ប្រភេទមួយចំនួននៃហាងអាហារ និងទស្សនៈអាជីវកម្មទាក់ទងនឹងភោជនីយដ្ឋាន

991

បច្ចុប្បន្ននេះមានប្រភេទហាងអាហារកាន់តែច្រើនប្រភេទត្រូវបានបើកដំណើរការក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប និងថ្មីៗបើកដោយជនជាតិចិន។ មុខម្ហូបអាហារ, សេវាកម្ម និងបរិយាកាសក្នុងហាង គឺប្រែប្រួលទៅតាមប្រភេទហាងអាហារ និងទស្សនៈរបស់ម្ចាស់ហាង។ ខាងក្រោមនេះ apamat.com នឹងនាំយកប្រភេទខុសៗគ្នានៃហាងអាហារ និងទស្សនៈពាក់ព័ន្ធ សម្រាប់អ្នកអានដែលនឹងក្លាយជាអនាគតនៃមេដឹកនាំនាវាជំនួញកម្ពុជា។

១. ហាងអាហារទាន់ចិត្ត

ហាងអាហារទាន់ចិត្តមានគ្រប់ជ្រុងនៃមហាវិថី និងផ្សារទំនើបធំៗទាំងអស់ក្នុងទីក្រុងភ្នំពេញ ដែលមានដូចជាយីហោហាងភីហ្សា Domino របស់បារាំង, KFC របស់អាមេរិក និង Burger King ជាដើម។ ហាងអាហារទាន់ចិត្ត ជាទូទៅត្រូវបានគេបើកជាសង្វាក់អាជីវកម្មមានសាខាច្រើន ហើយប្រសិនបើអ្នកកំពុងគិតចង់បើកទិញសិទ្ធិ( franchise) បើកហាងអាហារទាន់ចិត្តបន្ត អ្នកគប្បីដឹងថាតម្លៃនៃសិទ្ធិនោះគឺថ្លៃជាងការចំណាយបើកយីហោហាងអាហារឯករាជ្យដោយខ្លួនឯង។ 

ខាងលើគឺសំដៅលើការបើកហាងអាហារទាន់ចិត្តខ្នាតធំ ប៉ុន្តែតើមានគំនិតចាយទុនតិចទេ? នៅតាមផ្លូវមានទូលក់មាន់បំពងស្ទើរតែគ្រប់ផ្លូវ ហើយអ្នកប្រាកដជាធ្លាប់ឃើញយីហោ FiveStar របស់ក្រុមហ៊ុន CP Foods របស់ប្រទេសថៃ។ ទូលក់បើហ្គើរ ឬសាន់វិច មាននៅតាមជុំវិញ និងគ្រប់សាលារៀន។ ការលក់អាហារតាមទូរតូចៗបែបនោះគឺពុំគួរឲ្យទុកចិត្តលើអនាម័យ និងគ្រឿងផ្សំទេ ប៉ុន្តែថាតើអ្នកអាចបង្កើតយីហោហាងអាហារទាន់ចិត្តដែលមានភាពស្តង់ដារខ្ពស់បានដែរឬទេ?

២. ហាងអាហារសម្រន់ពេលល្ងាច

នេះគឺជាប្រភេទហាងអាហារដែលកំពុងមាននិន្នាការពេញនិយមខ្លាំង ដែលមានដូចជាហាងសាច់អាំង, ប៊ុហ្វេ, មី-ស៊ុប, ប្រហិតបំពង-បុកល្ហុង, នំប៉័ងសាច់…។ 

អឺ…! ខាងលើគឺជាហាងអាហារពេលល្ងាចបែបសាមញ្ញសម្រាប់មនុស្សទូទៅ រួចចុះហាងអាហារសម្រន់ពេលល្ងាចលំដាប់ខ្ពស់វិញ? 

ហាងអាហារពេលល្ងាចបែបប្រណិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ មានលក់អាហារបន្តិចៗនៅលើចានពណ៌សធំៗដែលត្រូវបានគេរចនាប្រកបដោយសិល្បៈ និងគុណភាពខ្ពស់ អមដោយស្រាក្រហមនៅក្រោមពន្លឺភ្លើងតិចៗ។ ហាងអាហារពេលល្ងាចលំដាប់ខ្ពស់ៗត្រូវបានគេបើកជាលក្ខណៈ ស្កាយបារ, ផាប់…។

៣. លក់អាហារនៅលើឡាន

និន្នាការនៃការច្នៃឡានសម្រាប់លក់អាហារ គឺដោយសារវាចំណាយដើមតិច, ការចំណាយតិចលើបុគ្គលិក, និងការចំណាយទូទៅផ្សេងទៀត។ ទោះបីជាវាមានចំណាយតិច និងងាយស្រួលជាងការបើកហាងនៅនឹងកន្លែងជាក់លាក់មែន ប៉ុន្តែបើអ្នកចង់បើកវាក៏គួរមានគម្រោងអាជីវកម្ម, គម្រោងថវិកា, តារាងបញ្ជីមុខអាហារ, សម្ភារៈ, និងដាក់ឈ្មោះអាជីវកម្មឲ្យទាក់ទាញ។ អាជីវកម្មប្រភេទនេះ អាចប្រើបណ្តាញសង្គមជាវិធីធ្វើទីផ្សារផ្សព្វផ្សាយកន្លែងចល័តលក់ជាប្រចាំថ្ងៃ។ លោកអ្នកអាចអានអត្ថបទទាក់ទងនឹងគំនិតអាជីវកម្ម និងយុទ្ធសាស្ត្រទីផ្សារ ដែលទាក់ទងនឹងភោជនីយដ្ឋាន និងប្រធានបទល្អៗជាច្រើនទៀតនៅលើវេបសាយ apamat.com របស់យើង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។