ច្បាប់ទម្លាប់ក្នុងការវិនិយោគចំនួន ៧ ដែលអ្នកអាចអនុវត្តតាម

587

លោកអ្នកបានអានអត្ថបទអំពីចំណេះដឹងវិនិយោគជាច្រើនមកហើយនៅលើវេបសាយ apamat.com ហើយអត្ថបទថ្មីនេះនឹងចែករំលែកច្បាប់ទម្លាប់មួយចំនួនសម្រាប់គោលដៅវិនិយោគ ជាពិសេសសម្រាប់អ្នកវិនិយោគដែលទើបនឹងឈានជើងប្រឡូក។

១. កុំខ្ចីលុយគេមកចាប់ផ្តើមវិនិយោគ

ការខ្ចីលុយគេមក គឺជាប់កាតព្វកិច្ចបង់ការប្រាក់ ហើយជាពិសេសនៅពេលអ្នកទើបចាប់ផ្តើម គឺពិតជាពិបាកណាស់ក្នុងការរកប្រាក់បង់ការប្រាក់ឲ្យគេ មិនថាអ្នកយកលុយនោះទៅវិនិយោគបើកអាជីវកម្ម, ទិញភាគហ៊ុន, សញ្ញាបណ្ណ… ក៏ដោយ។ អ្នកគួរយល់ថាការវិនិយោគជាទូទៅផ្តោតលើគោលដៅរយៈពេលយូរ ទើបអាចទាញយកប្រាក់ចំណេញមកវិញបានច្រើន ហើយវាមានហានិភ័យខ្ពស់ណាស់ចំពោះបំណុលរបស់អ្នកនោះ។

ផ្ទាំងឃោសនាពាណិជ្ជកម្ម

បើអ្នកពិតជាចង់ចាប់ផ្តើមមែននោះ អ្នកអាចចាប់ផ្តើមវិនិយោគក្នុងជម្រើសណាមួយតាមលទ្ធភាពហិរញ្ញវត្ថុនាពេលបច្ចុប្បន្នរបស់អ្នក។ បើប្រៀបធៀបជាមួយអ្នកមានបទពិសោធន៍ និងមានសមត្ថភាពខ្ពស់ ពួកគេអាចប្រើបំណុលដើម្បីបង្កើនទ្រព្យរបស់ពួកគេ។ ឧទាហរណ៍ ពួកគេខ្ចីលុយស្ថាប័នមួយដែលមានអត្រាការប្រាក់ ១៥% ក្នុងមួយឆ្នាំ ដើម្បីយកលុយទៅវិនិយោគក្នុងទ្រព្យមួយដែលពិតជាអាចរកប្រាក់ចំណូលមកវិញច្រើនជាង ៣៥% ក្នុងមួយឆ្នាំ។ ប៉ុន្តែសម្រាប់អ្នកទើបចាប់ផ្តើម អ្នកមិនគួរធ្វើដូចពួកគេឡើយ ហើយអ្នកមិនអាចខ្ចីលុយគេដែលមានការប្រាក់ ១៥% ទៅទិញសញ្ញាបណ្ណដែលមានអត្រាគូប៉ុង ៧.៥% ក្នុងមួយឆ្នាំបានឡើយ។ 

២. ពេលល្អបំផុតសម្រាប់ចាប់ផ្តើមវិនិយោគ គឺឥឡូវនេះ

មនុស្សភាគច្រើនគិតថាទាល់តែមានលុយសុទ្ធច្រើនទើបអាចវិនិយោគបាន។ មែនហើយការវិនិយោគទាល់តែមានលុយច្រើនទើបងាយស្រួល ប៉ុន្តែមិនមែនមានន័យថាមានលុយតិចមិនអាចវិនិយោគបាននោះទេ។ មិនសំខាន់ត្រង់ទំហំវិនិយោគរបស់អ្នកថាតើវាតិច ឬច្រើននោះទេ គឺសំខាន់ត្រង់អត្រាចំណេញត្រឡប់មកវិញឯណោះទេ។ អ្នកអាចយកលុយ ១លានដុល្លារទៅវិនិយោគក្នុងទ្រព្យមួយដែលអាចរកចំណូលឲ្យអ្នកវិញបានមួយឆ្នាំ ១៥ម៉ឺនដុល្លារ ខណៈអ្នកផ្សេងទៀតវិនិយោគប្រាក់តែ កន្លះលានដុល្លារ អាចរកចំណូលបានមកវិញមួយឆ្នាំ ១៥ម៉ឺនដុល្លារដែរ។ 

