តើទីផ្សារសេវាកម្មដឹកជញ្ជូនទំនិញលក់លើអនឡាញនៅកម្ពុជា កំពុងឆ្ពោះទៅរកសង្គ្រាមប្រជែងតម្លៃ?

1438

ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារលក់ទំនិញលើអនឡាញនៅកម្ពុជាបាននិងកំពុងតែរីកលូតលាស់ខ្លាំង ប៉ុន្តែមួយភាគធំគឺកំពុងតែត្រូវបានទិញ-លក់តាមរយៈបណ្តាញសង្គម Facebook នៅឡើយ។ ស្របពេលគ្នានេះ ទីផ្សារដឹកជញ្ជូនទំនិញក៏កំពុងតែមានល្បឿនប្រកួតប្រជែងខ្លាំង ខណៈអាជីវកម្មដឹកជញ្ជូនតូចៗកាន់តែច្រើនត្រូវបានបង្កើត និងក្រុមហ៊ុនធំៗរបស់ចិនក៏កំពុងហូរចូលមកទីផ្សារកម្ពុជាដូចគ្នា។ ថ្ងៃនេះ apamat.com នឹងនាំលោកអ្នកស្វែងយល់អំពីបច្ចុប្បន្នភាពទីផ្សារដឹកជញ្ជូនទំនិញអនឡាញនៅកម្ពុជា ដូចខាងក្រោម។

ទីផ្សាររាជធានីភ្នំពេញ

នៅតាមផ្លូវតូចធំក្នុងទីក្រុងដែលមានប្រជាជនកំពុងរស់នៅជាង២លាននាក់នេះ គឺមានទៅដោយម៉ូតូក្រុមហ៊ុនដឹកជញ្ជូនអាហារ និងទំនិញអនឡាញ ធ្វើដំណើរទៅមកមិនដាច់។ អាជីវកម្មទទួលដឹកអីវ៉ាន់អនឡាញជាច្រើន ដែលត្រូវបានបង្កើតឡើងយុវជនខ្មែរ កំពុងគិតថ្លៃសេវាដឹកពីអតិថិជនចាប់ពី $១/កញ្ចប់ និងគិតទៅតាមតំបន់(Zone) ខណៈក្រុមហ៊ុនចិនដូចជា Cambodia Express (CE) គិតថ្លៃសេវាពីអ្នកលក់អនឡាញតែ $0,8/កញ្ចប់ ទូទាំងក្រុងភ្នំពេញ(មិនគិត Zone) ចំណែកក្រុមហ៊ុន ZTO Express របស់ចិនដែរនោះ គិត $១/កញ្ចប់ចាប់ពី ១-១០kg។

ក្រុមហ៊ុន TADA របស់សិង្ហបុរី  និងក្រុមហ៊ុនចំណូលថ្មី BEST Express របស់ចិន គិតសេវាតែ ៣០០០រៀល/កញ្ចប់ ទូទាំងក្រុងភ្នំពេញ និងក្រុមហ៊ុនថ្មីៗជាច្រើនទៀតកំពុងផ្តល់តម្លៃកាន់តែប្រកួតប្រជែងដល់អតិថិជន រួមទាំងក្រុមហ៊ុន J&T Express និង Kerry ផងដែរ។ 

ទីផ្សារដឹកជញ្ជូននៅតាមបណ្តាខេត្ត

ដោយសារក្រុមហ៊ុនដឹកជញ្ជូនកាន់តែច្រើនកំពុងពង្រីកសាខាទៅតាមស្រុកនានាទូទាំងប្រទេស បានធ្វើឲ្យប្រាក់ចំណូលអ្នករត់តាក់ស៉ីពីភ្នំពេញទៅតាមបណ្តាស្រុកតូចៗ ដែលធ្លាប់តែរកប្រាក់បានពីសេវាដឹកអីវ៉ាន់អនឡាញទៅទីតាំងរបស់ពួកគាត់ ចាប់ផ្តើមធ្លាក់ចុះជាបណ្តើរៗ។ 

