តើមានចំណុចសំខាន់ៗអ្វីខ្លះដែលអ្នកត្រូវដឹង ប្រសិនបើអ្នកចង់បើកសេវាកម្មដឹកអាហារ ឬ Food Delivery App ?

1613

នៅទីក្រុងភ្នំពេញប៉ុន្មានឆ្នាំចុងក្រោយនេះ ការនិយមទទួលទានអាហាងខាងក្រៅបាននិងកំពុងតែកើនឡើងឥតឈប់ឈរ ដែលជំរុញឲ្យក្រុមហ៊ុនផ្តល់សេវាកម្មដឹកអាហារជាច្រើនត្រូវបានបង្កើតឡើង និងក្រុមហ៊ុនមកពីបរទេស។ ជាពិសេសនៅក្នុងពេលផ្ទុះឡើងជម្ងឺឆ្លង covid-19 បានធ្វើឲ្យប្រជាជនក្នុងទីក្រុងមិនសូវហ៊ានចេញទៅក្រៅ ដែលបានជំរុញឲ្យពួកគេសាកល្បងបទពិសោធន៍ថ្មីកម្មង់អាហារតាម App ហើយវាបានធ្វើឲ្យពួកគាត់មានអារម្មណ៍ថាងាយស្រួលជាងការចេញទៅហូបនៅហាង។ 

នៅពេលចេញទៅហូបអាហារខាងក្រៅ យើងតែងតែចំណាយពេលច្រើនលើការរៀបចំខ្លួន និងធ្វើដំណើរជាមួយអាកាសធាតុដ៏ក្តៅនៅពេលថ្ងៃ និងផ្លូវស្ទះនៅពេលល្ងាច។ មនុស្សកាន់តែច្រើនកំពុងមមាញឹកបំពេញការងារ និងរកស៉ីអាជីវកម្មផ្ទាល់ខ្លួន ពួកគេមិនមាន ឬមិនចង់ចំណាយពេលច្រើនទៅផ្សារទិញម្ហូបមកចម្អិនខ្លួនឯងនោះទេ។ ទាំងអស់នេះជាមូលហេតុចម្បងៗដែលរួមចំណែកធ្វើឲ្យអាជីវកម្មដឹកអាហារនៅកម្ពុជាកើនឡើងយ៉ាងឆាប់រហ័ស។ App ដឹកអាហារទាំងនោះផ្ទុកបញ្ចីហាងអាហារ និងភេសជ្ជៈរាប់ពាន់មុខ និងមានបញ្ចីមុខម្ហូបយ៉ាងសំបូរបែបសម្រាប់ឲ្យអ្នកប្រើជ្រើសរើស និងដឹកជញ្ជូនដល់កន្លែងយ៉ាងឆាប់រហ័ស។

នៅពេលអ្នកឃើញតម្រូវការសេវាកម្មដឹកអាហារកាន់តែរីកធំ ហើយវាហាក់ដូចជាថ្មីនៅឡើយសម្រាប់ប្រជាជនកម្ពុជា អ្នកប្រហែលជាចង់ដឹងពីការធ្វើវាដែរ។ ថ្ងៃនេះ apamat.com នឹងនាំយកចំណុចសំខាន់ៗអំពីការបើកអាជីវកម្មដឹកអាហារមកជូនមិត្តអ្នកអានពិចារណាដូចខាងក្រោម។

ទីផ្សារ App ដឹកជញ្ជូននៅកម្ពុជា មានសេវាកម្មចំនួន ៣ កំពុងតែរីកលូតលាស់ខ្លាំង ក្នុងនោះមាន App ហៅតាក់ស៉ី, App កម្មង់ដឹកអាហារ និង សេវាកម្មដឹកជញ្ជូនទំនិញលក់លើអនឡាញ។ មុនពេលទៅដល់ការធ្វើវា ជាដំបូងអ្នកត្រូវការស្វែងយល់អំពីទីផ្សារដឹកអាហារនៅកម្ពុជាជាមុនសិន ដោយយកទីផ្សារទីក្រុងភ្នំពេញជាគោល។ បច្ចុប្បន្ននៅក្រុងភ្នំពេញកំពុងមាន App ដឹកអាហារធំៗយ៉ាងហោចណាស់ចំនួន ៦ ដែលក្នុងនោះមាន App បង្កើតឡើងនៅកម្ពុជាចំនួន ៤ ដូចជា Nham24, Muuve, Bloc និង Meal Temple ខណៈ App ធំៗរបស់ចិនចំនួន ២ គឺ FoodPanda និង E-GetS កំពុងដណ្តើមយកចំណែកទីផ្សារទៅគ្រប់គ្រងយ៉ាងឆាប់រហ័ស។ 

