ធុញនឹងស្ថានភាពជីវិតរាល់ថ្ងៃ ចង់ផ្លាស់ប្តូរខ្លួនឯង តើខ្ញុំគួរធ្វើបែបណា?

669

ជីវិតត្រូវការភាពរស់រវ៉ើក ពួកយើងតែងប្រាថ្នាចង់បានបែបផែនជីវិតមួយដ៏ស្រស់បំព្រង ប៉ុន្តែជីវិតជាក់ស្តែងជួបទាំងភាពរីករាយ ទុក្ខសោក និងភាពជូរចត់។ ពួកយើងមិនអាចជ្រើសរើសរស់ក្នុងភាពរីករាយក្នុងមួយជីវិតឡើយ ប៉ុន្តែយើងអាចរើសយកការប្រើប្រាស់ជីវិតរបស់យើងសម្រាប់រីករាយ ច្រើនជាងពេលលំបាក ដោយការផ្លាស់ប្តូរខ្លួនឯង និងការតស៊ូងើបចេញពីពិភពលោកនៃភាពជូរចត់នោះ។ ប្រសិនបើអ្នកមានអារម្មណ៍ថាធុញទ្រាន់នឹងជីវិតបច្ចុប្បន្ន ហើយចង់ចាប់ផ្តើមផ្លាស់ប្តូរខ្លួនឯងដើម្បីទទួលបានជីវិតមួយដ៏ប្រសើរ ខាងក្រោមនេះគឺជាចំណុច ៦ ដែលអាចជួយអ្នកបាន។

១. ដកខ្លួនចេញពីក្រុមមនុស្សអវិជ្ជមាន

ពេលខ្លះជីវិតអ្នកធ្លាក់ទៅរកភាពវេទនា មិនមែនដោយសារខ្លួនអ្នកទាំងស្រុងទេ ប៉ុន្តែដោយសារអ្នកនៅជាមួយមនុស្សអវិជ្ជមាន ឬអ្នកខ្វាយខ្វល់ខ្លាំងជាមួយពួកគេពេក។ មនុស្សអវិជ្ជមាន គឺជាមនុស្សដែលមើលឃើញរឿងរបស់អ្នកដទៃសុទ្ធតែមិនល្អ ចូលចិត្តបង្អាប់គេ ហើយតែងយល់ថាគំនិតរបស់អ្នកដទៃមិនអាចទៅរួច។ ពួកគេចូលចិត្តចំណាយពេលធ្វើរឿងគ្មានប្រយោជន៍ដូចជានិយាយដើម និងនិយាយអាក្រក់ពីអ្នកដទៃជាដើម។ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម

រឿងគឺងាយយល់ទេ បើអ្នកព្យាយាមនៅក្បែរមនុស្សដែលមិនព្យាយាមអភិវឌ្ឍខ្លួន អ្នកនឹងត្រូវពួកគេអូសទាញឲ្យទៅធ្វើរឿងមិនសូវមានប្រយោជន៍ ឬអត់បានការតែម្តង។ ដូច្នេះការដកខ្លួនចេញពីមនុស្សអវិជ្ជមានទាំងនោះ នឹងធ្វើឲ្យជីវិតរបស់អ្នកធូរស្រាយពីភាពស្មុគស្មាញច្រើនជាងមុន។ ការដកខ្លួនចេញពីពួកគេមិនមែនមានន័យថាត្រូវតែទៅនៅឲ្យឆ្ងាយ ឬឈប់រាប់រកមនុស្សទាំងអស់នោះទេ ពេលខ្លះអ្នកគ្រាន់តែកុំសូវយកចិត្តទុកដាក់ជាមួយពួកគេទៅបានហើយ។

២. ប្តេជ្ញាទ្វេរដងក្នុងការសម្រេចគោលដៅឲ្យបាន

បន្ទាប់ពីអ្នកដកខ្លួនចេញពីពួកមនុស្សអវិជ្ជមានហើយ អ្នកនឹងមានពេលកាន់តែច្រើនសម្រាប់ផ្តោតលើជីវិត និងគោលដៅរបស់ខ្លួនឯង។ កាលពីមុន អ្នកប្តេជ្ញាចិត្តចង់ធ្វើនេះធ្វើនោះ ប៉ុន្តែមិនអាចធ្វើទៅរួចដោយសារបរិយាកាសអវិជ្ជមាននៅជុំវិញច្រើនពេក ប៉ុន្តែឥឡូវនេះអ្នកបានចេញមកខាងក្រៅរួចរាល់ អ្នកគួរកំណត់គោលដៅសារជាថ្មី ហើយប្តេជ្ញាឲ្យច្រើនជាងមុន ១០០ដង ១០០០ដង ដើម្បីសម្រេចវាឲ្យបាន។ 

៣. រក្សាឥរិយាបទស្ថៀមស្ងាត់

នៅពេលអ្នកកំពុងតែតស៊ូសម្រេចគោលដៅនោះ អ្នកគួររក្សាជំហរស្ងៀមស្ងាត់ កុំអួតអាង កុំសម្ញែងឲ្យគេដឹង និងកុំទាន់អាលអំនួតនឹងភាពជោគជ័យបន្តិចបន្តួចទាំងនោះអី។ មនុស្សពូកែពិតប្រាកដ មិនចូលចិត្តដើរផ្សាយប្រាប់អ្នកដទៃឲ្យគេដឹងថាខ្លួនឯងខ្លាំងទេ ព្រោះពួកគេដឹងថាខ្លួនជានរណា និងគួរចំណាយពេលនៅក្បែរក្រុមមនុស្សបែបណា។ ពេលខ្លះមនុស្សប្រែជាស្ងៀមស្ងាត់ដោយសារជួបរឿងជូរចត់ និងភាពឈឺចាប់ ប៉ុន្តែកំពូលមនុស្សអាចរក្សាឥរិយាបទស្ងៀមស្ងាត់គ្រប់ស្ថានភាព គ្រប់កាលៈទេសៈ ទោះមានរឿងអ្វីកើតឡើងក៏ដោយ។

