បង្កើនផលិតភាពការងារប្រចាំថ្ងៃ

1979

អ្នកដែលឃើញមនុស្សមួយចំនួនតូចពូកែធ្វើការបានច្រើនហើយមានប្រសិទ្ធភាពខ្ពស់ដែរឬទេ? នោះគឺដោយសារតែពួកគាត់មានវិធីសាស្ត្រក្នុងការធ្វើការមួយចំនួន ហើយអ្នកក៏អាចរៀនពីពួកគាត់បានផងដែរ។

១.ផ្ដោតលើការងារម្ដងមួយ៖ អ្នកអាចនឹងគិតថាការធ្វើការច្រើនក្នុងពេលតែមួយនឹងធ្វើអោយអ្នកសម្រេចកិច្ចការបានច្រើន ប៉ុន្ដែការពិតវាមិនមែនបែបនឹងទេទោះបីអ្នកអាចធ្វើបានច្រើនមែន ប៉ុន្ដែគុណភាពនៃការងារនោះមិនល្អអស់លទ្ធភាពឡើយ។​ បុគ្គលធ្វើការបានល្អគឺពួកគាត់ផ្ដោតទៅលើការងារណាដែលសំខាន់ជាងគេហើយធ្វើវាទាល់តែចប់ទើបងាកទៅធ្វើការងារដែលសំខាន់បន្ទាប់។

២.ជៀសចេញពីអ្វីដែលធ្វើអោយអ្នកបែកអារម្មណ៍៖ ការផ្ដោតទៅលើការងារម្ដងមួយដូចចំនុចខាងលើមិនអាចទៅរួចនោះឡើយប្រសិនបើអ្នកមានទូរស័ព្ទឬឧបករណ៍អ្វីមួយដែលអាចទាក់ទាញអារម្មណ៍របស់អ្នកទៅកាន់វា។ អ្នកអាចសាកដាក់វាអោយឆ្ងាយឬផ្ដាច់អ៊ីនធើណេតចោលសិន បន្ទាប់ពីធ្វើការរួចហើយសឹមមកមើលវាវិញ។ ឬវិធីសាស្ត្រមួយទៀតនោះគឺអ្នកអាចកំណត់ម៉ោងដើម្បីឆែកមើលទូរស័ព្ទ សារ ឬ អ៊ីម៉ែលនៅពេលជាក់លាក់ណាមួយ។ ដំបូងៗឡើយវាអាចនឹងពិបាកធ្វើបន្ដិច ប៉ុន្ដែយូរៗទៅវានឹងក្លាយទៅជាទម្លាប់។

៣.កុំធ្វើការងារដែលមិនសូវចាំបាច់៖ ពេលវេលាគឺមានសារៈសំខាន់សម្រាប់អ្នកប្រសិនបើអ្នកជាមនុស្សដែលមានផលិតភាពការងារខ្ពស់ ដូចនេះការងារមួយចំនួនដែលដែលសំខាន់ល្មមៗ អ្នកអាចផ្ទេរការងារនោះទៅអោយអ្នកផ្សេងធ្វើឬរកអ្នកផ្សេងមកធ្វើជំនួសវិញ។ ឧទាហរណ៍ថាអ្នកមានហាងលក់ដូរមួយ ហើយអនាម័យនិងរបៀបរាបរយក្នុងហាងពិតជាមានសារៈសំខាន់ អ្នកអាចនឹងធ្វើវាខ្លួនឯងបានប៉ុន្ដែអ្នកអាចនឹងមិនមានពេលទៅធ្វើការងារសំខាន់ជាងដូចជាទាក់ទងនឹងការចំណាយចំណូល រិះរកគំនិតថ្មីៗសម្រាប់ហាងរបស់អ្នក ត្រួតពិនិត្យមើលស្តុក មើលទំនិញណាលក់ដាច់ឬមិនដាច់ជាដើម ដូចនេះវិធីដែលល្អនោះគឺអ្នកអាចរកចំនួនការដើម្បីទទួលខុសត្រូវខាងអនាម័យក្នុងហាងវិញ។

៤.តុល្យភាពការងារនិងជីវិត៖ ដើម្បីធ្វើការងារបានល្អអ្នកមិនអាចធ្វើការងារតែមួយមុខបានទេ តែអ្នកត្រូវការពេលវេលាសម្រាប់ជីវិតផ្ទាល់ខ្លួនផងដែរ។ យុវវ័យមួយចំនួនយកលេសនេះដើម្បីធ្វើការងារតិចព្រោះពួកគេគិតថាបើប្រឹងតែធ្វើការពេកនឹងធ្វើអោយស្ត្រេសជាមិនខាន ប៉ុន្ដែគេមិនបានគិតថានៅក្មេងគឺជាពេលល្អបំផុតសម្រាប់ប្រឹងប្រែងធ្វើការមិនថាសម្រាប់ខ្លួនឯងផ្ទាល់ ឬកន្លែងធ្វើការរបស់ខ្លួនទេ។ អ្វីដែលអ្នកគួរធ្វើនោះគឺចំណាយពេលសម្រាប់ជីវិតតិចជាងការងារ ប៉ុន្ដែត្រូវអោយប្រាកដថាពេលវេលាខ្លីមួយនោះផ្ដល់នូវផលប្រយោជន៍ច្រើនទាំងសុខភាព ទំនាក់ទំនង និង ការរស់នៅរបស់អ្នក មិនមែនចំណាយពេលទៅលេងហ្គេមឬធ្វើអ្វីដែលមិនផ្ដល់ប្រយោជន៍ដល់គុណភាពជីវិតនោះទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។