យល់ដឹងអំពីការប្រើប្រាស់ទីផ្សារបណ្តាញ ជាគំរូអាជីវកម្ម

1793

ទីផ្សារបណ្តាញ ឬ Network Marketing គឺជាគំរូអាជីវកម្មមួយដែលពឹងផ្អែកលើយុទ្ធសាស្ត្រអូសទាញអ្នកចែកចាយបន្ត ដើម្បីធ្វើឲ្យអាជីវកម្មរបស់ពួកគេលូតលាស់ទៅមុខ។ គេប្រើទីផ្សារបណ្តាញដើម្បីរកប្រាក់ តាមការរៀបប្រព័ន្ធដំណើរការមួយដែលជាទូទៅពាក់ព័ន្ធនឹងជំហានបីគឺ ទីមួយណែនាំផលិតផលរបស់ពួកគេឲ្យអតិថិជនស្គាល់ ទីពីរអូសទាញអតិថិជន ឬដៃគូរកស៉ីឲ្យចូលធ្វើជាបណ្តាញចែកចាយ និងជំហានទីបីគឺប្រើវិធីបង្វឹក និងចាក់មនោគមន៍ដល់អ្នកនៅក្នុងបណ្តាញរបស់ពួកគេដើម្បីពង្រីកបណ្តាញ និងបង្កើនការលក់។ ក៏មានយុទ្ធសាស្ត្រក្រៅផ្លូវការដែលអ្នកជំនាញមិនប្រើ ប៉ុន្តែអ្នកឃើញមនុស្សមួយចំនួនប្រើនៅកម្ពុជា គឺការប្រើវិធីសាងកេរ្តិ៍ឈ្មោះដោយធ្វើសកម្មភាពសប្បុរសធម៌ ការបង្អួតទ្រព្យសម្បត្តិ ការសំដែងធ្វើជាឈ្មោះគ្នា-ល- ហើយបង្ហោះលើបណ្តាញសង្គមឲ្យឆាប់ល្បីមានគេស្គាល់ច្រើន ងាយស្រួលលក់ផលិតផល។ មានទម្រង់ជាច្រើននៃទីផ្សារបណ្តាញ ប៉ុន្តែអត្ថបទនេះ apamat.com លើកយកតែពីរប្រភេទប៉ុណ្ណោះមកជូនមិត្តអ្នកអានដូចខាងក្រោម។

១. ទីផ្សារបណ្តាញដែលមានបណ្តាញតែមួយជាន់ ឬមួយថ្នាក់

ប្រភេទទីផ្សារបណ្តាញនេះ គឺដូចដែលអ្នកបានឃើញអ្នកលក់គ្រឿងសម្អាងបង្កើតប្រេនថ្មីខ្លួនឯងមួយចំនួននៅកម្ពុជា កំពុងប្រើប្រាស់យុទ្ធសាស្ត្រនេះដើម្បីអូសទាញដំណាងចែកចាយនៅលើបណ្តាញសង្គម។

ឧទាហរណ៍ថា រូបអ្នកជាម្ចាស់ប្រេនថ្មីមួយ ហើយអ្នកកំពុងត្រូវការមនុស្សចូលធ្វើជាបណ្តាញចែកចាយរបស់អ្នក។ អ្នកកំណត់តម្លៃលក់បន្តតែមួយជាគោលសម្រាប់លក់ឲ្យតំណាងចែកចាយ មានន័យថាតំណាងចែកចាយមិនចាំបាច់រើសតំណាងចែកចាយថ្មីធ្វើជាកូនក្រុមរបស់ពួកគេនោះទេ ដូច្នេះហើយបានជាខ្ញុំប្រើពាក្យមួយថ្នាក់ ឬមួយជាន់។

នេះទាក់ទងនឹងតារាងតម្លៃ ដែលអ្នកប្រាកដជាដឹងច្បាស់ចំពោះរឿងនេះប្រសិនបើអ្នកជាម្ចាស់ប្រេន ឬកំពុងធ្វើជាតំណាងចែកចាយរបស់គេ។ ឧទាហរណ៍ អ្នកកំណត់ថ្លៃផលិតផលរបស់អ្នក $២៥/ដប ជាតម្លៃលក់រាយឲ្យអ្នកប្រើប្រាស់ និង $១៨/ដប ជាតម្លៃថេរសម្រាប់តំណាងចែកចាយ ដោយមិនមានតារាងតម្លៃតាមចំនួនបញ្ជាទិញពីតិចទៅច្រើននោះទេ។ ដូចនេះតំណាងចែកចាយ ពួកគាត់ពុំអាចរើសតំណាងចែកចាយបន្តដាក់នៅក្រោមគាត់នោះទេ ព្រោះអត់មានសល់គម្លាតចំណេញ គឺអាចលក់បានតែទៅឲ្យអ្នកប្រើប្រាស់ផ្ទាល់ប៉ុណ្ណោះ។ 

