មកស្គាល់ប្រវត្តិរបស់ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk

6546

លោក Elon Musk ត្រូវបានគេចាត់ទុកថា ជាបុគ្គលឆ្នើមក្នុងពិភពជំនួញនាសម័យទំនើបនេះ។ គាត់គឺជាសហគ្រិនដ៏អស្ចារ្យមួយរូបខាងបច្ចេកវិទ្យា ហើយលោកបានកើតនៅថ្ងៃទី ២៨ មិថុនា ឆ្នាំ ១៩៧១ ក្នុងទីក្រុង Pretoria រដ្ឋធានីរបស់ប្រទេសអាហ្វ្រិកខាងត្បូង។ គាត់បានរៀនសរសេរកូដបង្កើតកម្មវិធីកុំទ្យូទ័រដោយខ្លួនឯង ហើយនៅពេលគាត់អាយុ ១២ឆ្នាំ គាត់អាចបង្កើតវីឌីអូហ្គេមមួយដោយដាក់ឈ្មោះថា Blastar ហើយលក់វាទៅឲ្យក្រុមហ៊ុនទស្សនាវដ្តីមួយបានតម្លៃ ៥០០ដុល្លារ។ កាលពីវ័យកុមារ លោក Elon Musk បានសម្រេចចិត្តថា គាត់នឹងបង្កើតជំនួញបីដែលអាចផ្តល់ផលប្រយោជន៍បំផុតជូនមនុស្សជាតិនាពេលអនាគត។ មុខជំនួញទាំងបីនោះគឺ ការធ្វើដំណើរតាមផ្លូវអាកាស បណ្ដាញទំនាក់ទំនងជុំវិញពិភពលោក និងប្រភពស្អាតនៃថាមពល ហើយរហូតមកដល់ពេលនេះលោក Elon Musk បានធ្វើឱ្យក្តីស្រមៃរបស់គាត់ក្លាយជាការពិតរួចហើយ ដោយបង្កើតមុខជំនួញទាំងបីបានសម្រេច និងធ្វើឱ្យគាត់រកលុយបានរាប់ពាន់លានដុល្លារ។ 

លោក Elon ជាមួយប្អូនប្រុសស្រីទាំងពីរ

ជីវិតគ្រួសារ

លោក Elon មានម្តាយឈ្មោះ Maye Musk គឺជាតារាបង្ហាញម៉ូតជនជាតិកាណាដា និងឪពុកឈ្មោះ Errol Musk គឺជាវិស្វករស៉ីវិល ជនជាតិអាហ្វ្រិកខាងត្បូង។ Elon បានចំណាយពេលកុមាររបស់លោករស់នៅអាហ្វ្រិកខាងត្បូងរយៈពេលជាងដប់ឆ្នាំ ជាមួយប្អូនប្រុស និងប្អូនស្រីរបស់គាត់ឈ្មោះ Kimbal និង Tosca ប៉ុន្តែនៅពេលគាត់មានអាយុ ១០ឆ្នាំ ម្តាយឪពុករបស់គាត់ក៏បានលែងលះគ្នា។ 

