រឿង ៤ ដែលអ្នកគួរដឹងពីម្ចាស់ក្រុមហ៊ុនលក់រាយលំដាប់ពិភពលោក Walmart

1077

ក្នុងអំឡុងដើមទសវត្សឆ្នាំ ១៩៦០ លោក Sam Walton បានបង្កើតឃ្លាំងលក់រាយទំនិញគ្រប់ប្រភទលើកដំបូង ខណៈដែលលោកមានវ័យ ៤៤ឆ្នាំទៅហើយ។ ឃ្លាំងនោះស្ថិតនៅក្នុងទីក្រុង Bentonville រដ្ឋអាកានសាស សហរដ្ឋអាមេរិក។

រហូតដល់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ១៩៦២ ឃ្លាំងលក់រាយទំនិញចម្រុះយីហោឈ្មោះ Walmart របស់លោក Walton បានទទួលការគាំទ្រយ៉ាងច្រើនពីពលរដ្ឋអាមេរិក ព្រមទាំងបានក្លាយជា Brand ដ៏ល្បីល្បាញ និងធំបំផុត ដោយមានទីតាំងលក់រហូតដល់ជាង ១០,០០០ កន្លែងទូទាំងសកលលោក។

លោក Sam Walton បានទទួលអនិច្ចកម្មក្នុងឆ្ណាំ ១៩៩២ ប៉ុន្តែ តើ Walton ប្រកាន់គោលការណ៍បែបណាខ្លះដែលជំរុញឱ្យលោកសម្រេចបានជោគជ័យមហាសាលក្នុងនាមជាសហគ្រិនក្នុងគ្រាដែលលោកជាក្បាលម៉ាស៊ីនរបស់ Walmart? ខាងក្រោមនេះគឺរឿងសំខាន់ ៤ដែលគួរដឹងពី Sam Walton៖

. យល់ពីតម្លៃនៃលុយ

Sam Walton មិនចូលចិត្តជីវិតបែបហ៊ឺហាដូចមនុស្សទូទៅឡើយ ប៉ុន្តែគាត់ចូលចិត្តជីវិតដែលមានតុល្យភាពលើការចាយវាយសមហេតុផល។ Walton មើលឃើញម្ចាស់ក្រុមហ៊ុនជាច្រើនដែលសម្រេចចិត្តលក់ក្រុមហ៊ុនរបស់ពួកគេដើម្បីប្តូរយកប្រាក់មកភ្លក់រសជាតិនៃបទពិសោធន៍ធ្វើជាអ្នកមាន ក៏ប៉ុន្តែមិនយូរប៉ុន្មានពួកគេទាំងនោះក៏ត្រូវធ្លាក់ខ្លួនជាបន្តបន្ទាប់។ Walton ជឿថា ការផ្តល់តម្លៃដល់អតិថិជន គឺជាការជួយសន្សំប្រាក់របស់ពួកគេ ដែលក្រោយមកវាបានក្លាយជាបាវចនាដំសំខាន់របស់ Walmart មួយគឺ “Save Money, Live Better” ឬមានន័យថា “សន្សំប្រាក់ ជីវិតនឹងប្រសើរឡើង”។

. រៀនពីកំហុសដើម្បីរក្សាភាពជោគជ័យ

បន្ទាប់ពីរយៈពេល ៥ឆ្នាំនៃការប្រឹងប្រែងដ៏ខ្លាំងក្លាក្នុងរដ្ឋអាកានសាស ចុងក្រោយលោក Walton បានវ៉ាដាច់ក្រុមហ៊ុនគូប្រជែងដែលរកស៊ីក្នុងវិស័យតែមួយ និងបានធ្វើឱ្យ Walmart ក្លាយជាឃ្លាំងលក់រាយសម្ភារៈចម្រុះធំបំផុតក្នុងតំបន់។ ជាអកុសល គាត់ស្ទើរតែបាត់បង់អ្វីៗគ្រប់យ៉ាងដោយសារកំហុសលើកិច្ចសន្យាជួលទីតាំង។ ខណៈពេលនោះ ដោយហេតុតែមិនមានកុងត្រាជួលត្រឹមត្រូវ ម្ចាស់ដីដែល Walton កំពុងជួល បានដំឡើងថ្លៃឈ្នួលភ្លាមៗ និងចង់ឱ្យ Walton ផ្ទេរស្លាកយីហោ Walmart ដែលកំពុងល្បីល្បាញទៅកូនប្រុសរបស់ម្ចាស់ដីថែមទៀត។ រឿងនេះបានបណ្ដាលឱ្យ Sam Walton បដិសេធឈប់ជួលកន្លែងនោះឈរជើងតទៅទៀត បើទោះបីជាថ្លៃឈ្នួលកម្រិតណាក៏ដោយ។ តមកទៀត Walton ក៏ដឹងថានេះជាកំហុសដ៏ធ្ងន់របស់លោក និងបានចំនាយពេលច្រើនជាងមុនទ្វេដងស្វែងរកទីតាំងជួលថ្មី ហើយដើម្បីការពារបញ្ហាកុងត្រាជួលទីតាំងកើតឡើងដដែលម្ដងទៀត Walton ក៏បានលើកទឹកចិត្ត និងជំរុញឱ្យកូនច្បងរបស់គាត់ធ្វើជាមេធាវី។