រូបភាពពី wheninphnompenh.com

យើងពុំមានទិន្នន័យច្បាស់លាស់អំពីប្រាក់ចំណូលប្រចាំឆ្នាំនៅក្នុងទីផ្សារផ្តល់សេវាកម្មដឹកអាហារនៅកម្ពុជានោះទេ ប៉ុន្តែផ្អែកលើការប៉ាន់ស្មាននៅទីនេះ វាត្រូវបានគេរំពឹងថាមានចំនួនជិត ១០០លានដុល្លារនៅឆ្នាំ ២០២០ និងកើនដល់ ៣៥០លានដុល្លារនៅឆ្នាំ ២០២៣។ 

ដើម្បីរៀបចំដំណើរការវាឡើង ខ្ញុំសូមបែកចែកជាពីរចំណុចធំៗនៅក្នុងការស្វែងយល់ ដោយទី១ គឺទាក់ទងនឹងការរៀបចំអាជីវកម្ម ធ្វើយ៉ាងណារៀបចំការដឹកនាំ និងគ្រប់គ្រងទាំងផ្ទៃក្នុង និងខាងក្រៅឲ្យបានល្អ និងរឹងមាំ។ ចំណុចទីពីរ គឺទាក់ទងនឹងការរៀបចំកម្មវិធីទូរស័ព្ទ(App)  គឺធ្វើយ៉ាងណារៀបចំឲ្យងាយស្រួលប្រើ និងមានមុខងារពិសេសៗជំនួយដល់ការផ្តល់សេវាកម្មជូនអតិថិជន។ 

១. ការរៀបចំអាជីវកម្ម

សម្រាប់អ្នកដែលមិនទាន់មានអាជីវកម្មផ្ទាល់ខ្លួន និងម្ចាស់អាជីវកម្មខ្នាតតូច ប្រសិនបើអ្នកបានអានសៀវភៅ “ផ្លូវចេញរកស៉ី” អ្នកប្រាកដជាយល់ដឹងច្រើនហើយអំពីការរៀបចំខ្លួនមុនដំណើរការអាជីវកម្មណាមួយ។ ចំណុចនេះសំដៅលើការរៀបចំ ចាប់តាំងពីការដាក់ឈ្មោះអាជីវកម្ម ការរៀបប្រព័ន្ធគ្រប់គ្រង ការរៀបគម្រោងទីផ្សារ គម្រោងហិរញ្ញវត្ថុ រហូតដល់យុទ្ធសាស្ត្រអភិវឌ្ឍអាជីវកម្ម។ ខាងក្រោមនេះជាចំណុចសំខាន់ៗមួយចំនួន ស្ថិតក្នុងចំណុចនៃការរៀបចំអាជីវកម្មនេះ។

ដើមទុន៖ ចំណុចសំខាន់បំផុតនៅក្នុងបំណងបើកដំណើរការអាជីវកម្មដឹកជញ្ជូនអាហារ គឺដើមទុន។ ទោះបីអ្នកមានក្រុមការងារដែលមានជំនាញបច្ចេកវិទ្យា មានសមាជិកក្រុមអះអាងចូលរួមធ្វើជាអ្នកដឹក និងធ្វើជាអ្នកទៅទំនាក់ទំនងជាមួយម្ចាស់ហាងអាហារក៏ដោយ ក៏អ្នកនៅតែត្រូវការលុយសម្រាប់បង្កើត App និងវេបសាយ ទិញអាវ កាបូបដឹក និងចំណាយលើការធ្វើទីផ្សារផងដែរ។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺដូចដែលអ្នកបានឃើញនៅក្នុងទីផ្សារស្រាប់អញ្ចឹង គឺក្រុមហ៊ុនដែលកំពុងដំណើរការទាំងនោះ មានទុនរាប់លានដុល្លារ បទពិសោធន៍ និងបច្ចេកទេសយ៉ាងរឹងមាំសម្រាប់ប្រជែងទីផ្សារ ដូច្នេះបើអ្នកចង់ចូលរួមប្រកួតប្រជែងជាមួយពួកគេ វាគឺមិនងាយស្រួលដូចកាលពីបីបួនឆ្នាំមុននោះទេ។

