ការបើកអាជីវកម្មដឹកជញ្ជូនទំនិញអនឡាញនៅភ្នំពេញ ដោយប្រើដើមទុនជាសាច់ប្រាក់ $500

2003
រូប Background វិមានឯករាជ្យ យកពីវេបសាយ Wander-Lush (2019)

ស្របពេលដែលទីផ្សារលក់អនឡាញនៅកម្ពុជាកំពុងមានសម្ទុះកាន់ខ្លាំង ធ្វើឲ្យទីផ្សារពាក់ព័ន្ធសំខាន់ពីរ គឺទីផ្សារដឹកជញ្ជូន និងទីផ្សារសេវាទូទាត់ប្រាក់តាមទូរស័ព្ទដៃ កើនឡើងដូចគ្នា។ ថ្ងៃនេះ apamat.com សូមនាំយកអត្ថបទចេញរកស៉ីថ្មីមួយទៀត មកជូនមិត្តអ្នកអាន អំពីទីផ្សារដឹកជញ្ជូនដូចតទៅ។

បច្ចុប្បន្ន ទីផ្សារដឹកជញ្ជូនទំនិញធុនស្រាលនៅក្នុងក្រុងភ្នំពេញ កំពុងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លារវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនមកពីចិន។ គិតត្រឹមពេលអត្ថបទនេះចេញផ្សាយ ការប្រកួតប្រជែងនោះបានធ្វើឲ្យតម្លៃសេវាដឹកជញ្ជូន បានធ្លាក់នៅសល់ត្រឹម ២៥០០រៀលក្នុងមួយកញ្ចប់ ដោយផ្តល់ឲ្យដោយក្រុមហ៊ុនចិន Best Express ខណៈក្រុមហ៊ុនចិនមួយទៀតគឺ Cambodian Express (CE) កំពុងបង្ហាញទម្រង់ប្រកួតប្រជែងបានយ៉ាងល្អ ដោយផ្តល់ជូនតម្លៃមួយកញ្ចប់ 0.80ដុល្លារគ្រប់ដណ្តប់ទាំង ១៤ខ័ណ្ឌ និងពុំគិតថ្លៃទៅយកទំនិញដល់កន្លែងទោះបីមានមួយកញ្ចប់ និងពុំគិតថ្លៃទទួលប្រាក់ជំនួស(COD) មិនគិត Zone។ ក្រៅពីនេះនៅមានក្រុមហ៊ុនចិន J&T និង ZTO ក៏កំពុងបង្ហាញទម្រង់ប្រកួតប្រជែងល្អផងដែរ។

ខាងលើគឺជាព័ត៌មានខ្លះៗអំពីទីផ្សារដឹកជញ្ជូននៅក្នុងទីក្រុងភ្នំពេញ ឥឡូវនេះយើងចូលមកប្រធានបទគោលរបស់យើងវិញ។ ខណៈពេលទីផ្សារកំពុងប្រកួតប្រជែងខ្លាំង ហើយអ្នកចង់ចូលរួមប្រជែងជាមួយដើមទុនកាន់តែតិច នោះកម្លាំងប្រកួតប្រជែងរបស់អ្នកក៏កាន់តែខ្សោយដូចគ្នា។ ខាងក្រោមនេះជាចំណុចសំខាន់ៗសម្រាប់ការបើកអាជីវកម្មនេះ។

ជាមួយដើមទុន ៥០០ដុល្លារ ដំបូងអ្នកអាចនឹងចាប់ផ្តើមតែម្នាក់ឯងដោយប្រើម៉ូតូផ្ទាល់ខ្លួន ប៉ុន្តែយើងលើកទឹកចិត្តឲ្យអ្នកចាប់ផ្តើមជាក្រុម ព្រោះអ្នកនឹងមិនអាចរ៉ាប់រងការដឹកទំនិញតែម្នាក់ឯងនោះទេ ហើយដើមទុនអ្នកតិចក៏មិនអាចយកវាទៅចំណាយលើការជួលបុគ្គលិកបានដែរ។ 

