ពន្ធកាត់ទុកគឺជាអ្វី? ហេតុអ្វីបានជាត្រូវបង់?

12462

ពន្ធកាត់ទុក គឺជាពន្ធដែលត្រូវបានកាត់ទុកដោយអ្នកជាប់ពន្ធនិវាសនជនលើការទូទាត់ប្រាក់ចំណាយមួយចំនួនដែលធ្វើឡើងជាសាច់ប្រាក់ ឬ ជាវត្ថុឲ្យអ្នកជាប់ពន្ធនិវាសនជន(ជនជាតិខ្មែរ) និងអនិវាសនជន(ជនជាតិបរទេសដែលមករស់នៅក្នុងប្រទេសកម្ពុជា)។ អ្នកជាប់ពន្ធនិវាសនជនប្រកបអាជីវកម្មទាំងអស់ត្រូវប្រមូលពន្ធកាត់ទុក។ ពន្ធកាត់ទុកដែលប្រមូលបានត្រូវបង់ទៅឲ្យអគ្គនាយកដ្ឋានពន្ធដារ។ អ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្ម ដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុ ឱ្យដល់អ្នកជាប់ពន្ធនិវាសនជន ត្រូវកាត់ទុក និងបង់ប្រាក់ពន្ធទៅតាមអត្រាកំណត់ដូចខាងក្រោមលើការទូទាត់មុនការកាត់ទុកប្រាក់ពន្ធ៖

    • អត្រា ១៥ ភាគរយចំពោះ
      • ប្រាក់ចំណូលដែលរូបវន្តបុគ្គលបានទទួលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល
      • សួយសារចំពោះទ្រព្យអរូបី(royalties for intangible) និងភាគកម្មក្នុងធនធានរ៉ែ ហើយនិងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជនដែល ប្រកបអាជីវកម្ម ដែលមិនមែនជាធនាគារ ឬស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន
    • អត្រា ១០ ភាគរយ ចំពោះប្រាក់ចំណូលពីការជួលចលន ឬអចលនទ្រព្យ
    • អត្រា ៦ ភាគរយ ចំពោះការប្រាក់ដែលធនាគារ ឬស្ថាប័នសញ្ជ័យក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជនដែល មានគណនីបញ្ញើមានការកំណត់ (Fix Diposit)
    • អត្រា ៤ ភាគរយ ចំពោះការប្រាក់ដែលធនាគារ ឬស្ថាប័នសញ្ជ័យក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជនដែល មានគណនីសន្សំគ្មានការកំណត់ (Current Deposit)។
  • ការកាត់ទុកក្នុងមាត្រានេះមិនត្រូវអនុវត្តទេចំពោះការប្រាក់ដែលបង់ឱ្យធនាគារ និងស្ថាប័នសញ្ជ័យធនក្នុងស្រុក និងការទូទាត់ចំពោះប្រាក់ចំណូលលើកលែងពន្ធដូចមានចែងក្នុងមាត្រា ៩ ថ្មីនៃច្បាប់នេះ។

– អ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្ម ដែលបានទូទាត់ប្រាក់ចំណូលខាងក្រោមនេះ ឱ្យទៅអ្នកជាប់ពន្ធអនិវាសនជន (ជន ឬក្រុមហ៊ុនបរទេសដែលមកប្រកបរបរនៅក្នុងប្រទេសកម្ពុជា) ត្រូវកាត់ទុកនិងបង់នូវប្រាក់ពន្ធ ចំនួន ១៤ ភាគរយនៃទឹកប្រាក់ត្រូវបើកៈ