អ្នកត្រូវការមានគម្រោងហិរញ្ញវត្ថុ ដែលមានទិន្នន័យដើមទុនសរុបដែលអ្នកត្រូវការក្នុងដំណាក់កាលដំបូង និងប្រើប្រាស់ដើមទុននោះទៅលើអ្វីខ្លះ ដោយផ្អែកលើគំរូអាជីវកម្ម និងរបៀបចូលទីផ្សារដែលអ្នកជ្រើសយក។

បច្ចេកវិទ្យា៖ រកស៉ីក្នុងវិស័យបច្ចេកវិទ្យា អ្នកមិនអាចខ្សោយបច្ចេកវិទ្យាឡើយ ព្រោះថាបើអ្នកខ្សោយ ហើយអ្នកចូលទីផ្សារក្រោយគេ នោះអ្នកនឹងកាន់តែពិបាកប្រជែងជាមួយពួកគេមិនខាន។ ដើម្បីបង្កើត App ដឹកអាហាររបស់អ្នកបាន គឺត្រូវចំណាយពេលយ៉ាងតិចពីរទៅបីខែ និងត្រូវចំណាយពេលលើការតេស្ត App ប៉ុន្មានខែទៀតមុនដាក់ដំណើរការជាផ្លូវការ។

បច្ចេកវិទ្យាដែលអ្នកជ្រើសរើស គួរតែរើសយកបច្ចេកវិទ្យាទំនើបចុងក្រោយ លឿន និងមានសុវត្ថិភាពលើការប្រើប្រាស់។ ប្រសិនបើអ្នកខ្សោយបច្ចេកវិទ្យា អ្នកត្រូវការស្វែងរកដៃគូសហការដែលមានជំនាញច្បាស់លាស់។

គំរូអាជីវកម្ម៖ តើ App ដឹកអាហាររបស់អ្នករកចំណូលពីប្រភពណា និងដោយរបៀបណា? App ដឹកអាហារធំៗ និងភាគច្រើននៅកម្ពុជាបច្ចុប្បន្ន ពួកគេកំពុងផ្តល់សេវាកម្មដឹកឥតគិតថ្លៃដល់អតិថិជន តើពួកគេរកចំណូលបានពីណា? App ដឹកអាហារខ្លះគិតលុយថ្លៃសេវាដឹកពីអតិថិជន ហើយផ្តល់ជម្រើសចំណេញខ្ពស់ដល់ម្ចាស់ហាង ប៉ុន្តែគំរូអាជីវកម្មនេះគឺពិបាកប្រជែងមួយ App ដែល Free Delivery ។

