អនុបាតសកម្ម ឬ Current Ratio គឺជាអ្វី?

ការមើលលើអនុបាតហិរញ្ញវត្ថុ គឺជារឿងសំខាន់សម្រាប់វាយតម្លៃអាជីវកម្ម ឬក្រុមហ៊ុនណាមួយ មុនពេលសម្រេចចិត្តវិនិយោគ។

ឥទ្ធិពលរបស់វីរុស Covid-19 មកទល់ពេលនេះ បានធ្វើឲ្យអាជីវកម្មជាច្រើនមិនអាចដំណើរអាជីវកម្មរបស់ពួកគេបានធម្មតា ឬអាចនិយាយថាជាពេលវេលាដ៏ពិបាកមួយរបស់ពួកគេ។ ស្ថានភាពបែបនេះ បានធ្វើឲ្យអាជីវកម្មធ្លាក់ចំណូល ហើយអាជីវកម្មដែលមួយចំនួនដែលរងផលប៉ះពាល់ខ្លាំងគឺបាត់បង់ចំណូលទាំងស្រុង ខណៈថ្លៃចំណាយផ្សេងៗដូចជាថ្លៃជួលទីតាំង ថ្លៃបង់ការប្រាក់កម្ចីធនាគារ និងប្រាក់ឈ្នួលបុគ្គលិកជាដើម។ 

ថ្ងៃនេះយើងចាប់ផ្តើមពី អនុបាតសកម្ម ដែលនិយាយឲ្យខ្លីទៅ វាគឺសំដៅលើលទ្ធភាពសងបំណុលរយៈពេលខ្លី (បំណុលដែលមានអាយុកាល១២ខែចុះក្រោម) របស់ក្រុមហ៊ុនមួយ។

ឧទាហរណ៍នៅក្នុងស្ថានភាពជាក់ស្តែង។ ក្នុងវិបត្តិ covid-19 ប្រសិនបើអាជីវកម្មរបស់អ្នកធ្លាក់ ឬបាត់ចំណូលមួយភាគធំ ដែលមិនអាចមានសាច់ប្រាក់បង់ចំណាយប្រាក់ខែបុគ្គលិក ថ្លៃជួលហាង ឬអាគារ ថ្លៃការប្រាក់ ដល់ថ្ងៃទូទាត់បំណុល… បែបនេះអ្នកនឹងប្រមូលទ្រព្យសកម្មរបស់ក្រុមហ៊ុន ដើម្បីទូទាត់បំណុលទាំងនោះ។ តើទ្រព្យសកម្មរបស់អ្នកមានគ្រប់សម្រាប់ទូទាត់បំណុលរយៈពេលខ្លីសរុប ដែរទេ?

អ្នកវិនិយោគតែងចង់មើលអនុបាតសកម្មធំជាង ១។ ចម្លើយដែលបានមកពីការយកទ្រព្យសកម្មសរុប ចែកជាមួយនឹងទ្រព្យអកម្មសរុប ឬ ចំណុលរយៈពេលខ្លីសរុប ប្រសិនបើឃើញ ១ មានន័យថាក្រុមហ៊ុននោះមានលទ្ធភាពគ្រប់ល្មមសងបំណុលរយៈពេលខ្លីទាំងអស់។ បើឃើញ ២ មានន័យថាក្រុមហ៊ុននោះមានលទ្ធភាពទ្វេរដងសម្រាប់សងបំណុលរយៈពេលខ្លីសរុប។ 

ឧទាហរណ៍៖ អ្នកបើកលក់ផ្លែឈឺស្រស់ ដែលសន្មតថាផ្លែឈើទាំងអស់នោះមានតម្លៃសរុប ៣០០០ដុល្លារ និងមានសាច់ប្រាក់សុទ្ធចំនួន ២០០០ដុល្លារ។ អ្នកជំពាក់ប្រាក់ម្ចាស់ចំការផ្លែឈើដែលអ្នកទិញមកលក់នោះ ចំនួន ១០០០ដុល្លារ។

អនុបាតសកម្ម៖ (៣០០០+២០០០) / ១០០០ = ៥

មានន័យថាអ្នកមានទ្រព្យសកម្ម លើសទ្រព្យអកម្ម ចំនួន ៥ដង។ ប្រសិនបើចម្លើយក្រោមមួយ មានន័យថា អាជីវកម្មរបស់អ្នកកំពុងប្រឈមមុខជាមួយវិបត្តិបំណុល គ្មានទ្រព្យសកម្មចរន្តសម្រាប់ទូទាត់បំណុល ឬទូទាត់ចំណាយចាំបាច់នានានៅពេលជួបបញ្ហាចំណូលធ្លាក់ចុះ៕

អាន៖ ចំណុចសំខាន់ៗអំពីទ្រព្យក្នុងអាជីវកម្ម

ផ្ទាំងឃោសនាពាណិជ្ជកម្ម
CYPIC គឺជាក្លឹបអ្នកវិនិយោគវ័យក្មេងមួយដែលត្រូវបានបង្កើតឡើងដោយមនុស្សស្ថិតក្នុងរង្វង់ពាណិជ្ជកម្មមួយក្រុម។ ក្លឹបបានសហការជាមួយវេបសាយ Apamat ដើម្បីផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ ជាពិសេសទាក់ទងនឹងការវិនិយោគ ដល់អ្នកបន្តវេនរបស់កម្ពុជា។