ទីផ្សារបណ្តាញប្រភេទនេះងាយស្រួលគ្រប់គ្រង ព្រោះមានតែប្រតិបត្តិការមួយជាន់រវាងមេបណ្តាញ និងកូនបណ្តាញ ប៉ុន្តែមានល្បឿនលក់យឺតដោយសារចំនួនតំណាងចែកចាយកើនឡើងយឺត ត្បឹតមានតែម្ចាស់ប្រេនប៉ុណ្ណោះដែលធ្វើជាអ្នកស្វែងរក និងរើសតំណាងចែកចាយរបស់ខ្លួន។

អ្នកក៏អាចកំណត់បណ្តាញរបស់អ្នកឲ្យមាន ២ជាន់ ឬបីជាន់ ទៅតាមគោលដៅដែលអ្នកចង់បាន និងដោយផ្អែកលើយុទ្ធសាស្ត្រដែលអ្នកបានរៀប។

២. ទីផ្សារបណ្តាញពហុជាន់ ឬគេហៅថា Multi-Level Marketing

ខុសពីប្រភេទទីមួយខាងលើ ទីផ្សារបណ្តាញពហុជាន់ គឺមានច្រើនជាងពីរជាន់ ពាក់ព័ន្ធជាមួយភាគីទី៣ ឬច្រើនជាងនេះ និងជាបន្តបន្ទាប់ជាបណ្តាញ។ ទម្រង់នេះ តំណាងចែកចាយរបស់អ្នកអាចរើសកូនក្រុមដើម្បីធ្វើជាបណ្តាញលក់បន្តរបស់ពួកគេបាន ដោយផ្អែកលើតារាងតម្លៃលក់បន្តដែលអ្នកបានកំណត់។ ឧទាហរណ៍ តំណាងចែកចាយ “ក” គាត់ជាអ្នកលក់ផលិតផលរបស់អ្នក ហើយគាត់កាត់កញ្ចប់ ១០០ដប ក្នុងតម្លៃ $១៥/ដប ដោយតម្លៃលក់រាយគឺ $២៥/ដប។ ដើម្បីរកប្រាក់ចំណេញ ក្រៅពីការលក់រាយ បុគ្គល “ក” អាចរើសតំណាងចែកចាយ “ខ” ឬ “គ” ឬច្រើនទៀត ដោយការលក់បន្តទៅឲ្យបុគ្គលទាំងនេះ តាមតារាងតម្លៃកញ្ចប់តូចជាង ១០០ដប។ ជាក់ស្តែងដូចដែលអ្នកឃើញគេប្រកាសរើសតំណាងចែកចាយតាមកញ្ចប់ចំនួនផលិតផលខុសៗគ្នា ឬគេហៅជាតំណាងចែកចាយ VIP, Gold, Diamond… ជាដើម ដែលបណ្តាញក្នុងជាន់ទាំងនេះអាចរកប្រាក់ពីការរើសកូនក្រុមឲ្យទិញផលិតផលកញ្ចប់តូចៗពីពួកគេទៅលក់បន្ត។ 

