តារាងតុល្យការគឺជាអ្វី? តើខ្ញុំអាចរៀបតារាងតុល្យការដោយរបៀបណា?

3641

នៅពេលអ្នកបើកអាជីវកម្មថ្មី ឬខ្វះលុយពង្រីកអាជីវកម្ម ហើយចង់ប្រើកម្ចីបើក ឬពង្រីកអាជីវកម្មពីគ្រឹះស្ថានហិរញ្ញវត្ថុនានា ពួកគេនឹងសួរនាំអ្នកអំពីរបាយការណ៍ហិរញ្ញវត្ថុជាក់លាក់មួយចំនួន រួមមានរបាយការណ៍ចំណេញ-ខាត, របាយការណ៍លំហូរសាច់ប្រាក់ និងរបាយការណ៍តុល្យការ។ ខ្ញុំដឹង ការរៀនគណនេយ្យមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសការរៀនដោយខ្លួនឯង ប៉ុន្តែនៅ apamat.com ពួកយើងព្យាយាមសរសេរពន្យល់ដោយវិធីងាយយល់សម្រាប់អ្នកអាន ក៏ដូចជាម្ចាស់អាជីវកម្មក្នុងស្រុកទាំងអស់។

តារាងតុល្យការ គឺជាទិន្នន័យសំខាន់មួយដែលអាចផ្តល់ព័ត៌មានសំខាន់ៗដល់ម្ចាស់កម្ចី មុនពេលពួកគេព្រមឲ្យប្រាក់អ្នកខ្ចីយកទៅពង្រីកអាជីវកម្ម។ សម្រាប់អាជីវកម្មទើបបង្កើតថ្មីដែលមិនទាន់មានកំណត់ត្រាគណនេយ្យ តារាងតុល្យការបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុក្នុងគ្រាចាប់ផ្តើមដំបូង រួមជាមួយព្រឹត្តិការដែលបានកើតឡើងជាក់ស្តែងនៃអាជីវកម្មនោះ និងអ្វីដែលនឹងកើតឡើងមុនពេលថ្ងៃបើកដំណើរការជាផ្លូវការ ដូចមានក្នុងតារាងឧទាហរណ៍ខាងក្រោមស្រាប់។

តើតារាងតុល្យការគឺជាអ្វី?

តារាងតុល្យការ គឺជារបាយការណ៍អាជីវកម្មមួយដែលបង្ហាញថាតើអាជីវកម្មនោះមានអ្វីខ្លះ, ជំពាក់បំណុលអ្វីខ្លះ និងតម្លៃជាក់ស្តែងដែលម្ចាស់អាជីវកម្មនោះមាន។ តារាងតុល្យការត្រូវបានគេគណនាក្នុងពេលវេលាច្បាស់លាស់ ដូចជានៅពេលអាជីវកម្មបើកដំណើរការ, នៅពេលចុងគ្រានៃខែនីមួយៗ, ត្រីមាស ឬឆ្នាំ និងនៅពេលដែលអាជីវកម្មនោះបិទទ្វាក្ស័យធន។

តារាងតុល្យការត្រូវបានបែងចែកជាពីរផ្នែក ដោយផ្នែកទីមួយគឺរាយទ្រព្យទាំងអស់របស់អាជីវកម្មនោះ។ ផ្នែកទីពីររាយខ្ទង់បំណុល និងមូលធនម្ចាស់នៃអាជីវកម្មនោះ។ ទ្រព្យសរុបទាំងអស់របស់អាជីវកម្មនោះ ត្រូវតែស្មើនឹងការបូកបញ្ចូលគ្នារវាង បំណុល និងមូលធនម្ចាស់។ រូបមន្តតារាងតុល្យការគឺ៖ ទ្រព្យ = បំណុល + មូលធនម្ចាស់ ។

ការរៀបតារាងតុល្យការសម្រាប់អាជីវកម្មទើបបង្កើតថ្មី និងមិនទាន់ដំណើរការ

ជាដំបូង ចូររាយតារាងទ្រព្យទាំងអស់ដែលអាជីវកម្មរបស់អ្នកមាន ដោយដាក់កាលបរិច្ឆេទនៅថ្ងៃដែលអ្នកចាប់ផ្តើម។ តារាងទ្រព្យនោះអាចមានដូចជា សាច់លុយ, សម្ភារៈ, យានយន្ត, ទំនិញ, អាគារ ឬដី… ទៅតាមស្ថានភាព និងទ្រព្យសកម្មដែលអ្នកមានជាក់ស្តែង។ (ជាទូទៅបំណុលដែលគេជំពាក់ (AR) ក៏ស្ថិតក្នុងទ្រព្យអាជីវកម្មរបស់អ្នកដែរ ប៉ុន្តែដោយសារឧទាហរណ៍នេះជាអាជីវកម្មដែលមិនទាន់ដំណើរការ ទើបគ្មានទ្រព្យនេះ)

