តើខ្ញុំគួរបែងចែកប្រាក់ចំណូលរបស់ខ្ញុំ សម្រាប់យកទៅវិនិយោគដោយរបៀបណា?

1916

តើខ្ញុំគួរយកប្រាក់ចំណូលរបស់ខ្ញុំប៉ុន្មាន សម្រាប់យកទៅវិនិយោគឡើងវិញ និងនៅក្នុងប្រភេទទ្រព្យណាខ្លះក្នុងចំណោមភាគហ៊ុន, បណ្ណបំណុល, អចលនទ្រព្យ, បើកអាជីវកម្ម…? ចម្លើយគឺអាស្រ័យលើជម្រើស, ស្ថានភាពហិរញ្ញវត្ថុ និងសមត្ថភាពវិភាគហានិភ័យលើការវិនិយោគរបស់អ្នក។ អ្នកវិនិយោគតែងមានស្ទីលវិនិយោគខុសៗគ្នា ប៉ុន្តែបើនិយាយពីការយកប្រាក់ចំណូលទៅវិនិយោគ ខ្ញុំសូមពន្យល់ដោយវិធីសាមញ្ញដូចខាងក្រោម។

ឧទាហរណ៍ ពេលនេះអ្នកបានសន្សំលុយពីចំណូលផ្សេងៗរបស់អ្នកសរុបបាន ៣៥ម៉ឺនដុល្លារ ឬក៏ឥឡូវនេះអ្នកសល់ប្រាក់ចំណូលត្រឹម ១ពាន់ដុល្លារក្នុងមួយខែ ក៏អ្នកអាចយកវាគណនាតាមតួលេខក្នុងឧទាហរណ៍នេះបានដែរ។

ការបែងចែកប្រាក់ចំណូលរបស់អ្នកទៅវិនិយោគ អាច(ឧទាហរណ៍បែងចែកជាបីចំណែក) ៖

  • យកមួយភាគបី (១/៣) នៃប្រាក់ដែលអ្នកមាន ទៅវិនិយោគលើភាគហ៊ុន ដើម្បីបានភាគលាភ។ អ្នកអាចទិញភាគហ៊ុនក្នុងផ្សារហ៊ុន ឬវិនិយោគទិញចំណែកកម្មសិទ្ធិរបស់អាជីវកម្មណាមួយដែលមានប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងច្បាស់លាស់។
  • យក ១/៣ ទៀតទៅវិនិយោគទិញសញ្ញាបណ្ណ ឬបណ្ណបំណុល ដើម្បីទទួលបានការប្រាក់។ ការទិញសញ្ញាបណ្ណ មានសុវត្តិភាពជាង ឬអាចនិយាយថាមានហានិភ័យទាបបំផុតធៀបនឹងការទិញភាគហ៊ុន។ គិតត្រឹមដើមឆ្នាំ ២០២០ នេះ មានស្ថាប័នឯកជនចំនួន ៣ដែលបានបោះលក់បណ្ណបំណុលនៅកម្ពុជា ក្នុងនោះសុទ្ធតែជាស្ថាប័នហិរញ្ញវត្ថុ ដែលមានដូចជាធនាគារ ABA, ហត្ថាកសិករ និងគ្រឹះស្ថានហិរញ្ញវត្ថុ LOLC ដែលអ្នកអាចវិនិយោគប្រាក់ទិញបណ្ណបំណុលទាំងនេះបាន។ បើអ្នកមិនទាន់យល់ច្បាស់ថាបណ្ណបំណុល អ្នកអាចអានអត្ថបទជាច្រើនទៀតនឹងបណ្ណបំណុល ឬសញ្ញាបណ្ណ នៅលើវេបសាយ apamat.com
  • យក ១/៣ នៅសល់វិនិយោគក្នុងអចលនទ្រព្យ។ គោលដៅរបស់អ្នកអាចមានពីរ គឺទិញសម្រាប់លក់យកចំណេញ ឬទិញហើយដាក់ជួល។ ក្នុងករណីដែលអ្នកមិនមានលុយគ្រប់ អ្នកអាចទិញបង់រំលស់ជាមួយធនាគារ ដោយបង់មុន ៥០% ។
ប្រៀបធៀបជាមួយតួលេខខាងក្រោម ធៀបនឹងការបែងចែកខាងលើ

