App ដឹកអាហារ Just Eat Takeaway នឹងទិញយកក្រុមហ៊ុនគូប្រជែង Grubhub ក្នុងតម្លៃ $៧,៣ពាន់លាន

1311

ប៊ីប៊ីស៊ី – App កម្មង់ និងចែកចាយអាហារតាមអនឡាញ Just Eat Takeaway របស់អាឡឺម៉ង់ បានយល់ព្រមទិញយកគូប្រជែងរបស់ខ្លួន ក្រុមហ៊ុនអាមេរិក Grubhub ក្នុងតម្លៃ ៥,៧៥ពាន់លានផោន ស្មើនឹង ៧,៣ពាន់លានដុល្លារអាមេរិក។

នៅពេលក្រុមហ៊ុនទាំងពីររួមគ្នាតែមួយ វានឹងមានអតិថិជនសកម្មជាង ៧០លាននាក់ ដែលតែងតែធ្វើការបញ្ជាទិញជិត ៦០០លានដងក្នុងមួយឆ្នាំ ហើយប្រសិនបើការទិញយកនេះត្រូវបានបញ្ចប់ជាស្ថាពរដោយជោគជ័យ វានឹងក្លាយជាក្រុមហ៊ុនដឹកជញ្ជូនអាហារដ៏ធំបំផុតនៅលើលោកបន្ទាប់ពីប្រទេសចិន។

ការប្រកាសទិញយកនេះធ្វើឡើងបន្ទាប់ពីកិច្ចចរចារវាង Grubhub និង Uber បានបរាជ័យ ដោយសារការច្របាច់បញ្ចូលនៃក្រុមហ៊ុនទាំងពីរនេះ ប្រឈមនឹងការត្រួតពិនិត្យតឹងរឹងលើច្បាប់ស្តីពីការប្រកួតប្រជែងមិនស្មោះត្រង់។

លោក Jitse Groen នាយកប្រតិបត្តិរបស់ Just Eat Takeaway បានគូសបញ្ជាក់ថា ចំណុចសំខាន់នៃភាពជោគជ័យនៃកិច្ចព្រមព្រៀងនេះ គឺជាទំនាក់ទំនងយូរអង្វែងរវាងលោក និងនាយកប្រតិបត្តិរបស់ Grubhub លោក Matt Maloney។ “យើងទាំងពីរជឿជាក់យ៉ាងមុតមាំថា មានតែការជំនួញមានកំណើនប្រាក់ចំណូល និងគុណភាពខ្ពស់ប៉ុណ្ណោះដែលអាចឈរជើងក្នុងវិស័យរបស់ពួកគេ” នេះបើប្រសាសន៍របស់លោក Jitse Groen។

កិច្ចព្រមព្រៀងរវាង Just Eat Takeaway និង Grubhub កើតឡើងស្របទៅនឹងកំណើនតម្រូវការសេវាកម្មចែកចាយអាហារដល់ទីកន្លែងមានសន្ទុះខ្ពស់ ខណៈដែលមនុស្សជាច្រើនត្រូវស្នាក់នៅផ្ទះពីព្រោះតែជំងឺកូរូណា។ ប៉ុន្តែ សូម្បីតែមុនពេលផ្ទុះឡើង COVID-19 ក៏ដោយ ក្រុមហ៊ុនចែកចាយអាហារ Just Eat Takeaway បានរាយការណ៍ពីប្រាក់ចំណូលសរុបប្រចាំឆ្នាំ ២០១៩ របស់ខ្លួនថាមានចំនួន ១,៧ពាន់លានដុល្លារ ខណៈ Grubhub រកបាន ១,៣៧ពាន់លានដុល្លារ។

ក្រុមហ៊ុនអាឡឺម៉ង់ Takeaway បានទិញយកក្រុមហ៊ុន Just Eat កាលពីខែមករាដើមឆ្នាំ ២០២០ នេះក្នុងតម្លៃ ៧,៨ពាន់លានដុល្លារ ហើយក៏បានប្តូរឈ្មោះជា Just Eat Takeaway ចាប់ពីពេលនោះមក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