តើពេលណាដែលជាពេលល្អបំផុតសម្រាប់ការចេញរកស៊ី?

2703

សំណួររសើបមួយដែលមនុស្សតែងតែសួរគ្នាថា តើពេលណាគឺជាពេលល្អបំផុតក្នុងការចាប់ផ្តើមរកស៊ី?

ចម្លើយដ៏ខ្លី៖ ការចាប់ផ្តើមចេញរកស៊ី គឺជាពេលដែលអ្នកត្រៀមខ្លួនរួចរាល់ក្នុងការភ្ជាប់ទំនាក់ទំនង ហើយពេលវេលាដែលល្អបំផុតនោះ គឺនៅពេលដែលអ្នកមានពេលសម្រាប់បូជាស្មារតីរបស់អ្នកដើម្បីធ្វើវា។

នេះ មិនមែនមានន័យថា អ្នកដែលធ្វើការផង រកស៊ីផង ឬក៏អ្នកដែលរកស៊ីក្រៅម៉ោង សុទ្ធតែខុសនោះទេ។ មនុស្សគ្រប់គ្នាមានសមត្ថភាព និងលទ្ធភាពខុសៗគ្នា ប៉ុន្តែប្រសិនបើអ្នកចង់ធ្វើវាឲ្យធំ និងអស្ចារ្យ អ្នកត្រូវតែមានពេលច្រើនផ្តោតលើការធ្វើវា។

វាគឺជាជម្រើសមួយខុស ប្រសិនបើអ្នកចង់ចេញរកស៊ីដោយសារតែធុញទ្រាន់ក្នុងជីវិតបច្ចុប្បន្ន និងមិនចូលចិត្តការងារពិបាកស្មុគស្មាញ ព្រោះថា ការរកស៊ីមានភាពធុញទ្រាន់ និងស្មុគស្មាញជាងបទពិសោធន៏ជីវិតរបស់អ្នកទៅទៀត។

ពេលវេលាល្អបំផុតសម្រាប់ការចេញរកស៊ី មិនជាប់ទាក់ទងនឹងអាយុនោះទេ មនុស្សក្នុងវ័យណាក៏ដោយក៏អាចចាប់ផ្តើមបើករបររកស៊ីបានដែរ ពោលគឺមិនថាក្មេង ចាស់ ឬស្ថិតក្នុងវ័យកណ្តាលឡើយ។ វាមិនសំខាន់ត្រង់អាយុនោះទេ តែវាសំខាន់ត្រង់ថាអ្នកស្ថានភាពជីវិតរបស់អ្នកស្ថិតនៅត្រង់ណា ហើយទីកន្លែងណាដែលអ្នកចង់ទៅ។

ពេលដែលល្អបំផុតក្នុងការចាប់ផ្តើម គឺអាស្រ័យលើ ថាតើការត្រៀមខ្លួនរបស់អ្នកក្នុងការក្លាយខ្លួនជាអ្នកជំនួញបានល្អកម្រិតណា

តើអ្នកគួរតែចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនទាំងកំពុងតែធ្វើការឲ្យគេដែរទេ? មានរឿងជាច្រើនដែលត្រូវគិតគូរ មុននឹងសម្រេចចិត្តចាប់ផ្តើមអាជីវកម្ម៖

