអ្វីដែលយើងធ្វើមិនបានល្អ មុនពេលដែលយើងរកឃើញរឿងដែលយើងយល់ថាយើងចាំបាច់ត្រូវតែធ្វើ។

៣. ការផ្លាស់ប្តូរអាចនឹងមានតម្លៃដែលស្មានមិនដល់

រឿងមួយដែលល្អបំផុតក្នុងការក្លាយជាសហគ្រិនគឺជាបុគ្គលដែលមានសមត្ថភាពក្នុងការផ្លាស់ប្តូរទិសដៅនៃមុខជំនួញ។ ក្នុងការធ្វើជំនួញ យើងត្រូវសាកល្បងគំនិតឬក៏ការសន្និដ្ឋានផ្សេងៗគ្នាដើម្បីអោយដឹងថាតើវិធីសាស្រ្តណាមួយដែលមានប្រសិទ្ធភាពក្នុងអាជីវកម្មរបស់យើង? ដូច្នេះហើយទើបពេលខ្លះការផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែអាចហុចផលនូវសមិទ្ធផលជាវិជ្ជមានដល់យើង។ ប្រសិនបើយើងមិនភ័យខ្លាចក្នុងការបរាជ័យ វានឹងក្លាយជារឿងមិនគួរអោយជឿនូវអ្វីដែលយើងអាចសម្រេចបាននៅពេលដែលយើងអោយខ្លួនឯងនូវសេរីភាពមួយទៅលើការផ្លាស់ប្តូរ។

៤. ការហ៊ានប្រឈមមុខក្នុងការខុសប្លែកពីអ្នកដទៃ

ក្នុងការបើកអាជីវកម្ម យើងតែងចង់បានគំនិតថ្មីនិងខុសប្លែកពីអ្នកដទៃ។ Gladwell សង្កត់ធ្ងន់ថា “​គ្មានអ្វីដែលថ្មីនៅលើលោកនេះទេ។ ការងារដែលខ្ញុំធ្វើហើយអ្វីដែលខ្ញុំសរសេរមិនខុសប្លែកពីអ្នកដទៃដែលសរសេរមុនៗនោះទេ ប៉ុន្តែរឿងមួយដែលខ្ញុំច្បាស់ក្នុងចិត្តនោះគឺខ្ញុំមានអ្វីដែលតំណាងអោយខ្ញុំ។

មានសហគ្រិនជាច្រើនព្យាយាមចង់បាននូវគំនិតថ្មីៗ ប៉ុន្តែធាតុពិត ភាពថ្មីស្រឡាងមិនអាចទៅរួចនោះទេ។ ពួកយើងមិនចាំបាច់ត្រូវតែមានភាពច្នៃប្រឌិតថ្មីដូច Elon Musk និង Jeff Bezos នោះទេ។ ពួកគេមានវីធីក្នុងការស្វែងរកគំនិតថ្មីៗរួចទៅហើយ ដូច្នេះហេតុអ្វីយើងត្រូវដើរតាមផ្លូវរបស់ពួកគេ? អ្វីដែលយើងត្រូវធ្វើគឺកុំកំណត់ជម្រើសអោយខ្លួនឯង និងបត់បែនទៅតាមអ្វីដែលយើងអោយនិយមន័យលើខ្លួនឯង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.