ដូច្នេះបើអ្នកមានលុយតិច អ្នកគួរចាប់ផ្តើមពីចំណុចតូច ឬយ៉ាងហោចណាស់ខិតខំសិក្សាពីរបៀបវិនិយោគឲ្យបានច្រើន ហើយព្យាយាមសម្លឹងឱកាសដែលកំពុងមាននៅនឹងមុខ។ អ្នកដឹងទេកាលពីនៅក្មេង ខ្ញុំចាប់អារម្មណ៍ការវិនិយោគខ្លាំងណាស់ ប៉ុន្តែមិនមានលុយច្រើន មិនចេះ និងមិនដឹងទៅរៀននៅឯណាមានប្រសិទ្ធភាព។ កាលណោះខ្ញុំគ្មានមិត្តភក្តិដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុច្បាស់លាស់ទេ សំបូរតែអ្នកពូកែផឹក ទើបចេះតែខំរក និងសន្សំលុយទុកវិនិយោគតាមបំណង ប៉ុន្តែមិនទាន់ហ៊ានប្រថុយ ហើយក៏មើលមិនឃើញកន្លែងដែលគួរវិនិយោគ។ ចេះតែខំអានសៀវភៅ និងស្រាវជ្រាវបន្ថែមខ្លួនឯង រហូតដល់ថ្ងៃមួយខ្ញុំស្គាល់ក្លឹបអ្នកជំនួញវ័យក្មេងមួយក្រុមនៅហាងកាហ្វេមួយ ហើយព្យាយាមបង្កើតទំនាក់ទំនងជាមួយពួកគេ។ ការព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលស្ថិតក្នុងកម្រិតខ្ពស់ជាងយើងគឺមិនងាយស្រួលឡើយ ព្រោះថាគេគ្មានការងារត្រូវធ្វើជាមួយយើង ប៉ុន្តែខ្ញុំនៅតែព្យាយាមរៀនពីពួកគេ។ ពេលនោះខ្ញុំដឹងថាអ្វីជាការវិនិយោគ ប៉ុន្តែតិចនិកវិនិយោគជាក់ស្តែងខ្ញុំងងឹតសូន្យ មិនដឹងពីការវិភាគហានិភ័យ, ប្រភេទទ្រព្យដែលអាចចំណេញច្រើន, របៀបទទួលភាគលាភ, សញ្ញាបណ្ណ, វាយតម្លៃអត្រាចំណេញ, បំបែកដើមទុន, វិនិយោគឡើងវិញ និងច្រើនទៀត ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំភ្លឺស្វាង និងមានទំនុកចិត្តខ្ពស់ជាងមុន គឺនៅពេលខ្ញុំសុំចូលរួមស្តាប់គម្រោងវិនិយោគមួយរបស់ពួកគេ ហើយបានសួរសំណើរជាច្រើនស្ទើរតែពួកគេធុញនឹងខ្ញុំ និងសម្រេចចិត្តយកលុយមួយចំណែកធំរបស់ខ្ញុំទៅសុំវិនិយោគបានចំណែកតែ ១% ប៉ុណ្ណោះក្នុងគម្រោងនោះ(ខ្ញុំបានស្រាវជ្រាវប្រវត្តិរកស៉ីរបស់ពួកគេគ្មានសល់មុនសម្រេចចិត្ត ទើបខ្ញុំខិតខំចាប់យកឱកាសឡើងទៅទីខ្ពស់ជាមួយពួកគេ) ហើយក៏ដើរមកដល់បច្ចុប្បន្ន…។

