ការគិតច្រើនកើតឡើងញឹកញាប់បំផុត ជាពិសេសក្នុងពេលយុវវ័យដែលអ្នកត្រូវគិតពីមុខជំនាញនៃការសិក្សា ការជ្រើសរើសការងារ ការសេពគប់ដៃគូ ការបើកអាជីវកម្ម រឿងលុយ និងរឿងផ្សេងៗជាច្រើនទៀត។ អ្វីដែលសំខាន់គឺនៅពេលដែលអ្នកកាន់តែជួបរឿងខកចិត្ត និងភាពបរាជ័យ អ្នកនឹងកាន់តែគិតច្រើន។ ហើយគំនិតទាំងនោះសុទ្ធសឹងជាការគិតអវិជ្ជមាន និងជាគំនិតដែលបិទផ្លូវខ្លួនឯងមិនអោយឃើញភាពស្រស់ស្អាតនៃជីវិតបាន។ ខាងក្រោមនេះគឺជាបទពិសោធន៍ខ្លះៗពីអ្នកសរសេរដែលអ្នកអាចយកទៅអនុវត្តបានដើម្បីកាត់បន្ថយការគិតច្រើនរបស់អ្នក៖
១. កុំទុកខ្លួនឯងអោយទំនេរឥតប្រយោជន៍
មនុស្សយើងអោយតែទំនេរច្រើនពេក ការគិតផ្សេងៗឥតរបៀបរៀបរយក៏ចេះតែមានច្រើនឡើង។ ហេតុដូច្នេះហើយ ចូររកការងារមកឱ្យខ្លួនឯងធ្វើអោយបានច្រើន។ នៅពេលយើងកាន់តែរវល់ យើងនឹងមានអារម្មណ៍ថាខ្លួនឯងជាមនុស្សមានន័យបំផុត។ យើងនឹងគ្មានពេលមកគិតពីរឿងអវិជ្ជមានទាំងឡាយដែលកើតឡើងមកលើយើងនោះទេ។
២. បង្កើតចំណង់ចំណូលចិត្តថ្មី
យើងអាចរៀនពីអ្វីថ្មីៗដែលយើងមិនធ្លាប់បានធ្វើពីមុនមក។ ឧទាហរណ៍ៈ លេងហ្គីតា ហែលទឹក ធ្វើម្ហូប ។ល។ ការរៀនបែបនេះមិនត្រឹមតែជួយអោយរវល់ប៉ុណ្ណោះទេ តែថែមទាំងអោយយើងដឹងពីចំណង់ចំណូលចិត្តយើងបន្ថែមទៀត។ យើងអាចយកអ្វីដែលយើងចូលចិត្តមកច្នៃជាជំនាញដែលយើងអាចយកទៅរកស៊ីបានទៀតផង។
៣. អានសៀវភៅ
អ្នកអាចជ្រើសរើសប្រភេទសៀវភៅណាដែលអ្នកចូលចិត្ត។ វាអាចជាប្រភេទប្រលោមលោក នយោបាយ ប្រវត្តិសាស្រ្ត ការលើកទឹកចិត្ត និងប្រភេទផ្សេងៗទៀត។ សព្វថ្ងៃនេះ ស្នាដៃសៀវភៅមានច្រើនណាស់ទាំងក្នុងស្រុកនិងក្រៅស្រុក ដូច្នេះអ្នកអាចជ្រើសរើសមួយក្នុងចំណោមនោះយកមកអានបាន។ ការអានទាំងអស់សុទ្ធតែផ្តល់អោយអ្នកនូវមេរៀននិងខ្លឹមសារនៃជីវិត។ សូមកុំគិតថា ទាល់តែអ្នកសៀវភៅអ្នកប្រាជ្ញ និងកំពូលអ្នកដឹកនាំទើបមានប្រយោជន៍។ បើទោះបីជាអានប្រលោមលោក ក៏អ្នកនៅតែអាចរៀនពីបទពិសោធន៍តួអង្គនៅក្នុងរឿង ភាពតស៊ូ និងការសម្រេចចិត្តរបស់ពួកគេម្នាក់ៗ។ ការទម្លាប់អានសៀវភៅនឹងជួយបើកការគិតរបស់អ្នកអោយទូលាយជាងមុន គិតល្អៗចំពោះខ្លួនឯងច្រើនជាងមុន និងមើលឃើញពិភពលោកស្រស់ស្អាតជាងមុន។
៤. បង្កើនទំនាក់ទំនងល្អជាមួយមនុស្សវិជ្ជមាន
មនុស្សមួយចំនួនមានមិត្តច្រើនរាប់មិនអស់ ប៉ុន្តែគេនៅតែក្លាយជាមនុស្សឯកា និងគិតច្រើនបំផុតពេលដែលនៅតែម្នាក់ឯង។ ពេលខ្លះមិនប្រាកដថាមានមនុស្សច្រើនជុំវិញខ្លួន យើងនឹងមានអារម្មណ៍ល្អនោះទេ។ ចូររកមិត្តដែលមានគុណភាព គឺជាប្រភេទមិត្តដែលផ្តល់បទពិសោធន៍ឱ្យអ្នក ពាក្យលើកទឹកចិត្ត និងការចែករំលែកអ្វីដែលល្អៗ។
អត្ថបទខាងលើត្រូវបានដកស្រង់ចេញពីផ្នែកមួយនៃបទពិសោធន៍ជីវិតប៉ុណ្ណោះ ដូច្នេះប្រសិនបើមានអ្វីខ្វះខាតសូមអធ្យាស្រ័យ។ យ៉ាងណាមិញ ខ្ញុំនៅតែនិយាយដដែលថា បើចង់អោយខ្លួនឯងឈប់គិតច្រើន សូមកុំទុកអោយខ្លួនឯងទំនេរច្រើនពេក ពីព្រោះអ្នកនឹងកាន់តែយល់ថាខ្លួនឯងគ្មានប្រយោជន៍ទាល់តែសោះ៕