App ដឹកអាហារជាច្រើន មានមុខងារឲ្យអ្នកប្រើចូលមើលហាងអាហារដែលនៅជិតទីតាំងរបស់ពួកគេបំផុត និងកំពុងបើកទទួលការកម្មង់ ឬដល់ម៉ោងបិទ/បើកហាង។ បន្ទាប់មកពួកគេអាចរើសយកមុខម្ហូប ឬភេសជ្ជៈដែលពួកគេចង់ហូប បន្ទាប់មកទៀតបំពេញឈ្មោះ ទីតាំងដែលត្រូវដឹកជញ្ជូនទៅ លេខទូរស័ព្ទ និង/ឬរូបភាពទីតាំងដើម្បីឲ្យអ្នកដឹកងាយស្រួលរក និងរើសជម្រើសទូទាត់ប្រាក់ថាតើអតិថិជនបង់តាម App ឬបង់តាមអ្នកដឹកជញ្ជូន (Cash on Delivery)។ ចាប់ពីការកម្មង់ទិញលើកទីពីរទៅ អ្នកប្រើនឹងកាន់តែងាយស្រួល ព្រោះមិនចាំបាច់បំពេញព័ត៌មានរបស់ខ្លួនដូចពេលកម្មង់លើកទី១នោះទេ។ ក្រោយពីអតិថិជនធ្វើការកម្មង់រួចរាល់ ភ្នាក់ងារដឹកជញ្ជូននឹងទៅចាំយកអាហារ សម្រាប់ដឹកជូនអតិថិជន ដោយស្វែងរកទីតាំងតាមផែនទីលើទូរស័ព្ទយ៉ាងងាយស្រួល។ App ដឹកអាហារអាចរកប្រាក់ចំណូលពីសេវាដឹក និងភាគរយពីម្ចាស់ហាង។ ប៉ុន្តែដោយសារតែវាថ្មីសម្រាប់ប្រជាជនកម្ពុជានៅឡើយ ទើប App ដឹកអាហារទាំងនោះផ្តល់ជម្រើសដឹកឥតគិតថ្លៃដល់អថិជនដើម្បីជំរុញឲ្យមានអ្នកប្រើប្រាស់ច្រើន និងរកប្រភពចំណូលពីជម្រើសផ្សេងៗដូចជាសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។ ទោះបីជាយ៉ាងណា ហាងអាហារខ្លះអាចផ្តល់សេវាកម្មដឹក Free ដល់អថិជន ប៉ុន្តែពួកគេតម្លើងថ្លៃអាហារឲ្យខ្ពស់បន្តិច ដើម្បីទុកគម្លាតទូទាត់ភាគរយឲ្យ App ដឹកជញ្ជូន។

App ដឹកអាហារធំៗដូចជា FoodPanda និង E-GetS ពួកគេប្រើយុទ្ធសាស្ត្រទាញប្រាក់ចំណូលបន្ថែមក្រៅពីដឹកអាហារ ដោយពួកគេដឹកទាំងគ្រឿងទេស និងទំនិញប្រើប្រាស់ផ្សេង ដោយសហការជាមួយហាងទំនិញនានា ដូច្នេះពួកគេមានលទ្ធភាពកាន់តែខ្ពស់ក្នុងការប្រកួតប្រជែងរកប្រាក់ចំណូល។

២. កម្មវិធីទូរស័ព្ទ (App)

តើអ្នកនឹងធ្វើឲ្យ App មានលក្ខណៈបែបណា និងមានមុខងារអ្វីខ្លះ?  នៅពេលចុចចូល App ដំបូង App ខ្លះតម្រូវឲ្យចុះឈ្មោះបង្កើតគណនី (Sign Up) ទើបអាចចូលប្រើប្រាស់បាន ដែលការធ្វើបែបនេះវាហាក់ដូចជាស្មុគស្មាញសម្រាប់អ្នកប្រើប្រាស់ថ្មី។ ផ្ទុយទៅវិញ App របស់ចិនទាំងពីរនោះវិញ គឺហាក់បីដូចជាងាយស្រួលជាងក្នុងការប្រើប្រាស់សម្រាប់អតិថិជនថ្មីដែលទើបតម្លើងកម្មវិធីរបស់ពួកគេ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលត្រូវមាននៅលើ App ដឹកអាហារ។

ប្រព័ន្ធតាមដានការកម្មង់ (Order Tracking) ៖ ប្រព័ន្ធនេះអាចឲ្យអតិថិជនអាចតាមដានអាហាររបស់ពួកគេបន្ទាប់ពីកម្មង់រួច ថាវាកំពុងចម្អិត ដឹកចេញមក នៅតាមផ្លូវ និងដល់ណាហើយ។ 