មេរៀនគឺត្រង់ថា ថ្វីបើពេលនេះអ្នកមិនទាន់មានលុយច្រើនក៏ដោយ ពេលខ្លះអ្នកអាចចាប់យកឱកាសធំនៅថ្ងៃខាងមុខដោយការវិនិយោគលុយបន្តិចបន្តួចរបស់អ្នកនាពេលនេះ។ នៅពេលអ្នកអាចភ្ជាប់បណ្តាញទំនាក់ទំនងជាមួយមនុស្សពូកែៗកាន់តែច្រើន ឱកាសរបស់អ្នកក៏មានកាន់តែច្រើនដែរ ហើយពេលខ្លះពួកគេបង្ហាញឱកាសឲ្យអ្នកយ៉ាងងាយស្រួល។

៣. សិក្សាស្រាវជ្រាវ មុននឹងវិនិយោគ

កុំវិនិយោគក្នុងវិស័យណាដែលអ្នកមិនដែលដឹង។ លទ្ធផលនៃការវិនិយោគរបស់អ្នកគឺស្ថិតលើបម្រែបម្រួលទីផ្សារជាក់ស្តែង ដូច្នេះបើអ្នកមិនទាន់ក្តោបក្តាប់ស្ថានភាពទីផ្សារ ឬអាជីវកម្មនោះច្បាស់លាស់ទេ ចូរសិក្សាពីវាជាមុនសិនមុននឹងសម្រេចចិត្តបោះទុន។ ហេតុអ្វីបានជាអ្នកត្រូវធ្វើវា? ចម្លើយគឺងាយស្រួលទេ បើអ្នកក្តោបក្តាប់ស្ថានការណ៍បានច្បាស់ អ្នកអាចវោភាគបានគ្រប់ជ្រុងជ្រោយ និងធ្វើឲ្យការសម្រេចចិត្តមានភាគរយខ្ពស់ថាត្រឹមត្រូវ។ 

៤. កុំប្រើអារម្មណ៍មកវិនិយោគ

នៅពេលវិនិយោគទិញភាគហ៊ុនស្របពេលតម្លៃភាគហ៊ុនស្រុតចុះ អ្នកវិនិយោគថ្មីថ្មោងសម្រុកលក់ចេញទោះបានត្រឹមរួចដើម ឬខាត។ អ្នកខ្លះឃើញតម្លៃភាគហ៊ុនថយសន្ទុះ សម្រុកលក់ចេញអស់ ១ខែក្រោយមកតម្លៃភាគហ៊ុននោះកើនឡើងទ្វេរដង។ អ្នកខ្លះវិនិយោគលុយទិញដីព្រោះឃើញគេសម្រុកទៅទិញច្រើន និងជឿព័ត៌មានគ្មានប្រភពច្បាស់លាស់។ អ្នកខ្លះចាញ់បោកគេយកលុយទៅវិនិយោគ ព្រោះឃើញគេឲ្យអត្រាចំណេញ ឬការប្រាក់ខ្ពស់។ អ្នកខ្លះចិត្តខ្លាំង ខាតលុយអស់ភ្លាម រត់ទៅលក់ទ្រព្យផ្សេង ឬខ្ចីលុយគេបន្ថែមមកបន្តជីវិតអាជីវកម្ម មិនព្រមទទួលស្គាល់លទ្ធផលជាក់ស្តែងថាខ្លួនត្រូវការរៀនសូត្របន្ថែមសិនសឹមមកជាថ្មី…។ និយាយឲ្យខ្លីទៅ ការវិនិយោគត្រូវប្រើតិចនិក និងភាពឆ្លាតវៃជាមូលដ្ឋាន មិនមែនប្រើអារម្មណ៍នោះទេ។

៥. កុំព្យាយាមវិនិយោគចង់មានបានលឿនពេក

មានច្បាប់វិនិយោគទូទៅមួយគឺ បើអ្នកចង់ចំណេញកាន់តែច្រើន និងលឿន ត្រូវហ៊ានចាប់យកហានិភ័យកាន់តែខ្ពស់។ នរណាៗក៏ចង់ក្លាយជាអ្នកមានលឿនដែរ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចក្លាយជាអ្នកមានស្រួលៗឯណា! 

