៤ វិធី បណ្ដុះភាពក្លាហានដើម្បីក្លាយជាអ្នកដឹកនាំឆ្នើមពីកវីនិពន្ធដ៏ល្បី Brian Tracy

2376

សេចក្តីក្លាហានគឺជាថាមពលដែលជួយឱ្យអ្នកក្លាយជាមនុស្សម្នាក់ដែលអ្នកទដៃចង់ដើរតាមដោយស្ម័គ្រចិត្ត បើទោះជាអ្នកមិនមានឋានៈ ឬបុណ្យសក្តិធំក៏ដោយ។ សេចក្តីក្លាហានក៏ជាសមត្ថភាពដ៏សំខាន់នៅក្នុងភាពជាអ្នកដឹកនាំ ហើយវាក៏អ្វីដែលរុញច្រានអ្នកដឹកនាំឱ្យចាប់ផ្តើមមុនគេផងដែរ។

យ៉ាងណាមិញ ភាពក្លាហាមិនមែនជារបស់ដែលមនុស្សមានមកពីកំណើតនោះទេ តែវាជាសមត្ថភាពដែលគ្រប់គ្នាអាចវឹកហាត់បាន។ ប្រសិនបើអ្នកមិនទាន់មានភាពក្លាហានគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងឧបសគ្គដែលអ្នកជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃ ខាងក្រោមគឺជាវិធីសាស្ត្រ ៤ ដែលជួយឱ្យអ្នកអភិវឌ្ឍសេចក្តីក្លាហាន ឬបណ្ដុះទឹកចិត្តដ៏មោះមុតដោយខ្លួនឯង៖

១\ អ្នកក្លាហានគឺជាអ្នកហ៊ាន
ផ្ទាំងឃោសនាពាណិជ្ជកម្ម

ភាពក្លាហានក៏ដូចជាទម្លាប់មួយរបស់មនុស្សដែរ។ អ្នកអាចបណ្ដុះវាដោយអនុវត្តន៍រាល់ពេលដែលអ្នកមានអារម្មណ៍ថាស្ទាក់ស្ទើរ ឬជាប់គាំងដោយសារតែបញ្ហាដោយការបង្ខំខ្លួនអ្នកឱ្យប្រឈមមុខជាមួយវា។ អ្នកត្រូវតែបង្ខំខ្លួនឯងឱ្យតទល់ជាមួយនឹងឧបសគ្គ បើទោះបីជាអ្នកត្រូវចាញ់ក៏ដោយ ពីព្រោះនៅពេលដែលអ្នកហ៊ានធ្វើបែបនេះ ស្មារតីរបស់អ្នកនឹងកាន់តែរឹងមាំ ហើយអំណាចនៃចិត្តក្លាហានរបស់អ្នកក៏នឹងចាប់ផ្តើមរីកធំធាត់ឡើងបន្តិចម្តងៗ។ ការបង្ខិតបង្ខំមនុស្ស និងកាលៈទេសៈដែលនៅជុំវិញអ្នកអាចត្របាញ់បញ្ចូលគ្នាដើម្បីជួយអ្នកឱ្យយកឈ្នះបញ្ហាតាមរបៀបមួយដែលអ្នកមិនអាចស្រមៃដល់។

២\ អ្នកក្លាហានគឺជាអ្នកធ្វើ

វិធីទីពីរក្នុងការបណ្ដុះសេចក្តីក្លាហា គឺឆន្ទៈដែលស្ដែងចេញតាមរយៈទង្វើ។ អ្នកដែលមានភាពក្លាហានប្រភេទនេះមិនរងចាំនរណាម្នាក់មកដាស់គេដើម្បីឱ្យធ្វើសកម្មភាពទៅលើរឿងដែលត្រូវធ្វើនោះទេ។ ចំណែកឯអ្នកដឹកនាំដែលពោរពេញដោយសេចក្តីក្លាហានគឺជាអ្នកដែលបញ្ចេញសកម្មភាពមុនគេដោយគ្មានការបង្ខិតបង្ខំ។ បន្ថែមពីនេះ ពួកគេក៏ជាមនុស្សដែលនឹងបង្ហាញឱ្យអ្នកដទៃឃើញថាពួកគេនឹងជម្នះឱ្យបាន នូវអ្វីដែលអ្នកផ្សេងភ័យខ្លាចមិនហ៊ានប្រឈមមុខជាមួយ។