នៅពេលអ្នកកំណត់បណ្តាញរបស់អ្នកឲ្យមានកាន់តែច្រើនថ្នាក់ អ្នកនឹងកាន់តែពិបាកគ្រប់គ្រង។ ដូចដែលអ្នកបានឃើញស្រាប់ កន្លងមកម្ចាស់ប្រេនបង្កើតថ្មីៗជាច្រើនពុំអាចឈរជើងបានយូរនោះទេ ដោយសារមូលហេតុមួយចំនួនដូចជាគ្មានរបៀបគ្រប់គ្រងច្បាស់លាស់ ផលិតផលគ្មានគុណភាព រឿងអាស្រូវរបស់ម្ចាស់ប្រេន កូនក្រុមលួចលក់ខុសតារាងតម្លៃដែលបានកំណត់ មានប្រេនថ្មីៗ និងមានយុទ្ធសាស្ត្រល្អជាងចូលមកប្រជែងទីផ្សារ និងហេតុផលមួយចំនួនទៀត។ អាជីវកម្មទីផ្សារបណ្តាញដែលរើសយកបណ្តាញសង្គមជាវិធីស្នូលក្នុងការពង្រីកបណ្តាញ និងបង្កើនការលក់ ជាទូទៅគឺពិបាកក្នុងការឈរជើងរឹងមាំបានយូរជាងមួយឆ្នាំ ឬនិយាយឲ្យងាយយល់គឺបានតែមួយឆាវ ដូចនេះហើយទើបអ្នកឃើញម្ចាស់ប្រេនទាំងនោះព្យាយាមនាំយកផលិតផល និងបង្កើតប្រេនថ្មីៗមកជាបន្តបន្ទាប់ចែកចាយទៅឲ្យកូនក្រុម ហើយអ្នកខ្លះ

មុនអ្នកជ្រើសប្រើទីផ្សារបណ្តាញជាគំរូអាជីវកម្ម

ប្រសិនបើអ្នកកំពុងគិតថាចង់ចាប់ផ្តើមអាជីវកម្មមួយដែលពឹងផ្អែកលើយុទ្ធសាស្ត្រទីផ្សារបណ្តាញ អ្នកគួរធ្វើឲ្យប្រាកដចំពោះរឿងពីរ គឺការមានក្រុមធ្វើទីផ្សារ និងការយល់ដឹងអំពីច្បាប់។

មានក្រុមការងារកាន់តែរឹងមាំ អាជីវកម្មទីផ្សារបណ្តាញរបស់អ្នកគឺកាន់តែរឹងមាំ និងអាចដំណើរការបានកាន់តែយូរ។ ក្រុមការងារនោះ នឹងអនុវត្តយុទ្ធសាស្ត្រទីផ្សារបណ្តាញ យុទ្ធវិធីទីផ្សារ និងយុទ្ធសាស្ត្រអាជីវកម្មដទៃទៀតដើម្បីអមអាជីវកម្មទីផ្សារបណ្តាញរបស់អ្នក ដែលអ្នកត្រូវការមានពួកគេ មុនដំណើរការអាជីវកម្ម។

ចំណុចទីពីរគឺទាក់ទងនឹងផ្លូវច្បាប់។ ការប្រើប្រាស់ទីផ្សារបណ្តាញ អ្នកត្រូវជៀសវាងការអនុវត្តន៍វីធីធ្វើទីផ្សារដែលមិនមានភាពត្រឹមត្រូវ និងសកម្មភាពបោកប្រាស់ជាបណ្តាញ ឬគេហៅថា Pyramid Schemes ដែលសកម្មភាពពាក់ព័ន្ធទាំងនេះអាចទាញអ្នកឲ្យទទួលខុសត្រូវចំពោះមុខច្បាប់។ អ្នកគួរស្វែងយល់អំពី ច្បាប់ការពារអ្នកប្រើប្រាស់ ដែលត្រូវបានអនុម័តក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា កាលពីខែតុលា ឆ្នាំ២០១៩កន្លងទៅ ដែលក្នុងជំពូកទី៥ មាត្រាទី២០ នៃច្បាប់នោះ និយាយអំពីការហាមឃាត់គម្រោងលក់បែបពីរ៉ាមីដនៅក្នុងប្រទេសកម្ពុជា។

ប្រសិនបើអ្នកកំពុងមានគម្រោងបើកអាជីវកម្មផ្ទាល់ខ្លួន ហើយមិនសូវមានទំនុកចិត្តក្នុងការបើកដំណើរការអាជីវកម្មដំបូង ខ្ញុំសូមណែនាំឲ្យអ្នកអានសៀវភៅ “ផ្លូវចេញរកស៉ី” ដែលមាននៅលើផ្ទាំងផ្សាយពាណិជ្ជកម្មខាងក្រោមស្រាប់។ ម្ចាស់អាជីវកម្មខ្នាតតូច និងអាជីវកម្មលក្ខណៈគ្រួសារ ក៏អាចបង្កើនសមត្ថភាពតាមរយៈការអានសៀវភៅនេះដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។