អ្នកវិនិយោគពិតប្រាកដពួកគេសម្លឹងមើលលទ្ធផលរយៈពេលពេលយូរ ដូច្នេះហើយទើបពួកគេអាចគ្រប់គ្រងអារម្មណ៍របស់ពួកគេបានល្អ នៅពេលទីផ្សារប្រែប្រួលឆាប់រហ័ស។ អ្នកគួរមានគោលដៅវិនិយោគច្បាស់លាស់ ដឹងថាត្រូវធ្វើវាដោយរបៀបណា ឆ្លងកាត់ដំណាក់កាលអ្វីខ្លះ និងដឹងថានៅអាយុប៉ុន្មានទើបអ្នកមានទ្រព្យគ្រប់តាមចំនួនដែលអ្នកចង់បាន ហើយនិងដឹងថាប្រើជីវិតដែលនៅសេសសល់ដោយរបៀបណា។

៦. កុំព្យាយាមវិនិយោគក្នុងទីផ្សារដែលចង្អៀត

កំណើនប្រាក់ចំណេញពីទីផ្សារដែលឆ្អែតហើយ គឺមិនមានអនាគតល្អទេ។ អ្នកគួរបែងចែកប្រាក់វិនិយោគខ្លះដើម្បីវិនិយោគក្នុងវិស័យសម្រាប់ពេលអនាគត។ ជាក់ស្តែងបើនៅពេលនេះអ្នកទិញភាគហ៊ុនរបស់ក្រុមហ៊ុនដូចជា Facebook, Apple ឬ Amazon គឺបានអត្រាចំណេញតិច និងមានតម្លៃថ្លៃណាស់ ប៉ុន្តែបើអ្នកវិនិយោគនៅក្នុងក្រុមហ៊ុនទាំងនោះនៅពេលវាដំណើរការដំបូង ឥឡូវនេះអ្នកអាចចំណេញបានរាប់ពាន់ភាគរយឯណោះ។ បច្ចុប្បន្នវិស័យដែលពិភពលោកកំពុងដើរទៅរកមានដូចជា វិស័យរយន្តអគ្គិសនី, វិស័យកែច្នៃសំណល់សំរាម, វិស័យអវកាស, វិស័យបច្ចេកវិទ្យា IoT, AI, Fintech… ហើយនៅក្នុងនោះមានប្រភេទអាជីវកម្ម និងគំនិតបង្កើតថ្មីជាច្រើនទៀតដែលអ្នកអាចសិក្សាបន្ថែមបាន។

៧. តាមដានតុល្យការទ្រព្យជាប្រចាំ

តើឥឡូវនេះអ្នកដឹងថាខ្លួនកំពុងមានទ្រព្យសម្បត្តិសរុបប៉ុន្មានទេ? មនុស្សទូទៅមិនដែលតាមដានតុល្យភាពទ្រព្យសម្បត្តិសរុបរបស់ខ្លួនទេ ប៉ុន្តែសម្រាប់អ្នកវិនិយោគគឺតែងតែតាមដាន។ អ្នកវិនិយោគភាគច្រើនមានជំនួយការហិរញ្ញវត្ថុ ឬយ៉ាងហោចណាស់មានគណនេយ្យករផ្ទាល់ខ្លួនម្នាក់ ជាអ្នកកត់ត្រា និងរាយការណ៍របាយការណ៍ហិរញ្ញវត្ថុដល់ពួកគេ។ ការតាមដានតុល្យភាពទ្រព្យរបស់អ្នក អាចជួយឲ្យអ្នកនឹកឃើញវិធីជាច្រើនដើម្បីអាចឈានទៅដល់គោលដៅហិរញ្ញវត្ថុរបស់អ្នកបានឆាប់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...