ប្រយោជន៍នៃការចេះប្រើប្រាស់ពេលវេលាឲ្យបានត្រឹមត្រូវគឺសំខាន់ខ្លាំងណាស់ ហើយបច្ចុប្បន្ននេះយុវវ័យកម្ពុជាកំពុងតែប្រឈមជាមួយផលវិបាកនៃការគ្រប់គ្រងពេលវេលានេះ ដោយសារតែកត្តាសង្គម និងបច្ចេកវិទ្យាកានតែទំនើប ធ្វើឲ្យពួកគេកាន់តែចំណាយពេលវេលាកាន់តែច្រើនលើរឿងទាំងនោះ។ កម្រិតសិក្សារបស់សិស្ស និស្សិត មានការធ្លាក់ចុះដោយសារពួកគេចំណាយពេលលើ Game, Facebook, Instagram និង TikTok ច្រើន រហូតដល់ពន្យាពេលធ្វើកិច្ចការសាលា និងរំលឹកមេរៀនជាដើម។
ប្រសិនបើអ្នកគិតថារាល់ថ្ងៃអ្នកកំពុងតែប្រើពេលវេលាមិនបានល្អ អ្នកគួរតែមើលឡើងវិញថាក្នុងមួយថ្ងៃអ្នកចំណាយពេលធ្វើអ្វីខ្លះ។ ខាងក្រោមនេះគឺជាតិចនិកមួយចំនួន ដែលវាអាចជួយអ្នកដើម្បីពង្រឹងការគ្រប់គ្រងពេលវេលាឡើងវិញ។
១. ដឹងពីគោលដៅប្រចាំថ្ងៃ
នៅពេលអ្នកក្រោកពីដំណេករាល់ព្រឹក អ្នកត្រូវដឹងថាក្នុងថ្ងៃហ្នឹងអ្នកចង់ធ្វើអ្វីខ្លះ។ អ្នកខ្លះ មុនពេលចូលគេង គេសរសេរអំពីការងារដែលគេត្រូវធ្វើនៅថ្ងៃស្អែក។ តើអ្នកចង់សម្រេចការងារណា? តើសកម្មភាពអ្វីដែលអ្នកចង់ធ្វើឲ្យខ្លួនឯងរីករាយ?
ធ្វើជាមនុស្សមានគោលដៅ ដឹងថាត្រូវធ្វើអ្វីខ្លះ ភាគច្រើនមនុស្សបែបនេះតែងតែមានចំហាយថាមពលខុសពីមនុស្សធម្មតា។ តើអ្នកនឹងមានអារម្មណ៍បែបណាបើអ្នកអាចសម្រេចកិច្ចការដែលអ្នកចង់ធ្វើប្រចាំថ្ងៃបាន?
២. កុំទុកការងារចោល
មនុស្សជាច្រើនចំណាយពេលភ័យព្រួយពីការងារដែលខ្លួនត្រូវធ្វើ ជាជាងចំណាយពេលទៅធ្វើការងារទាំងនោះ។ នៅពេលអ្នកទុកការងារចោល អារម្មណ៍របស់អ្នកនឹងវិលវល់លើការងារទាំងនោះ ហើយចិត្តរបស់អ្នកចាប់ផ្តើមនៅមិនស្ងប់ ទោះបីជាអ្នកទុកការងារចោលដើម្បីទៅជួបគូរស្នេហ៍ ជួបមិត្តភក្តិ ឬធ្វើអ្វីផ្សេងទៀតក៏ដោយ។ ដូច្នេះដើម្បីជៀសវាងការគ្រប់គ្រងពេលវេលាបំពេញកិច្ចការនានា និងរំខានអារម្មណ៍ កុំទុកការងារចោល។
៣. កំណត់ពេលបញ្ចប់ការងារ
ការងារខ្លះមានកំណត់ពេលវេលាដែលអ្នកត្រូវតែធ្វើឲ្យរួចទាន់ពេលវេលា តែមានការងារខ្លះមិនមានកំណត់ពេលបញ្ចប់ទេ ដោយអ្នកជាអ្នកកំណត់ដោយខ្លួនឯង។ រឿងដែលយើងត្រូវនិយាយគ្នានោះគឺការងារដែលអ្នកត្រូវកំណត់ថាវាត្រូវធ្វើឲ្យរួចរាល់នៅពេលណាដោយខ្លួនឯង។ អ្នកប្រាកដជាធ្លាប់ជួបក្នុងជីវិតរស់នៅរបស់អ្នក ពេលខ្លះអ្នកប្តេជ្ញាថានឹងធ្វើកិច្ចការណាមួយឲ្យហើយក្នុងពេលកំណត់ណាមួយ ប៉ុន្តែនៅពេលអ្នកចាប់ផ្តើមធ្វើ ស្រាប់តែមានអារម្មណ៍ចង់អ្វីមួយផ្សេងទៀត ហើយក៏ពន្យាពេលសម្រេចការងារមុនសិន ឬពេលខ្លះក្នុងពេលសម្រេចការងារនោះ មានរឿងរ៉ាវ ឬមានគេមកបបួលទៅនេះទៅនោះ ហើយនៅពេលដែលមកចូលធ្វើការងារវិញ ក៏មានអារម្មណ៍លែងចង់ធ្វើដូចមុន។ ដូច្នេះការកំណត់ពេលវេលាសម្រាប់បំពេញការងារគឺជាគន្លឹះសំខាន់មួយក្នុងការគ្រប់គ្រងពេលវេលាឲ្យបានល្អ។
៤. ឈប់ធ្វើការច្រើនមុខពេកក្នុងពេលតែមួយ
នេះគឺជារឿងក្តៅមួយសម្រាប់និស្សិតកម្ពុជាដែលរៀនពីរ ឬបីសាលាក្នុងពេលតែមួយ។ ភាគច្រើននៃពួកគេរអ៊ូថាពិបាកគ្រប់គ្រងពេលវេលា ដោយសារតែត្រូវធ្វើការងារសាលា ត្រូវរំលឹកមេរៀនមុនប្រលង គ្មានពេលលំហែអារម្មណ៍ ធុញថប់តប់ប្រមល់ កើតជំងឺបាក់ទឹកចិត្ត…។ មានសមត្ថភាពធ្វើការងារច្រើនក្នុងពេលតែមួយគឺជាការល្អ ប៉ុន្តែចូរគិតអំពីគុណភាព និងប្រសិទ្ធភាព។ អ្នកគួរតែផ្តោតលើកិច្ចការមួយ ហើយសម្រេចវាឲ្យបានលទ្ធផលល្អ សឹមទៅចាប់ការងារមួយទៀត។
៥. សម្រាក
ការគ្រប់គ្រងពេលវេលាឲ្យបានល្អ មិនមែនមានន័យថាស្តាយពេល ត្រូវតែខំធ្វើការយកស្លាប់រស់នោះទេ។ ក្នុងមួយថ្ងៃមាន ២៤ម៉ោង ក៏ត្រូវមានចំណែកពេលវេលាសម្រាប់គេង (ល្អបំផុត៨ម៉ោងក្នុងមួយថ្ងៃ) ពេលញាំ ពេលលំហែកាយ ពេលរៀនសូត្រ និងពេលហាត់ប្រាណផងដែរ។
មិនថាអ្នកស្រលាញ់លុយប៉ុណ្ណាក៏ដោយ បើអ្នកខំប្រឹងរកលុយបានមកហើយ មិនចាយវាយខ្លះដើម្បីខ្លួនឯងសប្បាយ ដើម្បីសុខភាព ដើម្បីសង្គម តើរកលុយមកដើម្បីអ្វី?
