ទីផ្សាររថយន្តអគ្គិសនី៖ តម្លៃភាគហ៊ុនរបស់ Tesla ហក់ឡើងដល់ជាង ៩០០ ដុល្លារក្នុងមួយហ៊ុន

579

អាមេរិក(រ៉យទ័រ)៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla Inc បានកើនឡើងប្រមាណ ១៥% កាលពីថ្ងៃអង្គារម្សិលមិញ ពោលគឺមានតម្លៃខ្ពស់បំផុត ៩៤០ ដុល្លារក្នុងមួយហ៊ុន ដែលនេះជាការកើនឡើងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ធ្វើឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុននេះកើនឡើងទ្វេដងត្រឹមដើមឆ្នាំនេះដោយក្រោយពេលអ្នកវិនិយោគកាន់តែដាក់ការជឿជាក់លើចក្ខុវិស័យរបស់លោក Elon Musk ។

ចលករធំនៃការកើនឡើងនេះ គឺបន្ទាប់ពីក្រុមហ៊ុន Panasonic Corp របស់ជប៉ុន បានប្រកាសថាខ្លួននឹងបញ្ចប់ការផលិតអាគុយបំពាក់លើរថយន្តអគ្គិសនីឲ្យក្រុមហ៊ុន Tesla កាលពីថ្ងៃច័ន្ទកន្លងទៅ។ កាលពីសប្តាហ៍មុន ក្រុមហ៊ុន LG និង ក្រុមហ៊ុន CATL បានប្រកាសពីកិច្ចព្រមព្រៀងធ្វើជាអ្នកផ្គត់ផ្គង់អាគុយឲ្យក្រុមហ៊ុន Tesla ។

តម្លៃភាគហ៊ុនរបស់ Panasonic បានកើនឡើង ១០% នៅថ្ងៃនេះ ខណៈភាគហ៊ុនក្រុមហ៊ុនផ្គត់ផ្គង់ពីរទៀតរបស់ Tesla ប្រចាំតំបន់អាស៉ី គឺក្រុមហ៊ុន LG របស់កូរ៉េ និង CATL របស់ចិន ក៏កើនឡើងដូចគ្នា។

លោក Cho Hyun-ryul អ្នកវិភាគនៅក្រុមហ៊ុនជួញដូរភាគហ៊ុន Samsung Securities បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា “ពេលនេះអ្នកវិនិយោគកាន់តែច្រើនចាប់ផ្តើមជឿថាក្រុមហ៊ុន Tesla អាចឆ្ពោះទៅរកចំណុចកំពូលនៃទីផ្សាររថយន្តអគ្គិសនី ហើយវិស័យពាក់ព័ន្ធដូចជាក្រុមហ៊ុនតម្លើងរថយន្ត ក្រុមហ៊ុនផលិតអាគុយអគ្គិសនី និងអ្នកផ្គត់ផ្គង់គ្រឿងបង្គុំរថយន្តក៏អាចរកប្រាក់ចំណូលបានយ៉ាងច្រើនពីទីផ្សាររថយន្តអគ្គិសនីផងដែរ។”

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Tesla បានរាយការណ៍ពីកំណើនលក់រថយន្តរបស់ខ្លួន ហើយក្រុមហ៊ុននេះរំពឹងថានឹងផលិតរថយន្តអគ្គិសនីឲ្យបានច្រើនជាងកន្លះលានគ្រឿងនៅឆ្នាំ ២០២០ នេះ។

គួររំលឹកផងដែរថាកាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន Tesla រកប្រាក់ចំណូលបានរហូតដល់ ២៤,៦ពាន់លានដុល្លារអាមេរិក។ លោកមហាសេដ្ឋី Ron Baron ដែលកាន់កាប់ភាគហ៊ុនចំនួន ១% របស់ Tesla បាននិយាយថា លោកនឹងមិនលក់ភាគហ៊ុននៅ Tesla ចេញទេ សូម្បីតែមួយភាគហ៊ុនក៏ដោយ។ លោកបានបន្ថែម ដោយមានជំនឿថា ក្រុមហ៊ុន Tesla នឹងរកអាចរកប្រាក់ចំណូលប្រចាំឆ្នាំបាន ១ទ្រីលានដុល្លារ នៅ ១០ឆ្នាំក្រោយ។ 

ទីផ្សាររថយន្តអគ្គិសនីហាក់កំពុងលេចធ្លោរខ្លាំងនាដើមឆ្នាំ ២០២០ នេះ។ ក្រៅពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនខាងលើមានការកើនឡើង តម្លៃភាគហ៊ុននៃក្រុមហ៊ុនផលិតអាគុយអគ្គិសនីផ្សេងទៀតដូចជា SK Innovation Co Ltd បានកើនឡើង ៤,៥% និងក្រុមហ៊ុន Samsung SDI Co Ltd ក៏បានកើនឡើង ៩% ផងដែរ។ ចំណែកតម្លៃភាគហ៊ុននៃក្រុមហ៊ុន POSCO Chemical Co Ltd ដែលទើបចុះកិច្ចព្រមព្រៀងតម្លៃ ១,៦ ពាន់លានដុល្លារ ផ្គត់ផ្គង់គ្រឿងបង្គុំអាគុយឲ្យក្រុមហ៊ុន LG Chem ឯណោះវិញ ក៏កើនឡើង ៤,៦% ផងដែរ។

បន្ទាប់ពីបាត់បង់ភាពជាដៃគូជាមួយ Tesla ក្រុមហ៊ុន Panasonic នឹងចាប់ដៃគូជាមួយក្រុមហ៊ុន Toyota Motor Corp ក្នុងគម្រោងអភិវឌ្ឍអាគុយផ្ទុកអគ្គិសនីសម្រាប់លក់ឲ្យក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត។

សហគមន៍អ៊ឺរ៉ុបបានដាក់ចេញនូវវិធានកាន់តែតឹងរ៉ឹងជាងមុនលើការបំភាយឧស្ម័ន្នពុល បន្ទាប់ពីក្រុមហ៊ុន Volkswagen AG បានសារភាពថាខ្លួនបានបន្លំការធ្វើតេស្តលើកម្រិតបំពុលបរិស្ថានពីការប្រើប្រាស់រថយន្តប្រើម៉ាស៊ូតរបស់ខ្លួន។ កាលពីម្សិលមិញ ប្រទេសអង់គ្លេសបានប្រកាសហាមឃាត់ការលក់រថយន្តប្រេងប្រើប្រេងម៉ាស៊ូត ចាប់ពីឆ្នាំ ២០៣៥ វិតទៅវិញ ខណៈកាលពីមុនប្រទេសនេះគ្រោងហាមឃាត់នៅឆ្នាំ ២០៤០ ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។