១. បង្កើតក្រុម

ក្នុងដំណើរការផ្តល់សេវាកម្មដឹកជញ្ជូន យ៉ាងហោចណាស់គួរមានអ្នកគ្រប់គ្រង ៣ផ្នែក គឺអ្នកគិតបញ្ចី អ្នកទៅប្រមូលទំនិញពីអតិថិជន និងអ្នកដឹកចេញទៅតាមគោលដៅនានា។ វាទាមទារឲ្យអ្នកចេះគ្រប់គ្រងបញ្ចីច្បាស់លាស់ជាមួយអតិថិជន និងភ្នាក់ងារដឹករបស់អ្នក ហើយនឹងកាន់តែប្រសើរប្រសិនបើមានអ្នកចេះខាងបច្ចេកវិទ្យា និងគណនេយ្យ មកចូលរួមក្រុមរបស់អ្នក។ 

២. រៀបចំប្រតិបត្តិការដឹកជញ្ជូន

តើអ្នកនឹងចាប់ផ្តើម និងបញ្ចប់សេវាកម្មដោយរបៀបណា? ឧទាហរណ៍ ដំបូងទៅប្រមូលទំនិញដល់កន្លែងពីអតិថិជន(ចេញវិក្កយបត្រមួយឲ្យអតិថិជន) បន្ទាប់មក យកមកចូលកន្លែងស្តុកទំនិញរបស់អ្នក បន្ទាប់មកទៀតបែងចែកទំនិញដែលមានទិញដៅតាមផ្លូវតែមួយ ឬតំបន់ជិតៗគ្នាឲ្យអ្នកដឹកម្នាក់ៗ(ចេញវិក្កយបត្រមួយឲ្យអ្នកដឹក) នៅពេលដឹកអស់ពេលល្ងាច ភ្នាក់ងារដឹកត្រូវមកទូទាត់វក្កយបត្រ និងចុងក្រោយទូទាត់វិក្កយបត្រជាមួយអតិថិជន ដោយផ្ទេរប្រាក់តាមគណនីធនាគារ ABA  ដែលទិន្នន័យទាំងនោះត្រូវបានកត់ត្រា និងទូទាត់បញ្ជីតាមកុំព្យូទ័រ។ 

ចាប់ផ្តើមជាមួយដើមទុនតិច អ្នកប្រាកដជាមិនអាចមានលទ្ធភាពបង្កើតវេបសាយ និង App និងបើកសាខាច្រើន ដូចជាក្រុមហ៊ុនធំៗទាំងនោះទេ ប៉ុន្តែគោលដៅរបស់អ្នកត្រូវតែមានវា នៅពេលអ្នកអាចគ្រប់គ្រង និងអភិវឌ្ឍវាបានល្អ។

អ្នកនឹងត្រូវការធុងក្រណាត់ និងអាវក្រៅមានឡូហ្គូរបស់អ្នក។ បើអ្នកទិញនៅខ្មែរ ធុងក្រណាត់នោះមានតម្លៃប្រហែល $35 សម្រាប់ខ្នាតធំ 62L ចំណែកតម្លៃអាវក្រៅវិញគឺអាស្រ័យលើប្រភេទក្រណាត់ដែលអ្នករើស។ ប៉ុន្តែបើអ្នកកម្មង់ទិញតាមវេបសាយ Taobao ពីចិនដោយខ្លួនឯង អ្នកអាចចំណាយប្រហែល ២២០ដុល្លារ សម្រាប់ធុង ៥ និងអាវ ៥ មានបោះឡូហ្គូស្រាប់ និងគិតទាំងថ្លៃសេវាដឹកជញ្ជូនមកដល់ខ្មែរតាមក្រុមហ៊ុន Loda ឬ ZTO ។ អ្នកអាចចំណាយលើការបោះពុម្ពវិក្កយបត្រប្រហែល ២០ដុល្លារទៀត តែវាអាស្រ័យលើចំនួនក្បាលដែលអ្នកត្រូវការ។ ដូច្នេះអ្នកនៅសល់សាច់ប្រាក់ ២៤០ដុល្លារទៀត បន្ទាប់ពីចំណាយទិញសម្ភារៈទាំងនោះ។

