បច្ចេកវិទ្យាសំខាន់ៗដែលបានបង្កើតឡើងកំឡុងពេលដប់ឆ្នាំចុងក្រោយនេះ

919

នៅសល់តែពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះទសវត្ស២០១០នឹងឈានចូលដល់ទីបញ្ចប់ ប៉ុន្ដែអ្នកដឹងទេថាក្នុងពេលដប់ឆ្នាំចុងក្រោយនេះ តើមានបច្ចេកវិទ្យាថ្មីៗអ្វីខ្លះដែលអាចផ្លាស់ប្ដូរការរស់នៅរបស់មនុស្សអោយកាន់តែងាយស្រួលជាងមុន? ខាងក្រោមនេះគឺបច្ចេកវិទ្យាដែលគេគិតថាមានសារៈសំខាន់ខ្លាំងសម្រាប់មនុស្សបើផ្អែកតាមគេហទំព័រ inc.com។

១.Google Assistant៖ ខុសប្លែកពីបច្ចេកវិទ្យា Artificial Intelligence ដទៃទៀតដែលអាចត្រឹមតែនិយាយ ចំណាំមុខមនុស្ស ឬលេងអុកជាមួយអ្នកបាន រីឯ Google Assistant នេះមានសមត្ថភាពលើសនឹងទៅទៀត។ បច្ចេកវិទ្យាGoogle Assistant ដែលមានភ្ជាប់នៅលើ Google Home speaker ទូរស័ព្ទ Android និង ឧបករណ៍មួយចំនួនទៀតនេះអាចមានសមត្ថភាពនិយាយទៅវិញទៅមកជាមួយមនុស្សបានបូករួមនឹងការនិយាយបែបកំប្លែងដូចមនុស្សពិតៗផងដែរ ហើយវាអាចស្ដាប់រាល់ការបញ្ជារបស់មនុស្ស និងបន្ថែមពីនេះវាអាចបកប្រែពាក្យដែលយើងនិយាយបានដល់ទៅ២៧ភាសាឯណោះ។ បើប្រៀបធៀបពីការយល់ដឹងរបស់ Google Assistant ទៅនឹង Alexa របស់ Amazon ឬ Siri គឺខុសគ្នាដាច់តែម្ដង។

២.Crispr៖ នេះគឺជាបច្ចេកវិទ្យាដែលអាចកែប្រែហ្សែនរបស់ភាវៈមានជីវិតបានដោយវាអាចយកចេញនូវសរសៃ DNA ដែលមិនល្អនិងបង្កជម្ងឺដល់សារពាង្គកាយនោះ ហើយបញ្ចូលមកវិញនូវសរសៃ DNA ថ្មីដែលល្អជាងមុន។ បច្ចេកវិទ្យានេះត្រូវបានអ្នកវិទ្យាសាស្ត្រកំពុងសិក្សាស្រាវជ្រាវដើម្បីព្យាបាលជម្ងឺទាក់ទងនឹងគ្រាប់ឈាមក្រហម (SCA) ក៏ដូចជាមហារីកផងដែរ។ បច្ចុប្បន្ននេះសាកលវិទ្យាល័យ Berkeley និង MIT កំពុងតែមានជម្លោះខាងកម្មសិទ្ធបញ្ញាថាតើនរណាជាម្ចាស់គ្រប់គ្រងលើបច្ចេកវិទ្យានេះ។

៣.កាំជ្រួចដែលអាចប្រើប្រាស់វិញបានរបស់ SpaceX៖ កាលពីមុនកាំជ្រួចដែលគេប្រើប្រាស់ដើម្បីបាញ់ទៅក្រៅភពផែនដីមិនអាចប្រើប្រាស់ឡើងវិញបានឡើយ ប៉ុន្ដែក្រោយពេលការខិតខំអភិវឌ្ឍអស់ពេលប៉ុន្មានឆ្នាំរបស់ SpaceX នៅខែធ្នូឆ្នាំ២០១៥ កាំជ្រួចដែលមានឈ្មោះថា Falcon 9 ត្រូវបានគេបញ្ចូនទៅក្នុងទីអាវកាសបន្ទាប់មកវាក៏បានចុះចតដោយសុវត្ថិភាពវិញនៅ Cape Canaveral រដ្ឋ Florida។ បច្ចេកវិទ្យានេះអាចនឹងបើកផ្លូវដល់ការធ្វើដំណើរកំសាន្ដក្រៅភពផែនដីនាពេលអនាគត ហើយវាក៏នឹងជំរុញដល់ការប្រឡូកចូលក្នុងវិស័យនេះរបស់ក្រុមហ៊ុនជាច្រើនផងដែរ។

៤.iPad៖ នៅពេលចេញលក់ដំបូង ឧបករណ៍មួយនេះត្រូវបានមនុស្សជាច្រើនសើចចំអកដោយសារតែឈ្មោះនិងរូបរាងរបស់វា ប៉ុន្ដែរហូតមកដល់ពេលនេះ iPad ចំនួន៤០០លានគ្រឿងត្រូវបានលក់ចេញនៅទូទាំងពិភពលោក ហើយក្រុមហ៊ុនជាច្រើនក៏បានបង្កើត Tablet ដើម្បីប្រកួតប្រជែងជាមួយនឹង iPad ផងដែរ។ បច្ចុប្បន្ននេះ iPad បានជួយសម្រួលដល់ការរស់នៅរបស់យើងជាច្រើនមិនថានៅក្នុងហាងលក់ចំណីអាហារ លក់ទំនិញរាយ សាលារៀន អចលនទ្រព្យ ឬ សុខាភិបាលនោះទេ គឺការប្រើប្រាស់របស់វាមានភាពទូលំទូលាយ។

៥.ឡានបើកបរដោយខ្លួនឯង៖ កាលពីពាក់កណ្ដាលទសវត្ស២០១០នេះក្រុមហ៊ុន Google និង​ Apple បានសាកល្បងរថយន្ដបើកបរអូតូម៉ាទិចរបស់ខ្លួនដោយស្ងាត់ៗ ប៉ុន្ដែឥឡូវនេះក្រុមហ៊ុនផលិតឡានជាច្រើន ក៏ដូចជាក្រុមហ៊ុនហៅរថយន្ដតាក់ស៊ីដូចជា Lyft និង​ Uber កំពុងតែវិនិយោគលើបច្ចេកវិទ្យានេះផងដែរ។ អ្នកដំណើរក្នុងទីក្រុងមួយចំនួនដូចជា Pittsburgh និង Phoenix អាចហៅដំណើរហៅតាក់ស៊ីដែលបើកបរដោយខ្លួនឯងជិះបាន ប៉ុន្ដែរថយន្ដទាំងនោះកំពុងតែស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយទេ។ តាមការវាយតម្លៃរបស់អ្នកគាំទ្របច្ចេកវិទ្យានេះបាននិយាយថានាពេលអនាគត ឡានបើកបរដោយខ្លួនឯងនឹងកាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រហូតដល់ទៅ៩០ភាគរយឯណោះ ប៉ុន្ដែក៏មានមនុស្សមិនគាំទ្រផងដែរដូចជាអ្នកបើកតាក់ស៊ី និង ឡានដឹកទំនិញព្រោះពួកគាត់អាចនឹងបាត់បង់ការងារ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។