  • ការប្រាក់
  • សួយសារ ថ្លៃឈ្នួល និងប្រាក់ចំណូលផ្សេងៗ ទាក់ទិននឹងការប្រើប្រាស់ទ្រព្យសម្បត្តិ
  • ការទូទាត់ចំពោះសេវាគ្រប់គ្រង និងសេវាបច្ចេកទេសនានា ដែលនិងត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ភាគលាភ
  • ពន្ធកាត់ទុកលើការទូទាត់ឱ្យដល់អ្នកជាប់ពន្ធនិវាសនជនតាមមាត្រា ២៥ថ្មី នៃច្បាប់នេះ និងពន្ធការទុកលើការទូទាត់ឱ្យដល់ អនិវាសនជនតាមមាត្រា ២៦ថ្មីនៃច្បាប់នេះ ត្រូវចាត់ទុកថាជាពន្ធចុងក្រោយសម្រាប់អ្នកទទួលការទូទាត់ដែលមានបញ្ជាក់ក្នុង មាត្រាទាំង២ ខាងលើនេះ។

ការលើកលែងពន្ធ

ពន្ធកាត់ទុកត្រូវបានលើកលែងចំពោះការទូទាត់ចំណាយ៖

  • បង់ការប្រាក់ឲ្យធនាគារ (មិនកាត់ពន្ធទុកទេ ប៉ុន្តែបើធនាគារបង់ការប្រាក់ឲ្យអ្នកផ្ញើលុយនៅធនាគារ គឺជាប់ពន្ធ ៦% សម្រាប់គណនី Fix deposit និង ៤% សម្រាប់គណនី Current deposit)
  • ការទូទាត់ថ្លៃចំណាយឲ្យរដ្ឋាភិបាល ឬស្ថាប័នគ្រប់គ្រងដោយរដ្ឋ គឺមិនកាត់ពន្ធទេ
  • ការទូទាត់ចំណាយបើកប្រាក់ខែ និងអត្ថប្រយោជន៍បន្ថែមឲ្យបុគ្គលិក គឺមិនកាត់ពន្ធទេ ព្រោះជាប់ពន្ធប្រាក់បៀវត្សរួចទៅហើយ
  • អត្រាការប្រាក់ដែលរដ្ឋាភិបាល បង់ទៅឲ្យអនិវាសនជន(កម្ចីដែលរដ្ឋខ្ចីពីបរទេស)
  • ការទូទាត់ប្រាក់ចំណូលពីការបំពេញសេវានានារួមមានទាំងការគ្រប់គ្រង ឬការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែលរបស់សហគ្រាសនីតិបុគ្គលដែលបានចុះបញ្ជីជាសហគ្រាសជាប់ពន្ធតាមរបបពិត។

ឧទាហរណ៍១ ៖ លោក សុខ ជានិវាសនជន គាត់គឺជាជាងជួសជុលម៉ាស៊ីនត្រជាក់ ហើយថ្ងៃមួយក្រុមហ៊ុន ABC បានហៅគាត់ឲ្យទៅជួយជុលម៉ាស៊ីនត្រជាក់។ ក្រោយពេលបំពេញការងាររួចគាត់ក៏បានទទួលប្រាក់ឈ្នួល ២០០$។ ចូរគណនាពន្ធកាត់ទុកដែលក្រុមហ៊ុនបានកាត់ពីលោក សុខ។

មូលដ្ឋានគិតពន្ធ

= ២០០$ x ១៥% = ៣០$

ប្រាក់ពន្ធដែលត្រូវក្រុមហ៊ុនកាត់ទុកពីលោក សុខ នោះគឺ ៣០$

ឧទាហរណ៍២៖ ក្រុមហ៊ុន XYZ បានបង់ចំណាយថ្លៃជួលផ្ទះទៅឲ្យលោក សាន ចំនួន ១០០០$ ។ ចូរគណនាពន្ធកាត់ទុកដែលក្រុមហ៊ុន XYZ ត្រូវកាត់ទុកពីលោក សាន។

មូលដ្ឋានគិតពន្ធ = ១០០០$ x ១០% = ១០០$

ប្រាក់ពន្ធដែលក្រុមហ៊ុន XYZ កាត់ទុកពីលោក សាន គឺ ១០០$

ឧទាហរណ៍៣៖ ក្រុមហ៊ុន XYZ ចំណាយបង់ការប្រាក់ឲ្យធនាគារ MayBank ម៉ាឡេស៉ី ចំនួន ៥០០០$។

ពន្ធកាត់ទុកជាប់អត្រា ១៤% = ៥០០០$ x ១៤% = ៧០០$

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។