បន្ទាប់មករាយខ្ទង់បំណុលទាំងអស់ក្នុងអាជីវកម្មរបស់អ្នក (បំណុលដែលអ្នកជំពាក់គេក្រោមឈ្មោះអាជីវកម្ម)។ បំណុលទាំងនោះអាចជាបំណុលដែលអ្នកខ្ចីប្រាក់គេមកបើកអាជីវកម្ម, បំណុលជំពាក់ថ្លៃសម្ភារៈ, បំណុលថ្លៃទិញទំនិញ…ហើយបូលតួរលេខចូលគ្នាដើម្បីរកបំណុលសរុប។

ចំនួនខុសគ្នាបានពីការយកតួរលេខទ្រព្យសរុប ដកជាមួយបំណុលសរុប គឺជាតួរលេខមូលធនម្ចាស់។ ក្នុងដំណាក់កាលបើកដំបូង តួរលេខនៅផ្នែកមូលធនម្ចាស់គឺជាទុនដែលអ្នកយកមកវិនិយោគបើកអាជីវកម្មនោះ។

តារាងតុល្យភាព មុនពេល និងក្រោយពេលខ្ចីប្រាក់គេមករកស៉ី

មធ្យោបាយមួយក្នុងការបង្ហាញតារាងតុល្យការឲ្យម្ចាស់កម្ចីមើល គឺអ្នកត្រូវបង្កើតតារាងពីរដូចឧទាហរណ៍ខាងក្រោម។ តារាងទីមួយប្រាប់ម្ចាស់កម្ចីអំពីស្ថានភាពហិរញ្ញវត្ថុជាក់ស្តែងរបស់អ្នកបច្ចុប្បន្ន។ តារាងទីពីរ បង្ហាញម្ចាស់កម្ចីអំពីការប្រើប្រាស់ប្រាក់ដែលអ្នកចង់ខ្ចីមករកស៉ី ដែលតាមឧទាហរណ៍គឺយកទៅទិញទំនិញមកលក់ និងទិញគ្រឿងសង្ហារឹម។

ឧទាហរណ៍តារាងតុល្យការ មុនពេលខ្ចីលុយគេមករកស៉ី

ឧទាហរណ៍ខាងលើនេះបង្ហាញថា ម្ចាស់អាជីវកម្មចំណាយទុនផ្ទាល់ខ្លួន(មូលធនម្ចាស់)ចំនួន $12,500 រួមនឹងបំណុលជំពាក់ថ្លៃគ្រឿងសង្ហារឹមគេចំនួន $1,000 នាំឲ្យទុនសរុបមានចំនួន $13,500 ។

ឧទាហរណ៍តារាងតុល្យភាព ក្រោយពេលខ្ចីប្រាក់គេមករកស៉ី

ឧទាហរណ៍នេះបង្ហាញការខ្ចីប្រាក់គេចំនួន $50,000 មករកស៉ី និងយកទៅទិញទំនិញមកលក់បន្ត និងគ្រឿងសង្ហារឹមបន្ថែម។ 

ផ្អែកលើតារាងតុល្យការ គេអាចវិភាគដឹងស្ថានភាពនៃអាជីវកម្មនោះបាន។ តាមតារាងខាងលើបង្ហាញថា ម្ចាស់អាជីវកម្មមានសាច់លុយតែ $3,000 ហើយលុយភាគច្រើនគឺនៅលើទំនិញ និងគ្រឿងសង្ហារឹម។ ដូច្នេះម្ចាស់អាជីវកម្មនោះអាចនឹងជួបវិបត្តិខ្វះលុយបង្វិលប្រសិនបើលក់ទំនិញចេញយឺត និងខ្វះសាច់លុយសម្រាប់ចំណាយជាប្រចាំផ្សេងៗ។ នៅក្នុងតារាងនេះ ក៏គេអាចវិភាគហានិភ័យលើបំណុលរយៈពេលវែងរបស់អាជីវកម្មនោះផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
លីន បៃ គឺជាប្រធានផ្នែកវិនិយោគលើអាជីវកម្មបង្កើតថ្មីរបស់មូលនិធិវិនិយោគ Royal Elephants Capital និងជាម្ចាស់ភាគហ៊ុននៅក្នុងអាជីវកម្មបង្កើតថ្មីមួយចំនួនទៀត។ លោកចូលសរសេរអត្ថបទនៅ Apamat.com ដោយមិនគិតកម្រៃ ព្រោះចង់ចូលរួមចំណែកជួយផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។