របៀបដែលគេរកប្រាក់ចំណេញពីការវិនិយោគ នៅពេលមានវិបត្តិសេដ្ឋកិច្ចកើតឡើង

892

តើអ្នកធ្លាប់បានទាញយកផលប្រយោជន៍អ្វីខ្លះពីវិបត្តិសេដ្ឋកិច្ច ហើយចុះវិបត្តិ covid-19 នេះវិញ? ខ្ញុំមិនមែនសំដៅលើជនឆ្លៀតឱកាសដែលអនុវត្តន៍របៀបរកស៉ីមិនត្រឹមត្រូវស្របពេលមនុស្សជាច្រើនកំពុងជួបវិបត្តិនោះទេ អត្ថបទនេះខ្ញុំសំដៅលើការវិនិយោគក្នុងពេលប្រទេស ឬពិភពលោកមានវិបត្តិសេដ្ឋកិច្ច។ 

ការវិនិយោគរបៀបនេះអាចអនុវត្តន៍បានចំពោះតែមនុស្សដែលបានត្រៀមខ្លួនទុកជាមុនប៉ុណ្ណោះ ព្រោះវាត្រូវការប្រើប្រាស់សាច់ប្រាក់ចំនួនច្រើន ដូចជាការទិញដីក្នុងតំបន់សក្តានុពលទុកក្នុងតម្លៃទាបជាដើម។ មានមនុស្សជាច្រើនដែលជំពាក់ប្រាក់ធនាគារ ហើយមិនអាចរកប្រាក់បង់ធនាគារបានដោយសារតែវិបត្តិ covid-19 ហើយពួកគេបានបង្ខំចិត្តលក់ដីផ្ទះក្នុងតម្លៃទាបជាងតម្លៃមុនពេលសេដ្ឋកិច្ចមានបញ្ហា។ ស្របពេលនោះ មនុស្សជាច្រើនទៀតក៏ជួបបញ្ហាបាត់បង់ប្រាក់ចំណូលដូចគ្នា ពួកគេមិនមានប្រាក់សម្រាប់ទិញដីទុកនោះទេទោះបីជាពួកគេចង់ក៏ដោយ ប៉ុន្តែសម្រាប់អ្នកដែលបានត្រៀមខ្លួនទុក ហើយមានសាច់ប្រាក់បង្វិលច្រើន ពួកគេនឹងទាញយកប្រាក់ចំណេញពីការទិញទាំងនោះ។

អាចទិញដី ភាគហ៊ុន និងអាជីវកម្ម ប៉ុន្តែសម្រាប់ខ្ញុំភាគច្រើនជ្រើសរើសការទិញភាគហ៊ុន ដោយសារការទិញដីត្រូវការប្រើសាច់ប្រាក់ច្រើន ហើយកន្លែងខ្លះមានអត្រាចំណេញទាបជាងភាគហ៊ុន។ ឧទាហរណ៍ ការទិញដីទុកចំពេលមានវិបត្តិសេដ្ឋកិច្ច ដែលអាចរកប្រាក់ចំណេញមកវិញពី ២៥% ទៅ ៤០% នៃដើមទុន ដោយការលក់ដីនោះចេញវិញនៅពេលសេដ្ឋកិច្ចល្អឡើងវិញ ដែលនេះចំណេញខ្ពស់ជាងច្រើនពីការដាក់ប្រាក់នៅធនាគារយកការប្រាក់។ ប្រៀបធៀបជាមួយជម្រើសទិញភាគហ៊ុន ការវិភាគលើហានិភ័យ និងលទ្ធភាពជាក់ស្តែង ប្រសិនបើវាប្រសើរជាងការយកលុយទៅទិញដី ខ្ញុំនឹងជ្រើសយកការទិញភាគហ៊ុន។ ចំណែកនេះជាឧទាហរណ៍ជាក់ស្តែងមួយ ខ្ញុំបានទិញភាគហ៊ុន ១០% នៅក្នុងអាជីវកម្មបោះផ្សាយមួយ ដែលជាលទ្ធផលវាអាចរកប្រាក់ចំណេញត្រឡប់មកវិញរហូតដល់ ១២០% ក្នុងរយៈពេលតែ ២ខែប៉ុណ្ណោះ។ មនុស្សមួយចំនួន ពួកគេអាចនឹងមិនជឿលើឧទាហរណ៍នេះ ប៉ុន្តែនៅពេលអ្នកបានវិនិយោគក្នុងអាជីវកម្មផលិតផលិតផលមានទីផ្សារខ្ពស់ ដែលដាក់លក់ផលិតផលរបស់ពួកគេក្នុងតម្លៃខ្ពស់ជាង ១០$ ខណៈមានថ្លៃដើមទាបជាង ៣$ នោះអ្នកនឹងអាចជួបបទពិសោធន៍ដូចខ្ញុំដែរ។ 

ខាងក្រោមនេះគឺជាដំណាក់កាលចំនួន ៣ នៃការវិនិយោគទាញយកប្រាក់ចំណេញខ្ពស់នៅពេលមានវិបត្តិសេដ្ឋកិច្ចកើតឡើង៖

