ហេតុផលដែលអ្នករៀនបានច្រើន តែមិនអាចធ្វើឲ្យជីវភាពល្អប្រសើរ

1306

១.​ ពួកគាត់មិនបានទទួលការអប់រំអំពីហិរញ្ញវត្ថុ៖ នៅពេលដែលអ្នកគិតដល់ការអប់រំនោះអ្នកគិតថាវានឹងបង្រៀនអ្នកអំពីអ្វីៗជាច្រើនដែលចាំបាច់ក្នុងជីវិត។ ឧទាហរណ៍ថាអ្នកគឺជាពេទ្យដ៏ពូកែឬជាមេធាវីដ៏ឆ្លាតម្នាក់ ប៉ុន្ដែមិនប្រកដថាអ្នកយល់ដឹងច្រើនអំពីលុយឡើយ សូម្បីតែអ្នកខាងគណនេយ្យដែលកាន់លុយទាំងបាច់ៗរាល់ថ្ងៃក៏មិនយល់ពីវាដែរ។ ហេតុផលដែលមនុស្សពូកែៗជាច្រើនមិនសូវយល់ដឹងអំពីលុយគឺដោយសារតែសាលាមិនបង្រៀនហើយក៏មិនចាប់អារម្មណ៍នឹងបង្រៀនមនុស្សអំពីលុយនោះដែរ។ ដើម្បីទទួលបានចំណេះដឹងល្អៗទាក់ទងនឹងហិរញ្ញវត្ថុអ្នកអាចចាប់ផ្ដើមដំបូងដោយអានសៀវភៅល្អៗទាក់ទងនឹងវា។

២.ឈប់រៀនក្រោយពេលបញ្ចប់ការសិក្សា៖ អ្នកអាចនឹងគិតថាខ្លួនជាមនុស្សចេះដឹងម្នាក់ក្រោយពេលទទួលបានសញ្ញាប័ត្រពីសាលាដ៏ល្បីឈ្មោះមួយ ហើយមនុស្សជាច្រើនគិតបែបនេះដោយពេលរៀនចប់ហើយពួកគេមិនសូវខ្វាយខ្វល់នឹងការខិតខំស្វែងរកចំណេះដឹងបន្ថែមនោះទេ។ ដោយសារកត្តានេះហើយទើបមនុស្សជាច្រើនធ្វើអោយឳកាសល្អបាត់បង់ទៅព្រោះខ្លួនគ្មានសមត្ថភាពនឹងទទួលយកវា។ អ្នកត្រូវប្រៀបចំណេះវិជ្ជាទៅនឹងទឹក ព្រោះអ្នកមិនមែនត្រូវការទឹកតែមួយពេលនោះទេតែត្រូវការរៀងរាល់ថ្ងៃ។

៣.រៀនកាន់តែយូរអ្នកកាន់តែចង់ធ្វើការជាងរកស៊ី៖ សាលាត្រូវបានបង្កើតឡើងដើម្បីហ្វឹកហាត់មនុស្សអោយក្លាយទៅជាបុគ្គលិកនិងចូលចិត្តការងាររបស់ខ្លួន ហើយបើអ្នកកាន់តែចំណាយពេលច្រើនក្នុងសាលានោះគំនិតមួយនេះនឹងកាន់តែជ្រៀបចូលខួរក្បាលអ្នកកាន់តែជ្រៅទៅៗ។​ ដោយសារតែការធ្វើការមិនអាចរកចំណូលអោយអ្នកបានច្រើន នោះការចំណាយពេលកាន់តែយូរជាមួយវាអ្នកនឹងកាន់តែខើចឳកាសក្នុងការស្វែងរកសេរីភាពហិរញ្ញវត្ថុអោយខ្លួនឯង។ ទោះបីជាពេលនេះអ្នកនៅជាបុគ្គលិកគេក៏ដោយ ក៏មិនមែនមានន័យថាអ្នកមិនអាចសិក្សាអំពីការវិនិយោគបានដែរ ដូចនេះកាន់តែឆាប់រៀនអ្នកនឹងកាន់តែយល់ដឹងច្រើនអំពីការវិនិយោគ។

៤.គិតថាខ្លួនចេះច្រើនហើយ៖ ពួកគេគិតថាបុគ្គលដែលរៀនមិនបានចប់មិនបានសញ្ញាប័ត្រគឺមិនសូវចេះដឹងអ្វីឡើយ ហើយមានតែខ្លួនទេដែលចេះច្រើនជាងគេ។ ការគិតបែបនេះធ្វើអោយខ្លួន​ឯងបាត់បង់ឳកាសក្នុងការរៀនសូត្រពីអ្នកដទៃព្រោះចំណេះដឹងមានច្រើនប្រភេទមិនមែនទាល់តែរៀននៅសាលាទើបក្លាយជាអ្នកចេះដឹងនោះទេ ពេលខ្លះមុខវិជ្ជាមួយចំនួនដែលអ្នករៀននៅសាកលវិទ្យាល័យគឺមិនសូវមានប្រយោជន៍ឡើយនៅក្នុងសង្គម។ អ្នកដឹងទេថាក្មេងបច្ចុប្បន្នមួយចំនួនដែលមិនសូវបានរៀនសូត្រច្រើននៅសាលា ប៉ុន្ដែពួកគេអាចរកចំណូលបានច្រើនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី ខណៈអ្នកដែលថាអោយគេនោះមិនទាំងដឹងឬចេះប្រើបច្ចេកវិទ្យាទាំងនោះផង។

៥.ចូលចិត្តចំណាយទៅលើបំណុល៖ នៅពេលដែលអ្នកធ្វើការបានប្រាក់ខែច្រើន មនុស្សទាំងនោះក៏ចាប់ផ្ដើមចាយធំដូចគ្នាទៅលើផ្ទះធំ ឡានថ្មី ខោអាវថ្លៃៗជាដើម។ ចំនួនលុយដែលអ្នករកបានពីការធ្វើការមិនសំខាន់សម្រាប់អនាគតរបស់អ្នកដូចចំនួនលុយដែលអ្នកយកទៅវិនិយោគនោះទេ។

៦.បាត់បង់ការងារ៖ ក្នុងសង្គមសព្វថ្ងៃនេះ មិនថាអ្នករៀនបានច្រើនឬពូកែយ៉ាងណាទេ អ្វីៗអាចកើតឡើងគ្រប់ពេលហើយពេលខ្លះវាអាចធ្វើអោយអ្នកបាត់បង់ការងារផងដែរ។ អ្នកប្រហែលគិតថាការរកស៊ីក៏ប្រថុយទៅនឹងការបរាជ័យផងដែរ ប៉ុន្ដែអ្នកត្រូវគិតថាអ្នករកស៊ីគឺជាអ្នកកំណត់ជោគវាសនារបស់ខ្លួន ខណៈដែលអ្នកធ្វើការគឺក្រុមហ៊ុនជាអ្នកកំណត់ជោគវាសនារបស់ខ្លួនទៅវិញ។ នៅពេលបាត់បង់អាជីវកម្មមួយអ្នកអាចនឹងចាប់ផ្ដើមថ្មីព្រោះអ្នកដឹងពីរបៀបចាប់ផ្ដើមពីដំបូងបូករួមនឹងចំណេះដឹងអំពីកំហុសដែលខ្លួនបានធ្វើ រីឯអ្នកធ្វើការអោយគេវិញមានតែទៅរកការងារថ្មី៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។