ជម្រើសទូទាត់ប្រាក់តាមអនឡាញ៖ អតិថិជនកម្ពុជាបច្ចុប្បន្ន ភាគច្រើនកំពុងរើសយកការទូទាត់ប្រាក់តាមអ្នកដឹក(Cash on Delivery) ច្រើនជាងការបង់តាមអនឡាញ។ ប៉ុន្តែជនបរទេសដែលកំពុងរស់នៅកម្ពុជា មួយចំនួនធំពួកគេពេញចិត្តក្នុងការបង់ក្នុង App ។ វាជារឿងសំខាន់ណាស់ចំពោះការយកចិត្តទុកដាក់លើសុវត្តិភាពទូទាត់ប្រាក់ថ្លៃអាហារតាមអនឡាញ ដូច្នេះអ្នកត្រូវធ្វើឲ្យមានភាពច្បាស់លាស់លើចំណុចនេះ ដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន ព្រោះថាទីផ្សារទូទាត់ប្រាក់តាមអនឡាញនៅកម្ពុជាក៏កំពុងតែរីកលូតលាស់ផងដែរ។ ដើម្បីដាក់ជម្រើសទូទាត់ប្រាក់តាមទូរស័ព្ទ ដោយសហការជាមួយធនាគារដូចជា Visa, MasterCard, ABA, Acleda… ឬ App ទូទាត់ប្រាក់នានាដូចជា PiPay, Wing, TrueMoney… អ្នកចាំបាច់ត្រូវចុះបញ្ចីពាណិជ្ជកម្មជាក្រុមហ៊ុនស្របច្បាប់ជាមុនសិន ទើបស្ថាប័នហិរញ្ញវត្ថុទាំងនោះ ព្រមសហការជាមួយអ្នក។

ការផ្តល់ជូនកម្មវិធីពិសេសៗ៖ នេះជាយុទ្ធសាស្ត្រទាក់ទាញអតិថិជនចាស់ៗឲ្យធ្វើការកម្មង់ជាថ្មី តាមរយៈការផ្តល់ជូនគូប៉ុង ការបញ្ចុះតម្លៃ ឬអាងប៉ាវ ដល់អតិថិជន។ អតិថិជនតែងតែចង់ទិញតាម App ណាដែលផ្តល់ជម្រើសប្រសើរជាងគេ ហើយកម្មវិធីប្រូម៉ូសិនទាំងនោះនឹងត្រូវបានផ្សព្វផ្សាយឲ្យអតិថិជនដឹង តាមរយៈ Notification ពី App, តាមបណ្តាញសង្គម និងវិធីផ្សព្វផ្សាយដទៃទៀត។

សរុបមក ប្រសិនបើអ្នកចង់បើកដំណើរការសេវាកម្មដឹកអាហារនេះ អ្នកត្រូវមានចំណុចពិសេសៗសម្រាប់ធ្វើជាយុទ្ធសាស្ត្រប្រកួតប្រជែងជាមួយក្រុមហ៊ុនដែលកំពុងដំណើរការស្រាប់ ហើយអ្នកគួរពិចារណាលើចំណុចសំខាន់ដែលបានរៀបរាប់ខាងលើ។

ទីផ្សារដឹកអាហារនៅកម្ពុជាបច្ចុប្បន្ន ទោះបីជាកំពុងមានការប្រកួតប្រជែងខ្លាំង ប៉ុន្តែទីផ្សារនេះក៏កំពុងលូតលាស់ និងមានអនាគតល្អផងដែរ។ ប្រជាជនកម្ពុជាភាគច្រើន នឹងចាប់ផ្តើមបទពិសោធន៍រស់នៅថ្មីៗរបស់ពួកគេតាមរយៈអ៉ីនធើណិត ដោយមានសេវាកម្មហៅតាក់ស៉ី សេវាកម្មដឹកអាហារ សេវាកម្មដឹកទំនិញ និងបញ្ជាទិញទំនិញ។ បច្ចុប្បន្ន ប្រជាជនកម្ពុជាភាគច្រើនទិញ និងស្គាល់ការទិញ-លក់ទំនិញតាម Facebook ដែលនៅថ្ងៃខាងមុខ ពួកគាត់នឹងផ្លាស់ប្តូររបៀបទិញថ្មី គឺទិញតាមវេបសាយ ឬ App លក់ទំនិញវិញម្តង នៅពេលជម្រើសនេះផ្តល់នូវការលក់ក្នុងតម្លៃទាបជាង មានជម្រើសច្រើនជាង ដឹកជញ្ជូនលឿនជាង និងផ្តល់ទំនុកចិត្តខ្ពស់ជាងការទិញតាម Facebook និងដោយសារការរឹតបណ្តឹងច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមអនឡាញរបស់រដ្ឋាភិបាល និងតំបន់អាស៊ានទាំងមូល៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។