៤. រៀនពីកំហុសដែលខ្លួនឯងបង្កើត

ចាប់ពីចំណុចទី១ដល់ទី៤នេះ អ្នកនឹងបង្កើតកំហុសជាច្រើន។ ធ្វើខុសទើបដឹងរបៀបធ្វើត្រូវ ដូចនេះកំហុសទាំងនោះនឹងបង្រៀនអ្នកនូវរឿងរ៉ាវជាច្រើនអំពីមេរៀនជីវិតពិត។ មនុស្សគ្រប់គ្នាសុទ្ធតែធ្វើខុស គ្មានអ្នកធ្វើត្រូវគ្រប់ដប់នោះទេ។ អ្នកកំពុងធ្វើមេគេនៅថ្ងៃនេះ កាលពីចូលធ្វើការដំបូងត្រូវមាត់ដូចតែបុគ្គលិកទើបចូលថ្មីដែរទេ អញ្ចឹងអ្នកមិនគួរចំណាយពេលសោកស្តាយនឹងកំហុសទាំងនោះអី ផ្ទុយទៅវិញអ្នកគួរចាត់ទុកបទពិសោធន៍ខុសទាំងនោះជាស្ពានឆ្ពោះទៅមុខ។

៥. បន្តអភិវឌ្ឍន៍ខ្លួន និងរៀនជំនាញពាក់ព័ន្ធបន្ថែម

បើអ្នកចង់ឡើងឲ្យកាន់តែខ្ពស់ ចង់ដើរប្រឡូកក្នុងសង្គមកាន់តែជ្រៅ អ្នកត្រូវការរៀនបន្ថែម។ បើឥឡូវនេះអ្នកកំពុងធ្វើការឲ្យគេ ហើយចង់បើកអាជីវកម្មផ្ទាល់ខ្លួននៅថ្ងៃខាងមុខ អ្នកត្រូវចាប់ផ្តើមរៀនជំនាញពាក់ព័ន្ធនឹងគោលដៅរបស់អ្នកដូចជារបៀបការចេញរកស៉ី អំពីហិរញ្ញវត្ថុ អំពីការធ្វើទីផ្សារ… ហើយបើអ្នកគ្មានពេលទៅរៀននៅសាលា អ្នកអាចទិញសៀវភៅមកអាន។

មកដល់ចំណុចនេះ អ្នកអាចកែប្រែខ្លួនឲ្យកាន់តែប្រសើរហើយ។ អ្នកអាចនឹងមានអារម្មណ៍ថាហត់នឿយដែលបានឆ្លងកាត់រឿងរ៉ាវស្មុគស្មាញជាច្រើន ប៉ុន្តែអ្នកក៏នឹងរីករាយដែលរកឃើញអ្វីដែលហៅថាជីវិតពិត ហើយថែមទាំងជីវិតដ៏ស្រស់ស្អាត។ ចំណុចបន្ទាប់អាចជួយអ្នកកាត់បន្ថយភាពនឿយហត់របស់អ្នកបាន។

៦. វិនិយោគឡើងវិញ

ការវិនិយោគមិនមែនសម្រាប់តែអ្នកស្ថិតក្នុងចង្កោមហិរញ្ញវត្ថុទេ ខ្ញុំគិតថាមនុស្សគ្រប់គ្នាគួរតែយល់ដឹងឲ្យបានច្រើនអំពីចំណេះដឹងហិរញ្ញវត្ថុសម្រាប់ការរស់នៅ។ មិនថាអ្នកជាអ្នករកស៉ី ឬអ្នកធ្វើការឲ្យគេឡើយ ប្រាក់ដែលអ្នករកបាន គួរតែយកទៅវិនិយោគឡើងវិញឲ្យបានត្រឹមត្រូវ។ អ្នកប្រហែលជាមិនចង់ខិតខំធ្វើការរកលុយរហូតដល់អាយុ ៦០ឆ្នាំទេ ដូច្នេះអ្នកគួរចេះយកប្រាក់ដែលរកបានទៅវិនិយោគឡើងវិញនៅក្នុងទ្រព្យនានាដែលអាចបង្កើតប្រភពចំណូលសម្រាប់អនាគត។ អ្នកអាចយកវាទៅវិនិយោគក្នុងវិស័យអចលនទ្រព្យ ទិញដីដែលលក់ ឬជួលវិញបានតម្លៃខ្ពស់ ឬសង់បន្ទប់ជួល។ យកលុយបានពីការជួលនោះសន្សំសម្រាប់បើកអាជីវកម្ម។ យកប្រាក់ចំណូលបានពីការជួល និងប្រាក់ចំណូលខ្លះពីអាជីវកម្ម ទៅបើកអាជីវកម្មថ្មីធំជាងមុន ឬពង្រីកអាជីវកម្មមានពេលបច្ចុប្បន្ន…៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។