ផ្សារបន្លែធំបំផុតនៅប្រទេសចិនត្រូវបានបិទ ក្រោយពីរកឃើញករណីឆ្លង ៤៥នាក់ថ្មីនៃ COVID-19

1196

ចិន – ទីក្រុងប៉េកាំងបានបិទផ្សារលក់អាហារមួយចំនួន រួមបញ្ចូលទាំងផ្សារបន្លែផ្លែឈើធំបំផុតប្រចាំទីក្រុង ស្របពេលមានការភ័យខ្លាចនៃការឆ្លងវីរុសកូរូណាកើតឡើងសារជាថ្មី។

Xinfadi ផ្សារលក់បន្លែផ្លែឈើបោះដុំដ៏ធំបំផុតប្រចាំទីក្រុងប៉េកាំង ត្រូវបានបិទនៅភ្លាមៗវេលាម៉ោង ៣ព្រឹកថ្ងៃសៅរ៍ ដើម្បីទប់ស្កាត់ការីករាលដាលជំងឺ COVID-19 បន្ទាប់ពីវីរុបង្កជំងឺនេះត្រូវបានគេរកឃើញក្នុងចំណោមអ្នកលក់ដូរនៅផ្សារ និងនៅលើសម្ភារៈប្រើប្រាស់របស់ពួកគេ។ ឧបករណ៍ពិនិត្យតាមបំពង់ករបស់មនុស្សទាំង ៤៥នាក់នោះបានបង្ហាញលទ្ធផលវិជ្ជមាន ប៉ុន្តែអ្នកឆ្លងទាំងនោះមិនទាន់បញ្ចេញរោគសញ្ញាអ្វីឡើយ នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញដោយរដ្ឋាភិបាលនៅថ្ងៃសៅរ៍នេះ។

វីរុសកូរូណាក៏ត្រូវបានរកឃើញនៅលើជ្រុញរបស់អ្នកលក់ត្រីសាលម៉ុងនៅផ្សារ Xinfadi ផងដែរ នេះបើតាមរបាយការណ៍របស់កាសែត Global Times ហើយផ្សារលក់អាហារសមុទ្រមួយនៅតំបន់ Jinshen ខេត្ត Zhejiang ក៏ត្រូវបានបិទ នេះបើតាមប្រភពពីសារពត៌មានចិន CGTN

អាជ្ញាធរប្រចាំតំបន់បានសម្រេចបិទជាបណ្ដោះអាសន្ននូវលំនៅដ្ឋានចំនួន ១១ក្នុងសង្កាត់ក្បែរផ្សារដែលជាកន្លែងរកឃើញករណីឆ្លងថ្មី និងបានដាក់មនុស្ស ១៣៩នាក់ផ្សេងទៀតដែលជាប់ពាក់ក្នុងរឿងនេះឱ្យនៅដាច់ដោយឡែក។ ចំណែកឯមនុស្សម្នាក់ទៀតដែលមកពីផ្សារផ្សេងនៅក្នុងទីក្រុងប៉េកាំងត្រូវបានគេពិនិត្យឃើញភាពវិជ្ជមាននៃការឆ្លងវីរុសកូរូណានេះដែរ បន្ទាប់ពីរូបគាត់បានធ្វើការប្រាស្រ័យទាក់ទងជាមួយមនុស្សនៅកន្លែងកើតហេតុ។

នៅថ្ងៃសៅរ៍នេះ ខេត្ត Laioning ដែលស្ថិតនៅភាគខាងជើងនៃប្រទេសចិនត្រូវបានគេរាយការណ៍ថា មនុស្សពីរនាក់អាចឆ្លងវីរុសកូរូណា ដោយសារតែពួកគេបានទាក់ទងយ៉ាងជិតស្និតជាមួយមនុស្សដែលមានករណីឆ្លងនៅក្នុងផ្សារនៃទីក្រុងប៉េកាំង។ កាលពីថ្ងៃសុក្រកន្លងទៅ ប្រទេសចិនបានបង្ហាញរបាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ៦នៅក្នុងតំបន់ដែលចេញមកពីក្រុងប៉េងកាំង និង ៥ករណីទៀតត្រូវបាននាំចូល នេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មាការសុខាភិបាលជាតិ។

អាជ្ញាធរក្រុងប៉េកាំង បាននិយាយថា ប្រជាជនជាង ១០,០០០នាក់នៅផ្សារ Xinfadi នឹងត្រូវទទួលការពិនិត្សស្វែងរកវីរុសកូរូណាដោយ Nucleic Acid៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