តើអាជីវកម្មតូចអាចយកប្រៀបលើអាជីវកម្មធំដោយរបៀបណា?

1299

ក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានអាជីវកម្មធំៗជាច្រើនចូលមករកស៊ីនៅក្នុងប្រទេសយើង ហើយអាជីវកម្មទាំងនោះបានស្រូបយកអតិថិជនមួយចំនួនពីអាជីវកម្មខ្នាតតូច។ ជាធម្មតាម្ចាស់អាជីវកម្មតូចៗទាំំងនោះប្រកដជាគិតថាប្រសិនបើគេចូលមកប្រជែងហើយ យើងនឹងមិនអាចយកឈ្នះនោះទេព្រោះគេធំជាងឆ្ងាយ មានដើមទុនច្រើន ហើយមានសាខានៅគ្រប់ទីតាំងសំខាន់ៗដែលងាយទាក់ទាញអតិថិជន។ ប៉ុន្ដែអ្នកដឹងទេថាមានគន្លឹះបួនដែលអាជីវកម្មខ្នាតតូចអាចយកទៅប្រើដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗទាំងនោះ។

១.ចំនុចពិសេសលើសគេ៖ សំដៅទៅលើការផ្ដល់គុណតម្លៃទៅដល់អតិថិជនរបស់អ្នកលើសពីអាជីវកម្មដទៃទៀត។ ឧទាហរណ៍ថាអ្នកមានហាងលក់ខោអាវមួយ ហើយនៅក្បែរអ្នកមានហាងធំមួយលក់ខោអាវដូចគ្នា។ នៅពេលភ្ញៀវទិញពីកន្លែងគេគឺពួកគាត់អាចទិញបានខោអាវម៉ាកល្បីៗគុណភាពខ្ពស់ ប៉ុន្ដែហាងរបស់អ្នកផ្ដល់សេវាបន្ថែមនោះគឺការទិញខោអាវនឹងថែមជូនការកាត់ជើងខោឬសារ៉េអាវដោយមិនគិតថ្លៃ។ ឬមួយទៀតអ្នកមានកន្លែងជួសជុលយានយន្ដ ប៉ុន្ដែរាល់អតិថិជនដែលមកជួសជុលគឺអ្នកផ្ដល់ជូននូវសេវាកម្មបន្ថែមដូចជា សប់កង់ មើលប្រេង ថែមទឹក ឬត្រួតពិនិត្យមើលលក្ខណៈបច្ចេកទេស…ខណៈដែលនៅកន្លែងផ្សេង សេវាកម្មទាំងនេះត្រូវគិតលុយ។ អ្វីដែលសំខាន់នោះគឺអ្នកត្រូវស្វែងរកអ្វីដែលផ្ដល់នូវគុណតម្លៃបន្ថែមទៅដល់អតិថិជនរបស់អ្នក ហើយជាទូទៅវាមិនទាមទារអោយអ្នកចំណាយច្រើនឡើយដូចចំនុចដែលបានរៀបរាប់ខាងលើ។

២.បត់បែនបានលឿន៖ នៅក្នុងទីផ្សារសព្វថ្ងៃ ចំណង់ចំណូលចិត្តរបស់អតិថិជនគឺផ្លាស់ប្ដូរលឿនណាស់។ ឧទាហរណ៍ថាអតិថិជនចាប់ផ្ដើមនិយមភេសជ្ជៈមួយប្រភេទ ដូចនេះសម្រាប់អ្នកដែលជាម្ចាស់អាជីវកម្មមួយរូបអ្នកអាចទិញភេសជ្ជៈនោះមកដាក់លក់ភ្លាមៗ ខណៈដែលផ្សារទំនើបមុននឹងគេយកផលិតផលថ្មីមួយមកលក់គឺត្រូវឆ្លង់កាត់ច្រើនដំណាក់កាល ឬ ពេលខ្លះគេមិនអាចទាំងយកមកលក់បានទៀតផងចំពោះអាហារមួយចំនួនព្រោះគេគិតថាមិនត្រូវតាមស្ដង់ដារ ប៉ុន្ដែជាក់ស្ដែងមនុស្សចូលចិត្តវា។