១. មុនពេលមានវិបត្តិសេដ្ឋកិច្ច

មុនពេលសេដ្ឋកិច្ចមានវិបត្តិ ក្រុមមនុស្សដែលមានលុយច្រើនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទាញយកប្រយោជន៍ពីវិបត្តិនោះ។ សាច់ប្រាក់របស់ពួកគេភាគច្រើនអាចនឹងជាប់នៅក្នុងអាជីវកម្ម ឬនៅក្នុងស្ថាប័នផ្តល់អត្ថប្រយោជន៍ឯកជននានា ប៉ុន្តែមុនពេលសេដ្ឋកិច្ចរំកិលទៅរកចំណុចមួយអាក្រក់បំផុត ពួកគេព្យាយាមប្រមូលសាច់ប្រាក់ត្រៀមទុកដើម្បីទិញយកទ្រព្យផ្សេងៗក្នុងតម្លៃទាប។ ដូចជាវិបត្តិ covid-19 អញ្ចឹង វាបានចាប់ផ្តើមរីករាលដាលនៅប្រទេសចិនតាំងពីចុងឆ្នាំ ២០១៩ ហើយមកដល់ពាក់កណ្តាលឆ្នាំ ២០២០ វាបានធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជាធ្លាក់ចុះ។ ក្រុមមនុស្សដែលមើលដឹង មុនពេលវិបត្តិនេះកើតឡើង ពួកគេបានត្រៀមខ្លួនបង្កើតឱកាសនៅក្នុងវិបត្តិ។

មុនពេលមានវិបត្តិ Covid-19 តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនដឹកជញ្ជូនអាហារ ក្រុមហ៊ុនបណ្តាញសង្គម ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផ្តល់កម្មវិធីបង្រៀនតាមអនឡាញ ក្រុមហ៊ុនលក់ទំនិញលើអ៊ីនធើណិត ក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់តាមទូរស័ព្ទដៃ និងមួយចំនួនទៀតមានតម្លៃថោក ក្រោយមកនៅពេលវិបត្តិផ្ទុះឡើង តម្លៃភាគហ៊ុនទាំងនោះក៏ហក់ឡើងដូចគ្នា មានន័យថាគេអាចរកប្រាក់ចំណេញតាមរយៈការទិញភាគហ៊ុនទាំងនោះទុក នៅមុនពេល covid-19 រីករាលដាលកាន់តែខ្លាំង។ 

២. អំឡុងពេលមានវិបត្តិសេដ្ឋកិច្ច

ស្របពេលសេដ្ឋកិច្ចកំពុងដាំក្បាលចុះ ក្រុមមនុស្សដែលបានត្រៀមទុកសាច់ប្រាក់ទាំងនោះ ចាប់ផ្តើមវិនិយោគប្រាក់របស់ពួកគេទិញយក អចលនវត្ថុ ភាគហ៊ុន និងអាជីវកម្មនានាដែលមានសក្តានុពល ក្នុងតម្លៃទាប។

មានដី និងផ្ទះជាច្រើនត្រូវបានគេប្រកាសលក់ក្នុងតម្លៃទាប ដោយសារម្ចាស់អចលនវត្ថុទាំងនោះជួបបញ្ហាសេដ្ឋកិច្ច ដែលវាគឺជាឱកាសរបស់ក្រុមមនុស្សទាំងនោះ ក្នុងការទិញទុកដើម្បីលក់វិញក្នុងអត្រាចំណេញខ្ពស់។

អំឡុងពេលផ្ទុះ covid-19 អាជីវកម្មជាច្រើនបានរងការឈឺចាប់ដោយសារបាត់បង់ប្រាក់ចំណូលគោល ដែលក្នុងនោះមានអាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ អាកាសចរណ៍ សាលារៀន ក្រុមហ៊ុនដឹកអ្នកដំណើរ សណ្ឋាគារ ភោជនីយដ្ឋាន និងច្រើនទៀត។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនោះបានធ្លាក់ចុះ ខណៈខ្លះទៀតបានប្រកាសលក់អាជីវកម្ម មានន័យថាគេអាចទាញយកផលប្រយោជន៍ដោយសម្លឹងមើលលទ្ធភាពទិញយកភាគហ៊ុន ឬអាជីវកម្មណាដែលកំពុងជួបបញ្ហាក្នុងតម្លៃទាប ហើយគេអាចព្យាករណ៍ថាអាជីវកម្មទាំងនោះនឹងងើបឡើងវិញក្រោយពេលវិបត្តិត្រូវបានគេដោះស្រាយ។

៣. ក្រោយវិបត្តិ

ក្រោយវិបត្តិត្រូវបានបញ្ចប់ ទ្រព្យដែលគេទិញទុកដោយបានគិតគូរយ៉ាងម៉ត់ចត់ក្នុងតម្លៃទាបទាំងអស់នោះ វានឹងកើនឡើងតម្លៃយ៉ាងឆាប់រហ័ស វាពួកគេនឹងប្រមូលសាច់ប្រាក់ដើម និងប្រាក់ចំណេញត្រឡប់ទៅវិញ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...