ក្រុមហ៊ុនរបស់កម្ពុជា វីរៈប៊ុនថាំ (VET) កំពុងនាំមុខគេនៅក្នុងឆ្នាំនេះ ដោយសារការសម្រុកពង្រីកសាខារបស់ខ្លួនទៅតាមស្រុកនានាទូទាំងប្រទេស ខណៈក្រុមហ៊ុននេះកំពុងគិតថ្លៃសេវាផ្ញើចាប់ពី ៥០០០រៀល/កញ្ចប់ គ្រប់ទីតាំងសាខា។ ក្រុមហ៊ុនដឹកជញ្ជូនរបស់ខ្មែរមួយទៀតគឺ ក្រុមហ៊ុន កាពីតូល ក៏កំពុងគិតថ្លៃសេវាផ្ញើចាប់ពី ៥០០០រៀល/កញ្ចប់ផងដែរ។ 

ក្រុមហ៊ុនចិន J&T Express កំពុងតែពង្រីកសាខាទៅតាមស្រុកនានាទូទាំងប្រទេសកម្ពុជា និងកំពុងគិតតម្លៃ ៤០០០រៀល/កញ្ចប់ សម្រាប់ការផ្ញើពីភ្នំពេញទៅទីរួមខេត្ត-ក្រុងទាំងអស់ និងចាប់ពី ៥០០០រៀលឡើងសម្រាប់ស្រុកឆ្ងាយៗ។ ក្រុមហ៊ុន ZTO Express កំពុងគិតថ្លៃសេវាផ្ញើពីភ្នំពេញទៅបណ្តាខេត្ត $១/កញ្ចប់។ 

តើក្រុមហ៊ុនណាមានតែមជាង ប្រសិនបើពួកគេចង់ប្រជែងថ្លៃសេវាផ្ញើទំនិញ?

ថ្លៃសេវារបស់ពួកគេ គឺជាចំណូលគោលសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ប៉ុន្តែក្រុមហ៊ុនមានប្រៀបជាងនៅក្នុងសង្គ្រាមប្រជែងតម្លៃ គឺជាក្រុមហ៊ុនដែលមានលទ្ធភាពទម្លាក់ថ្លៃដើម និងថ្លៃចំណាយសំខាន់ៗនៃប្រតិបត្តិការរបស់ពួកគេ។

ឧទាហរណ៍ដូចជា ក្រុមហ៊ុន វីរៈប៊ុនថាំ និងកាពីតូល ក្រៅពីដឹកទំនិញ ពួកគេអាចរកចំណូលបានពីការដឹកជញ្ជូនភ្ញៀវ ដែលអាចដឹកទាំងមនុស្ស និងទំនិញក្នុងជើងតែមួយ ដូច្នេះពួកគេអាចមានប្រៀបជាងលើការកាត់បន្ថយថ្លៃចំណាយ ដើម្បីមានលទ្ធភាពទម្លាក់ថ្លៃសេវា។

ក្រុមហ៊ុនចិន ZTO ក្រៅពីផ្តល់សេវាដឹកទំនិញបញ្ជើរនៅក្នុងប្រទេសកម្ពុជា ពួកគេក៏ទទួលដឹកទំនិញដែលអ្នកលក់អនឡាញនៅខ្មែរបញ្ជាទិញពីវេបសាយលក់ទំនិញធំៗរបស់ចិន មកកម្ពុជាផងដែរ ដែលការនេះពួកគេមានចរន្តដឹកទំនិញច្រើន មានលទ្ធភាពក្នុងការទម្លាក់ថ្លៃសេវាដើម្បីប្រកួតប្រជែង។

នៅពេលក្រុមហ៊ុនទាំងនេះមានសាខានៅគ្រប់ស្រុកទូទាំងប្រទេស ពួកគេនឹងជៀសមិនផុតពីការប្រជែងថ្លៃសេវាគ្នានោះទេ ហើយអតិថិជននឹងមានជម្រើសច្រើនដើម្បីផ្ញើទំនិញរបស់ពួកគេ។ នៅពេលនោះ ក្រៅពីថ្លៃសេវា អតិថិជននឹងមើលលើរយៈពេលទៅដល់គោលដៅ ទំនុកចិត្ត និងរបៀបទទួលភ្ញៀវរបស់បុគ្គលិកនៃក្រុមហ៊ុនទាំងនោះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...