ក្រុមហ៊ុន Honda ដំណើរការចង្វាក់ផលិតកម្មតាមបណ្ដារោងចក្រឡើងវិញ ក្រោយរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេត

1233

រ៉យទ័រ – កាលពីថ្ងៃសុក្រកន្លងទៅ អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុនផលិតយានយន្តជប៉ុន Honda Motor បាននិយាយថា Honda ចាប់ផ្តើមសកម្មភាពផលិតម៉ូតូ និងរថយន្តនៅតាមបណ្ដារោងចក្រទាំងឡាយរបស់ខ្លួនឡើងវិញ ទាំងនៅសហរដ្ឋងាមេរិក និងប្រទេសដទៃទៀត ក្រោយពីក្រុមហ៊ុននេះសង្ស័យថាត្រូវបានលុកលុយតាមប្រព័ន្ធអ៊ីនធើណេតក្នុងសប្ដាហ៍នេះ។

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតនេះកើតឡើងមិនដល់មួយខែផង បន្ទាប់ពីក្រុមហ៊ុន Honda បានចាប់ផ្តើមចង្វាក់ផលិតកម្មក្នុងរោងចក្រផលិតយានយន្តរបស់ខ្លួនសារជាថ្មីនៅទឹកដីអាមេរិកខាងជើង និងក្រោយពីការបិទរោងចក្រកាលពីចុងខែមីនា ដើម្បីឆ្លើយតបទៅនឹងបទបញ្ជាឱ្យស្នាក់នៅផ្ទះដោយសារបញ្ហាកូរូណាក្នុងសហរដ្ឋអាមេរិក និងក្នុងប្រទេសកាណាដា។

អ្នកនាំពាក្យបាននិយាយថា Honda បានចាប់ផ្តើមផលិតយានយន្តកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះនៅឯទីតាំងសំខាន់របស់ខ្លួនក្នុងរដ្ឋអូហៃយូ សហរដ្ឋអាមេរិក ដែលផលិតបានរថយ​ន្តម៉ាក CR- SUV និង Accord Sedan។

អ្នកនាំពាក្យបានក៏និយាយតាមទូរស័ព្ទផងដែរថា (ការវាយប្រហារតាមអ៊ីនធើណេតនេះ) “គ្មានអ្វីធ្វើឱ្យប៉ះពាល់ដល់ទិន្នន័យអតិថិរបស់ Honda នោះទេ” ប៉ុន្តែបានបដិសេធមិនបញ្ចេញមតិលើផលប៉ះពាល់ចំពោះការផលិត។

រោងចក្ររបស់ Honda នៅក្នុងប្រទេសតួគី ក៏ដូចជារោងចក្រផលិតម៉ូតូក្នុងប្រទេសឥណ្ឌា និងប្រេស៊ីល ក៏កំពុងធ្វើប្រតិបត្តិការឡើងវិញតាំងពីថ្ងៃពុធមក ខណៈដែលក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុតាមអនឡាញ និងមជ្ឈមណ្ឌលទំនាក់ទំនងនៅអាមេរិកខាងជើងមួយចំនួនកំពុងរងការរំខានពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេត នេះបើតាមសម្តីរបស់អ្នកនាំពាក្យខាងលើដដែល។

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតទៅលើបណ្ដាញទំនាក់ទំនងសកលរបស់ក្រុមហ៊ុន Honda នេះ គឺជាលើកទីពីរហើយ បន្ទាប់ពីមេរោគ-WannCry បានបង្អាក់ដល់ផលិតកម្មអស់រយៈពេលមួយថ្ងៃនៅក្នុងរោងចក្រផលិតក្នុងស្រុកមួយកាលពីឆ្នាំ២០១៧។

ដោយឡែក ក្រុមហ៊ុន Honda បានចេញមកបញ្ជាក់កាលពីថ្ងៃសុក្រម្សិលមិញថា ខ្លួននឹងបញ្ឈប់ផលិតកម្មមួយចំនួននៅឯរោងចក្រផលិតក្នុងស្រុកចំនួនបី នាខែកក្កដាខាងមុខ ដោយសារកង្វះតម្រូវការ និងបញ្ហាផ្គត់ផ្គងគ្រឿងបន្លាស់។

ក្នុងសារមួយដែលបង្ហោះតាមវេសាយ ក្រុមហ៊ុនផលិតយានយន្តរបស់ជប៉ុនមួយនេះបានលើកឡើងថា ខ្លួននឹងបិទរោងចក្រ Yorii ក្នុងខេត្ត Saitama ៤ថ្ងៃជាប់គ្នានៅខែក្រោយ នឹងបញ្ឈប់ការផលិតនៅរោងចក្រក្បែរតំបន់ Sayama មួយថ្ងៃ ព្រមទាំងបិទរោងចក្របីថ្ងៃនៅតំបន់ Suzuka ខេត្ត Mie ប្រទេសជប៉ុនផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