កត្តាខ្លួនអ្នក៖ មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែមានលក្ខណៈពិសេសផ្ទាល់ខ្លួនក្នុងការធ្វើជាអ្នកជំនួញនោះទេ។ ផ្អែកលើបទពិសោធន៍ដែលយើងដឹង ដើម្បីក្លាយជាម្ចាស់អាជីវកម្មដែលជោគជ័យ ត្រូវការ ការចេះលើកទឹកចិត្តខ្លួនឯង និងកិច្ចការសំខាន់ៗក្នុងអាជីវកម្មផ្សេងទៀតដូចជា ការគ្រប់គ្រង ហើយនិងជំនាញទីផ្សារ យ៉ាងហោចណាស់ក៏មានសមត្ថភាពចចារជាមួយអ្នកលក់ និងអ្នកទិញជាដើមដែរ។ ហេតុអ្វីមនុស្សគ្រប់គ្នាមិនជ្រើសយកការធ្វើជាម្ចាស់របស់ខ្លួនឯង ហើយហេតុអ្វីបានជាពួកគេបន្តធ្វើការឲ្យអ្នកដទៃ? មនុស្សគ្រប់រូបប្រាថ្នាមានសេរីភាពពេញលេញ មានពេលច្រើនសម្រាប់ខ្លួនឯង និងមនុស្សដែលខ្លួនស្រលាញ់ ប៉ុន្តែដោយសារកត្តាសមត្ថភាព លទ្ធភាព និងការតាំងចិត្ត ទើបមនុស្សគ្រប់គ្នាមិនអាចសុទ្ធតែក្លាយជាម្ចាស់ជំនួញបាន។

ស្ថានភាពហិរញ្ញវត្ថុរបស់អ្នក៖ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នក គឺសំដៅលើលទ្ធភាពក្នុងការចាប់ផ្តើមអាជីវកម្ម។ ចូរគិតដល់ហានិភ័យ ប្រសិនបើអ្នកមិនទាន់មានការងារដែលអាចរកប្រភពចំណូលបានជាក់លាក់ ហើយប្រសិនបើអ្នកមានគ្រួសារដែលត្រូវទំនុកបំរុង។ ការចាប់ផ្តើមអាជីវកម្ម តម្រូវឲ្យអ្នកមានទុនដើម្បីចំណាយលើការចាប់ផ្តើម ប្រសិនបើអាជីវកម្មរបស់អ្នកចាំបាច់ក្នុងការទិញគ្រឿងបរិក្ខារប្រើប្រាស់ ថ្លៃជួល ថ្លៃទឹកភ្លើង ហើយនិងថ្លៃប្រាក់ខែបុគ្គលិក។ តើអ្នកមានប្រាក់សន្សំ ឬក៏មានការជួយពីគ្រួសារ ឬក៏អាចស្នើរប្រាក់កម្ចីពីគ្រិះស្ថានហិរញ្ញវត្ថុ ឬក៏មានអ្នកវិនិយោគហើយឬនៅ?

ការប៉ះពាល់ដល់គ្រួរសារ៖ ប្រសិនបើអ្នករៀបការហើយ របររកស៊ីរបស់អ្នកក៏ជាកម្មសិទ្ធិរបស់គ្រួសាររបស់អ្នកដែរ។ ដូចដែលយើងបានរៀបរាប់ពីចំណុចខាងលើ ការចាប់ផ្តើមរកស៊ីអាចនឹងត្រូវចំណាយប្រាក់ និងពេលវេលាច្រើនក្នុងការធ្វើវា។ ភាពស្មុគស្មាញ ការមិនមានពេលវេលានៅជាមួយគ្រួសារ អាចជាដើមចមនៃការស្រុតចុះនៃទំនាក់ទំនងក្នុងគ្រួសាររបស់អ្នក ប៉ុន្តែបើមានការចូលរួមជួយពីគ្រួសាររបស់អ្នក វាអាចនឹងកាន់តែមានអត្ថប្រយោជន៍ច្រើន និងមិនសូវប៉ះពាល់ដល់ទំនាក់ទំនងក្នុងគ្រួសាររបស់អ្នកដែរ។ ការមានការចូលរួមពេញទំហឹងពីប្តី ប្រពន្ធ និង(ឬ) កូនរបស់អ្នក អាចមានអត្ថប្រយោជន៍ច្រើន ហើយប្រសិនបើអាជីវកម្មនោះអាចចាប់ផ្តើមប្រតិបត្តិការពីផ្ទះរបស់អ្នកទៀតនោះ វានឹងកាន់តែល្អ។៕

“នៅពេលដែលអ្នកបានត្រៀមខ្លួនរួចអស់ហើយ ហើយបានជួបដៃគូដ៏ខ្លាំងទៀត វាគឺជាឱកាសដែលមិនងាយរកបាន។”_apamat.com

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។