៣. គម្រូអាជីវកម្ម

ការកំណត់ថ្លៃ នឹងជះឥទ្ធិពលដល់ប្រាក់ចំណូលរបស់អ្នក។ អ្នកមិនអាចរើសយកការប្រកួតប្រជែងតម្លៃជាមួយពួកគេបានឡើយ ប៉ុន្តែអ្នកអាចជ្រើសប្រជែងលើភាពងាយស្រួល និងទំនុកចិត្ត។ 

ឧទាហរណ៍ អ្នកផ្តល់តម្លៃមួយកញ្ចប់ ៤០០០រៀល នៅក្នុងខ័ណ្ឌចំនួន ១០ ក្នុងក្រុងភ្នំពេញ និងមួយកញ្ចប់ ៨០០០រៀលសម្រាប់ខណ្ឌ ៤ទៀតដែលនៅឆ្ងាយៗ។ ដោយសារតែអ្នកមានដើមទុនតិច អ្នកមិនអាចចំណាយលើប្រាក់ខែបុគ្គលិក ដូច្នេះអ្នកអាចប្រើវិធីបែងចែកភាគរយទៅឲ្យអ្នកដឹក។ ឧទាហរណ៍ សេវា ៤០០០រៀល អ្នកចែកប្រាក់ចំណូល ៣០០០រៀលទៅឲ្យអ្នកដឹក ហើយអ្នកនៅសល់ចំណូល ១០០០រៀល សម្រាប់យកទៅទប់ទល់ចំណាយផ្សេងៗនៅក្នុងបត្តិបត្តិការ។

ក្រុមហ៊ុនធំៗដែលបានរៀបរាប់ខាងលើ ពួកគេគិតថ្លៃសេវា $0.80/កញ្ចប់ មិនគិត Zone ព្រោះពួកគេមានសាខាច្រើនសម្រាប់បែងចែកទំនិញដឹកទៅគោលដៅចុងក្រោយ ប៉ុន្តែសម្រាប់អ្នកមានទីតាំងតែមួយ ត្រូវដឹកទៅគោលដៅផ្សេងៗក្នុងទីក្រុងគឺមិនអាចរ៉ាប់រងការចំណាយលើថ្លៃសាំង និងល្បឿនដឹកដូចពួកគេបាននោះទេ។ ជាក់ស្តែងពួកគេគិតតម្លៃសេវា $0.80 ដឹកពីច្បារអំពៅទៅខ័ណ្ឌកំបូល ដែលអ្នកមិនអាចធ្វើបានដូចពួកគេឡើយ។ 

៤. ការធ្វើទីផ្សារ

បើអ្នកគ្មានមិត្តភក្តិជាអ្នកលក់ទំនិញលើអនឡាញ ដើម្បីធ្វើជាអតិថិជនដំបូងរបស់អ្នកទេនោះ អ្នកនឹងពិបាកនៅពេលភ្នាក់ងារដឹកគ្មានទំនិញត្រូវដឹកដែលធ្វើឲ្យពួកគាត់គ្មានចំណូល។ បែបនេះអ្នកត្រូវគិតអំពីចំណុចនេះ មុននឹងអ្នកចាប់ផ្តើម ព្រោះអ្នកនឹងជួបភាពតានតឹងបើពឹងតែលើការចំណាយប៊ូសផុសលើ Facebook ដើម្បីទទួលបានអតិថិជន ដោយសារទាំងតម្លៃ និងទំនុកចិត្ត អ្នកមិនអាចដណ្តើមអតិថិជននៅលើអនឡាញជាមួយក្រុមហ៊ុនធំៗមានសាខាច្រើនទាំងនោះទេ។ 