ឧទាហរណ៍ថាឥឡូវនេះអ្នកមានលុយចំនួន ៣៥ម៉ឺនដុល្លារ ឬឥឡូវនេះអ្នកមិនទាន់មានលុយទេ ប៉ុន្តែអ្នកដាក់គោលដៅថា ១០ឆ្នាំក្រោយអ្នកនឹងរកលុយឲ្យបាន ៣៥ម៉ឺនដុល្លារនោះ ហើយនឹងយកវាទៅចាប់ផ្តើមវិនិយោគដោយបែងចែកជាបីចំណែកដូចខាងក្រោម (៣៥ម៉ឺន/៣= ១១៦ ៦៦៦$)៖

  • ១/៣ ក្នុងភាគហ៊ុន៖ យកលុយចំណែក ១១៦ ៦៦៦$ វិនិយោគក្នុងភាគហ៊ុន ហើយបើអាចផ្តល់ភាគលាភបានក្នុងអត្រាជាមធ្យមតែ( Average Dividend Yield)  ៥,៥% ដូចនេះអ្នកអាចរកប្រាក់ចំណូលបានពីវាវិញចំនួន ៦៤១៧$ ក្នុងមួយឆ្នាំ។ បើអ្នកមិនទិញភាគហ៊ុនក្នុងផ្សារហ៊ុនស្របច្បាប់ អ្នកត្រូវប្រាកដថាវិនិយោគក្នុងអាជីវកម្មណាដែលពិតជាអាចផ្តល់ភាគលាភឲ្យអ្នកវិញ។
  • ១/៣ ក្នុងសញ្ញាបណ្ណ៖ បើអ្នកវិនិយោគលុយ ១១៦ ៦៦៦$ ទិញសញ្ញាបណ្ណដែលផ្តល់អត្រាគូប៉ុង ៧% (សញ្ញាបណ្ណរបស់ធនាគារ ABA មានអត្រាគូប៉ុង ៧%-៧,៧៥%) អ្នកអាចទទួលបានប្រាក់ចំណូលពីវាវិញ ៨១៦៧$ ក្នុងមួយឆ្នាំ។ 
  • ១/៣ ក្នុងអចលនវត្ថុ៖ លុយចំណែកនៅសល់ ១១៦ ៦៦៦$ យកទៅវិនិយោគទិញអចលនវត្ថុសម្រាប់ជួល។ ដកចំណាយផ្សេងៗអស់ អចលនវត្ថុរបស់អ្នកនោះអាចរកចំណូលប្រចាំឆ្នាំបានប្រហែល ៦៥០០ដុល្លារ។

សរុបចំណូលទាំង ៣ប្រភពខាងលើចូលគ្នា អ្នកអាចរកចំណូលសរុបជាលុយសុទ្ធបាន ២១ ០៨៤ដុល្លារ/ឆ្នាំ ឬ ១៧៥៧ដុល្លារ/ខែ។ វិនិយោគតាមរបៀបដែលខ្ញុំឧទាហរណ៍ខាងលើ ត្បិតតែបានចំណូលតិច ប៉ុន្តែវាមានហានិភ័យទាប ធៀបនឹងការយកលុយចំនួន ៣៥ម៉ឺនដុល្លារទៅបើកអាជីវកម្មផ្ទាល់ខ្លួន ក៏មិនប្រាកដថាអាចរកប្រាក់ចំណេញសុទ្ធ ១៧០០ដុល្លារក្នុងមួយខែដែរ។ 

ចូរចាំថា នៅពេលអ្នកចាប់ផ្តើមវិនិយោគ អ្នកគួរត្រៀមលុយបម្រុង ឬមានប្រភពចំណូលថេរណាមួយជាបង្អែកសម្រាប់ចាយវាយប្រចាំថ្ងៃ និងមានលុយបម្រុងហានិភ័យស្មើនឹងចំណាយប្រចាំខែយ៉ាងតិច ៦ខែ ព្រោះលុយដែលអ្នកយកទៅវិនិយោគនោះមិនអាចដកមកវិញបានភ្លាមៗនោះទេ។ សម្រាប់ខ្ញុំ នៅពេលខ្ញុំមានប្រភពចំណូលចំនួន ១០ ខ្ញុំយកប្រភពចំណូលណាមួយសម្រាប់ចាយវាយប្រចាំថ្ងៃ ហើយលុយដែលបានមកពីប្រភពចំណូល ៩ទៀត ខ្ញុំតែងយកវាទៅវិនិយោគឡើងវិញដើម្បីបង្កើនទំហំទុនវិនិយោគសរុបរបស់ខ្ញុំ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម