ឡាវនាំចេញច្រើន តែប្រទេសនៅបន្តប្រឈមនឹងឱនភាពពាណិជ្ជកម្ម

1279

ទីក្រុងវៀងច័ន្ទ – តម្លៃនៃការនាំចេញទំនិញរបស់ប្រទេសឡាវនៅខែឧសភា បានកើនឡើងខ្ពស់ជាងខែមេសា ប៉ុន្តែប្រទេសនេះនៅតែបន្តជួបវិបត្តិពាណិជ្ជកម្ម ដែលការនាំចូលច្រើនជាងការនាំចេញ។

នៅអំឡុងខែមេសា ការនាំចេញផលិតផលរបស់ឡាវមានតម្លៃ ២០៩លានដុល្លារអាមេរិក ដោយសារតែឥទ្ធិពលនៃបញ្ហាជំងឺឆ្លងសកល COVID-19 ហើយរហូតដល់ខែឧសភា ការនាំចេញរបស់ប្រទេសនេះបានកើនតម្លៃដល់ជិត ២៦៤លានដុល្លារអាមេរិក នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយដោយការសែត Vientiane Times កាលពីថ្ងៃសុក្រ។

ទំនិញនាំចេញសំខាន់ៗមាន រ៉ែទង់ដែង ឈើគ្រញូង ក្រដាសសំណល់ គ្រឿងស្ពាន់ គ្រឿងកំប៉ុងនិងភេសជ្ជៈថាមពល សម្លៀកបំពាក់ គ្រឿងបន្លាស់និងឧបករណ៍អគ្គិសនី ផលិតផលកសិកម្មមាន​ ផ្លែចេក ឪឡឹក អំពិល ស្វាយ រួមជាមួយមាសដុំ និងគ្រឿងកាំមេរ៉ា។

រីឯការនាំចូលរបស់ឡាវនៅខែឧសភាវិញមានតម្លៃ ៤៤៧លានដុល្លារអាមេរិក ដែលនាំឱ្យប្រទេសនេះត្រូវប្រឈមនឹងឱនភាពនៃការចំណាយនាំចូលចំនួន ១៨៣លានដុល្លារអាមេរិក នេះបើយោងតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសឡាវ។

ផលិតផលនាំចូលចម្បងមាន គ្រឿងមេកានិច ដែក ប្រេងម៉ាស៊ូត រថយន្ត ត្រាក់ទ័រ គ្រឿងកំប៉ុងនិងភេសជ្ជៈថាមពល ទឹក គ្រឿងបន្លាស់និងឧបករណ៍អេឡិចត្រូនិច ផលិតផលផ្លាស្ទិច ខ្សែកាបនិងដែកថែប គ្រឿងបន្លាស់យានយន្តដូចជា កញ្ចក់ ច្រវាក់ ហើយនិងផលិតផលជីផងដែរ។

ចិននៅតែជាប្រទេសចូលទំនិញពីឡាវច្រើនជាងគេ តាមពីក្រោយដោយប្រទេសវៀតណាម និងថៃ ស្របពេលដែលប្រទេសនាំចូលផលិតផលមកក្នុងប្រទេសឡាវច្រើនជាងគេមាន ទីមួយប្រទេសវៀតណាម ទីពីរប្រទេសថៃ និងទីបីគឺចិន។

អាជ្ញាធរឡាវជឿថាតម្លៃនៃការនាំចេញទំនិញរបស់ប្រទេសខ្លួននៅខែមិថុនានេះនឹងកើនឡើងបន្តទៀត ពីព្រោះតែរដ្ឋាភិបាលរបស់ប្រទេសបានបន្ធូរការរិតត្បិតដែលបង្កដោយជំងឺ COVID-19 ហើយសេចក្តីរាយការណ៍ករណីឆ្លងថ្មីនៃជំងឺសកលនេះក៏មិនមានទៀតដែរនាពេលបច្ចុប្បន្ន។

អាជីវកម្មមួយចំនួនក្នុងវិស័យបម្រើសេវាកម្មដែលរួមាន សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាត់សក់និងហាងថែរក្សាសម្ផស្ប បានចាប់ផ្តើមដំណើរការវិញ បើទោះបីជាបំរាម និងវិធានការគ្រប់គ្រងរបស់រដ្ឋាភិបាលដើម្បីបញ្ជៀសពលរដ្ឋពីការឆ្លងជំងឺ COVID-19 នៅតែបន្តអនុវត្តក៏ដោយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