៣\ អ្នកក្លាហានគឺជាអ្នកតស៊ូ មិនដើរចេញ

លក្ខណៈមួយទៀតដែលអាចសម្គាល់បានពីភាពក្លាហានរបស់អ្នកដឹកនាំ គឺការទទួលខុសត្រូវគ្រប់រឿងរ៉ាវទាំងអស់ដែលគេបានធ្វើ។ ម្យ៉ាងវិញទៀត ពួកគេក៏មិនយកលេស ឬគេចវេសពីកំហុសដែលពួកគេបានបង្កើតដែរ។ ទោះបីជាបញ្ហាលំបាកយ៉ាងណា និងអារម្មណ៍តានតឹងដែលពួកគេទទួលបានប៉ុណ្ណាក៏ដោយ ពួកគេនឹងអត់ធ្មត់ និងស៊ូទ្រាំប្រជែងជាមួយបញ្ហាទាំងនោះមិនដកថយ រហូតដល់អ្វីៗចាប់ផ្តើមប្រសើរឡើង។ ជួនកាលឧបសគ្គដែលអ្នកជួបប្រទះក្នុងជីវិតទាំងឡាយនឹងមានដំណោះស្រាយយ៉ាងងាយស្រួល ដរាបណាអ្នកមិនដើរចេញពីវា។

៤\ អ្នកក្លាហានគឺជាអ្នកប្រថុយប្រថាន

ចូរចងចាំថា អនាគតគឺជាកម្មសិទ្ធិរបស់អ្នកដែលហ៊ានប្រថុយនឹងហានិភ័យ ហើយក៏គ្មានរឿងអស្ចារ្យណាកើតឡើងចំពោះមនុស្សកំសាកដែរ។ យ៉ាងណា វាមិនមែនមានន័យថាអ្នកត្រូវតែហ៊ានប្រថុយទាំងជីវិត និងអ្វីទាំងអស់ដែលអ្នកមានដើម្បីបង្កើតរឿងដ៏អស្ចារ្យនោះទេ។ តែវាមានន័យថាអ្នកហ៊ានប្រថុយជាមួយហានិភ័យដែលអ្នកអាចទ្រទ្រង់បាននៅក្នុងទិសដៅបង្កើនការរីកចម្រើនទៅមុខ។ ជាងនេះទៅទៀត អ្នកត្រូវតែចេះគណនាពីទំហំនៃហានិភ័យដែលអាចនឹងកើតឡើងបាន ប៉ុន្តែអ្នកនៅតែហ៊ានធ្វើដំណើរឆ្ពោះទៅមុខបន្ត។

សមត្ថភាពដែលអាចបែងចែកបានយ៉ាងច្បាស់រវាងអ្នកនាំ(Leader) និងអ្នកដែលដើរតាម(Follower) គឺជាឆន្ទៈ និងសេចក្តីក្លាហានក្នុងការបញ្ចេញសកម្មភាពដោយគ្មានការបង្ខិតបង្ខំ។ អ្នកអាចសម្រេចជោគជ័យដ៏ត្រចះត្រចង់មួយដោយការបណ្ដុះសេចក្តីក្លាហានក្នុងភាពជាអ្នកដឹកនាំរបស់អ្នក និងហ៊ានចាប់យកហានិភ័យដោយភាពជឿជាក់ និងការមិនចុះចាញ់ឧបសគ្គ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