បើអ្នកចាប់ផ្តើមដោយមានភ្នាក់ងារដឹកជញ្ជូនចំនួន ២នាក់ ហើយអ្នកអាចទាញមិត្តភក្តិរបស់អ្នកដែលជាអ្នកលក់អនឡាញ ឬម្ចាស់អាជីវកម្មដែលមានតម្រូវការដឹកជញ្ជូនជាប្រចាំ ដែលឧបមាថា ទទួលបានទំនិញមួយថ្ងៃយ៉ាងតិច ២០កញ្ចប់ សម្រាប់ដឹក នោះចាត់ទុកថាជាការចាប់ផ្តើមដ៏ល្អ។ បន្ទាប់មកព្យាយាមរក្សាទម្រង់ផ្តល់សេវាកម្មឲ្យបានល្អ ដោយផ្តោតលើការផ្តល់ភាពងាយស្រួលដល់អតិថិជន។

៥. ការអភិវឌ្ឍន៍

អ្នកមិនអាចបន្តប្រើកម្មវិធី Ms Word និង Excel សម្រាប់កត់ត្រាទិន្នន័យ និងទូទាត់បញ្ជីជាមួយអតិថិជន និងភ្នាក់ងារដឹក រហូតនោះទេ។ អ្នកត្រូវព្យាយាមបង្កើតលទ្ធភាពមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ និងលឿន និងការពង្រីកសាខា ដែលលទ្ធភាពនោះត្រូវពឹងលើការបង្កើនទុនបន្ថែម និងចំណូលពីសេវាកម្មដឹកជញ្ជូន។ 

វាគឺមិនងាយស្រួលឡើយចំពោះការហក់ចូលទៅក្នុងទីផ្សារដឹកជញ្ជូនទំនិញអនឡាញ ជាពិសេសចាប់ផ្តើមពីតូចបែបនេះ វាទាមទារការអត់ធ្មត់ខ្លាំង និងភាពឆ្លាតវៃខ្ពស់ ដើម្បីអាចឈរជើងបាននៅក្នុងទីផ្សារដ៏តានតឹងមួយនេះ។ 

សង្ខេប៖ ការបើកសេវាដឹកជញ្ជូនទំនិញអនឡាញដោយប្រើដើមទុនតិចនេះ គន្លឹះគឺផ្អែកលើការមានអតិថិជនស្វ័យប្រវត្តិ ពោលគឺអ្នកលក់អនឡាញដែលមានទំនាក់ទំនងជាមួយអ្នក។ បើអ្នកស្គាល់ពួកគេកាន់តែច្រើន ហើយអាចទាញពួកគេឲ្យមកធ្វើជាអតិថិជនរបស់អ្នក ទោះបីជាមិនជោគជ័យ ក៏អ្នកអាចឈរជើងបានយូរ និងរៀនបានច្រើនពីការវិនិយោគប្រាក់ក្នុងចំនួនតិចតួចនេះ។ 

អ្នកនឹងយល់ដឹងកាន់តែច្រើន និងច្បាស់ នៅពេលអ្នកបើកដំណើរការវាជាក់ស្តែង។ សម្រាប់អ្នកទើបប្រឡូកក្នុងពិភពអាជីវកម្ម មុនពេលវិនិយោគទុនបើកអាជីវកម្មណាមួយ អ្នកគួរអានសៀវភៅចំណងជើង “ផ្លូវចេញរកស៉ី” ដោយលោក រ៉ន ប៊ុនរ៉ាត់ ដែលជាសៀវភៅបង្ហាញផ្លូវដំណើរការអាជីវកម្មស្តង់ដារ ល្អបំផុតនៅកម្ពុជា៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។