បទពិសោធន៍គ្រប់គ្រងចំនួនពីរ សម្រាប់អ្នកកំពុងមានគម្រោងបើកអាជីវកម្មខ្លួនឯង

649

នៅពេលអ្នកចេញរកស៉ីខ្លួនឯង ហើយដឹកនាំអាជីវកម្មនោះ ការគ្រប់គ្រងស្ថាប័នមួយតែម្នាក់ឯងអាចជារឿងមួយថ្មីរបស់អ្នក។ តើអ្នកគ្រប់គ្រងទាំងអស់សុទ្ធតែប្រើស្តង់ដារដូចគ្នាមែនទេ? មិនមែនទេ អ្នកគ្រប់គ្រងសុទ្ធតែមានស្ទីលដឹកនាំខុសៗគ្នា ទៅតាមអ្វីដែលពួកគេបានរៀន បូករួមជាមួយបទពិសោធន៍ជាក់ស្តែងដែលពួកគេឆ្លងកាត់ក្នុងនាមជាអ្នកដឹកនាំ។ 

នៅពេលចេញដឹកនាំដំបូង អ្នកប្រាកដជាជួបកូនចៅ ឬបុគ្គលិកកម្រិតទាបភាគច្រើន។ នៅពេលខ្ញុំចេញបើក និងគ្រប់គ្រងអាជីវកម្មខ្លួនឯងដំបូង ខ្ញុំខ្លួនឯងក៏នៅស្ទើរ ហើយក្រុមការងារ និងបុគ្គលិកក៏នៅមានកម្រិត។ នៅពេលក្រុមទាំងមូលសំបូរទៅដោយមនុស្សសមត្ថភាពនៅមានកម្រិត ខ្ញុំដឹកនាំពួកគេដោយគ្មានរបៀបច្បាស់លាស់ ហើយពេលខ្លះប្រើវិធីក្តៅជាមួយពួកគេ ពេលខ្លះប្រើវិធីត្រជាក់លួងលោម និងតឿនឲ្យធ្វើការដដែលៗ មិនច្បាស់ថាខ្ញុំជាមេដឹកនាំ ឬកូនចៅរបស់ពួកគេ។ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ក្រោយពីបរាជ័យក្នុងអាជីវកម្ម ខ្ញុំបានធ្វើតេស្តចូលជាសមាជិកនៅក្នុងក្លឹបអ្នកជំនួញមួយឈ្មោះ MMG Cambodia មិនយូរប៉ុន្មានក៏បានចូលរួមវិនិយោគក្លាយជាម្ចាស់ភាគហ៊ុននៅក្នុងគម្រោងអាជីវកម្មមួយ ដែលបច្ចុប្បន្នវាកំពុងពង្រីកខ្លួនគ្របដណ្តប់លើវិស័យហិរញ្ញវត្ថុ លក់រាយ និងអចលនវត្ថុ។ នៅពេលនោះខ្ញុំគ្មានសមត្ថភាពធ្វើជាមេដឹកនាំក្រុមការងារទាំងនោះទេ ព្រោះពួកគេសុទ្ធតែទទួលបានការអប់រំផ្នែកជំនួញពីសាលាល្បីៗ ពីក្រុមម្ចាស់ក្លឹបជំនួញ និងឆ្លងកាត់បទពិសោធន៍យ៉ាងក្រាស់ក្រែល។ ប៉ុន្តែអ្វីដែលខ្ញុំរៀនសូត្របានគឺ នៅពេលក្រុមការងារពោរពេញទៅដោយធនធានមនុស្សពូកែៗ លទ្ធផលគឺទទួលបានខ្ពស់ និងប្រព័ន្ធការងារដំណើរការបានលឿន គ្មានការរអាក់រអួលដូចកាលពីខ្ញុំនៅគ្រប់គ្រងអាជីវកម្មដំបូងរបស់ខ្ញុំនោះទេ។ អ្នកដឹកនាំមានប្រព័ន្ធ និងគោលការណ៍ច្បាស់លាស់ក្នុងការគ្រប់គ្រងក្រុមទាំងមូល ហើយបញ្ជាប្រព័ន្ធដោយម៉ឺងម៉ាត់ និងទំនុកចិត្តខ្ពស់។ ពេលកូនក្រុមបង្កកំហុស ពួកគេនឹងទទួលបានការណែនាំ ហើយនៅពេលនរណាធ្វើបានល្អក៏ទទួលបានការសរសេរ និងរង្វាន់លើកទឹកចិត្ត។ គ្មានការលួងលោម គ្មានការតឿនដដែលៗឲ្យធ្វើការ ព្រោះសមាជិកក្រុមម្នាក់ៗសុទ្ធតែដឹងខ្លួនឯងថាត្រូវធ្វើអ្វី និងដោយរបៀបណា ហើយអ្នកគ្រប់គ្រងមានជម្រើសជាច្រើនក្នុងការដក ឬប្តូរមនុស្សឲ្យធ្វើការ។

ខ្លឹមសារគោលនៃអត្ថបទនេះ គឺសំដៅលើធនធានមនុស្ស ដែលអ្នកគួរយកមកចូលរួមក្រុម បើអ្នកមានគម្រោងចង់បើកអាជីវកម្ម ហើយគ្រប់គ្រងវាដោយខ្លួនឯង។ បើអ្នករើសសមាជិកមិនបានត្រឹមត្រូវ បទពិសោធន៍ដឹកនាំរបស់អ្នកនឹងប្រហាក់ប្រហែលគ្នានឹងពេលខ្ញុំចាប់ផ្តើមដំបូងដូច្នោះដែរ។ ក្នុងនាមជាអ្នកដឹកនាំ អ្នកគួរចេះមើលមនុស្សឲ្យបានត្រូវ ហើយអូសទាញពួកគេមករួមក្រុម ទើបគោលដៅរបស់អ្នកងាយស្រួលសម្រេច។ ប៉ុន្តែការនិយាយពីមនុស្សមានសមត្ថភាពពិតប្រាកដគឺងាយទេ ការស្វែងរក និងធ្វើយ៉ាងណាទទួលបានពួកគេទើបជារឿងពិបាក។ អ្នកអាចជ្រើសរើសជម្រើសបទពិសោធន៍ណាមួយ ក្នុងចំណោមបទពិសោធន៍ទាំងពីរខាងលើ។ ឬក៏មកទល់ពេលនេះអ្នកបានឆ្លងកាត់បទពិសោធន៍ទីមួយរួចហើយ អ្នកអាចរៀបគម្រោងចាប់ផ្តើមជាថ្មី ដោយបង្កើតបទពិសោធន៍ធ្វើជាអ្នកគ្រប់គ្រងដែលមានប្រព័ន្ធច្បាស់លាស់ និងមានកូនក្រុមសំបូរទៅដោយមនុស្សមានសមត្ថភាពខ្ពស់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម no-alternative title
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...