៣.បង្កើតថ្មី៖ អាជីវកម្មធំមិនសូវចូលចិត្តអភិវឌ្ឍផលិតផលថ្មីដើម្បីដាក់លក់នោះទេ ប៉ុន្ដែគេចូលចិត្តផ្តោតទៅលើផលិតផលដែលមានស្រាប់ព្រោះគេបានដាក់ទុនអស់ជាច្រើនទៅលើផលិតផលឬសេវាកម្មនោះ។ តែសម្រាប់អាជីវកម្មខ្នាតតូចខិតខំនាំចូលទីផ្សារនូវផលិតផលឬសេវាកម្មថ្មីៗដែលសមស្របតាមតម្រូវការរបស់អតិថិជន។ ឧទាហរណ៍ជាក់ស្ដែងនោះគឺទាក់ទងនឹងការលក់សាច់មាន់បំពង ដោយមានក្រុមហ៊ុនអាហារធំៗខ្លះនៅបន្ដលក់សាច់មាន់បំពងជ្រលក់ទឹកម្ទេសចាប់តាំងតែពីពេលពួកគាត់ចាប់ផ្ដើមមក ខណៈដែលយុវវ័យសម័យឥឡូវចូលចិត្តស្លាបមាន់បំពងលាយគ្រឿងដែលគេដាក់លក់តាមផ្ទះវិញ។ មួយវិញទៀតអាជីវកម្មខ្នាតតូចអាចលក់ផលិតផលឬសេវាកម្មថ្មីៗបានព្រោះពួកគាត់អាចប្ដូរការលក់មួយទៅមួយទៀតបានងាយស្រួលជាង(ទោះបីជាមានការលំបាកខ្លះក្នុងការផ្លាស់ប្ដូរក៏ដោយក៏វាមិនស្មុគស្មាញខ្លាំង) ខណៈដែលក្រុមហ៊ុនធំៗត្រូវផ្លាស់ប្ដូរច្រើនដើម្បីនាំយកផលិតផលឬសេវាកម្មថ្មីមួយមកដាក់លក់។

៤.ទំនាក់ទំនងល្អនឹងអតិថិជន៖ ម្ចាស់អាជីវកម្មតូចៗជាទូទៅគឺគាត់ស្គាល់ភ្ញៀវរបស់គាត់ហើយមានទំនាក់ទំនងជាមួយគ្នាប្រចាំថ្ងៃ ហើយការជួបមុខភ្ញៀវជាប្រចាំនេះបានជួយអោយគាត់ដឹងពីចំនុចខ្វះខាត និងចំនុចល្អរបស់ខ្លួន។ ចំនុចនេះគឺអាចអោយអ្នកយកប្រៀបលើអាជីវកម្មធំៗបានព្រោះទំនាក់ទំនងល្អជាមួយអតិថិជនគឺជាកត្តាចម្បងមួយដែលធ្វើអោយពួកគាត់មកហើយមកទៀត។ ឧទាហរណ៍ថាអ្នកទៅហាងលក់គុយទាវមួយ ប្រសិនបើម្ហូបឆ្ងាញ់ មិនឆ្ងាញ់ ឬខ្វះខាតរសជាតិណាមួយគឺអ្នកអាចទៅនិយាយជាមួយម្ចាស់ហាងបាន ហើយគាត់ក៏នឹងសប្បាយចិត្តនឹងស្ដាប់នូវអ្វីដែលអ្នកគិតថាខ្វះខាតនោះដែរ ប៉ុន្ដែប្រសិនបើអ្នកចូលភោជនីយដ្ឋានលំដាប់ខ្ពស់មួយ ប្រាកដណាស់ថាអ្នកទៅ១០ដងប្រហែលមិនទាន់បានជួបមុខម្ចាស់ហាងម្ដងឡើយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។