៣. រៀនគ្រប់យ៉ាងអំពីជំនួញ

Walmart បានកាន់កាប់ឈ្មោះជាឃ្លាំងធំជាងគេក្នុងវិស័យអាជីវកម្មលក់រាយទំនិញចម្រុះអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែអ្នកដឹងទេថាតើនរណាដែលធ្វើឱ្យ Sam Walton ចាប់អារម្មណ៍រកស៊ីក្នុងជំនួញប្រភេទនេះ? នោះគឺជាជាងកាត់សក់ម្នាក់។ Walton បានស្វែងយល់ពីរបៀបដែលជាងគាត់សក់នោះពង្រីកមុខរបររបស់គេ។ លើសពីនេះ Walton បានចំណាយពេលភាគច្រើននៃថ្ងៃចុងសប្ដាហ៍របស់គាត់ទៅលេងផ្ទះបុគ្គលិកផ្នែកគ្រប់គ្រងរបស់ Walmart ដើម្បីស្វែងយល់ពីការធ្វើជំនួញ និងជជែកគ្នាអំពីអាជីវកម្មលក់រាយ។ ជួនកាលគាត់ចំណាយពេលអាហារថ្ងៃត្រង់ទៅអង្គុយនៅហាងទំនិញដែលជាគូប្រជែងដើម្បីសិក្សាពីប្រតិបត្តិការរបស់ពួកគេទៀតផង។ Walton បានឱ្យដំបូន្មានថា អ្នកត្រូវតែប្ដេជ្ញានៅក្នុងមុខជំនួញរបស់អ្នក និងជឿជាក់លើវាជាងអ្វីៗទាំងអស់។ “អ្នកគួរតែព្យាយាមរៀនរឿងរ៉ាវគ្រប់បែបយ៉ាងដែលអ្នកអាចរៀនបានអំពីជំនួញ” Sam Walton។

៤. ហ៊ានប្រកួតប្រជែង

ពាក្យដែល Walton ពេញចិត្តខ្លាំងគឺការប្រកួតប្រជែង។ គាត់បានទទួលពាក្យនេះពីម្ដាយរបស់គាត់ដែលបង្រៀនគាត់ពីភាពសំខាន់របស់ជីវិត និងព្យាយាមឱ្យបានល្អបំផុតនូវអ្វីដែលគាត់ធ្វើ។ Walton ធ្លាប់ប្រកួតក្នុងប្រភេទកីឡាជាច្រើន និងឈ្នះពានរង្វាន់ផ្សេងៗក្នុងអំឡុងពេលតែមួយ។ គាត់ក៏ធ្លាប់ធ្វើការងារជាអ្នកការពារសុវត្ថិភាពនៅកន្លែងហែលទឹកកម្សាន្ត និងធ្វើជាអ្នករត់ទុកដើម្បីប្តូរយកអាហារ។ Walton បានឈប់ចាយប្រាក់អ្នកផ្ទះភ្លាមក្រោយពេលដែលគាត់បានចូលរៀននៅថ្នាក់វិទ្យាល័យ ហើយថែមទាំងអាចសន្សំលុយបានអំឡុងពេលរៀននៅមហាវិទ្យាល័យ ខណៈដែលសហរដ្ឋអាមេរិកពេលនោះកំពុងធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងដុនដាបនៅជិតពាក់កណ្ដាលសតវត្សទី២០។ រឿងមួយទៀតដែល Sam Walton ដឹងច្បាស់បំផុតនៅក្នុងការរកស៊ីគឺថា គាត់មិនអាចជោគជ័យក្នុងវិស័យជំនួញតែម្នាក់ឯងបានទេ។ ដូច្នេះគាត់បានចំណាយធនធានជាច្រើនដើម្បីទាក់ទាញមនុស្សពូគែ និងបុគ្គលិកស្មោះត្រង់ឱ្យជួយញជ្រោមជ្រែងគាត់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