អតីតប្រពន្ធទីពីររបស់លោក Elon គឺអ្នកស្រី Talulah Riley

លោក Elon បានរៀបការចំនួនពីរដង ដោយរៀបការប្រពន្ធទីមួយនៅឆ្នាំ ២០០០ ជាមួយអ្នកស្រី Justine Wilson និងមានកូនប្រុសស្រីចំនួន ៦នាក់ជាមួយប្រពន្ធទីមួយ ប៉ុន្តែកូនច្បងបានស្លាប់នៅពេលកើតបាន៦សប្តាហ៍។ ក្រោយមកលោក Elon បានលែងលះគ្នាជាមួយអ្នកស្រី Justine ហើយបន្ទាប់មកបានរៀបការប្រពន្ធទីពីរជាតារាសម្តែង ឈ្មោះ Talulah Riley នៅឆ្នាំ ២០១០ ហើយក៏លែងលះគ្នាវិញនៅឆ្នាំ ២០១៦។ នៅឆ្នាំ ២០១៦ ដដែល លោក Elon បានទាក់ទងតារាសម្តែងស្រីម្នាក់ទៀតឈ្មោះ Amber Heard ប៉ុន្តែក៏បែកបាក់គ្នាវិញនៅដើមឆ្នាំ ២០១៨។ ឆ្នាំ ២០១៨ ដដែល លោក Elon ក៏បានទាក់ទងតារាចម្រៀងម្នាក់ មានឈ្មោះថា Grimes និងកំពុងរស់នៅជាមួយគ្នាដល់បច្ចុប្បន្ន និងបង្កើតបានកូនប្រុសម្នាក់កាលពីខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ ហើយលោក Elon បានដាក់ឈ្មោះកូនប្រុសរបស់គាត់ថា X Æ A-12 ប៉ុន្តែដោយសារអាជ្ញាធ័រអាមេរិកមិនទទួលចុះបញ្ជីឈ្មោះកំណើតដែលមានលាយលេខ លោក Elon ក៏ប្តូរទៅដាក់ជា X Æ A-Xii វិញ។

លោក Elon ជាមួយអ្នកនាង Grimes

ប្រវត្តិសិក្សា

នៅពេលលោកមានអាយុ ១៧ឆ្នាំ Elon បានចាកចេញពីអាហ្វ្រិកខាងត្បូង ទៅរស់នៅជាមួយម្តាយនៅកាណាដា ដើម្បីបន្តការសិក្សា និងគេចពីការបំពេញកាត្វកិច្ចយោធានៅអាហ្វ្រិក។ ឆ្នាំ១៩៨៩ គាត់ទទួលបានសញ្ជាតិកាណាដា និងបានចូលរៀននៅសាកលវិទ្យាល័យ Queen’s University ។ ឆ្នាំ ១៩៩២ លោក Elon បានចាកចេញពីកាណាដា ទៅសហរដ្ឋអាមេរិក និងបានចូលរៀនផ្នែកពាណិជ្ជកម្ម និងរូបវិទ្យា នៅសាកលវិទ្យាល័យ Pennsylvania ហើយបានបញ្ចប់ថ្នាក់បរិញ្ញាបត្ររងផ្នែកសេដ្ឋកិច្ច និងផ្នែកបរិញ្ញាបត្ររូបវិទ្យា។ បន្ទាប់ពីបញ្ចប់ការសិក្សានៅ University of Pennsylvania លោក Elon បានចុះឈ្មោះចូលរៀនថ្នាក់បណ្ឌិតផ្នែករូបវិទ្យាថាមពល នៅសាកលវិទ្យាល័យ Standford ។ ប៉ុន្តែចូលរៀនថ្នាក់បណ្ឌិតមិនទាន់បានប៉ុន្មាន វិស័យអ៉ីនធើណិតក៏ផ្ទុះឡើងខ្លាំងនៅឆ្នាំ ១៩៩៥ ធ្វើឲ្យលោក Elon បោះបង់ថ្នាក់បណ្ឌិត ដើម្បីប្រើជំនាញកុំទ្យូទ័រ និងរូបវិទ្យារបស់លោក ទៅបង្កើតក្រុមហ៊ុនដំបូងរបស់គាត់ដែលមានឈ្មោះថា Zip2 Corporation ជាមួយប្អូនប្រុសរបស់គាត់ Kimbal Musk ហើយបានលក់ Zip2 ទៅឲ្យក្រុមហ៊ុន Compaq Computer ក្នុងតម្លៃជាង ៣០០លានដុល្លារ។ ឆ្នាំ ២០០២ ទើបលោក Elon ទទួលបានសញ្ជាតិអាមេរិក។

ការធ្វើជំនួញ

ក្រុមហ៊ុនដំបូងដែលលោក Elon បានបង្កើត មានឈ្មោះថា Zip2 Corporation នៅឆ្នាំ ១៩៩៥ ដែលជាវេបសាយណែនាំ និងនាំផ្លូវនៅទីក្រុងធំៗរបស់អាមេរិក។ នៅឆ្នាំ ១៩៩៩ ក្រុមហ៊ុន Compaq Computer បានទិញយក Zip2 ក្នុងតម្លៃ ៣៤១លានដុល្លារ។ 

នៅឆ្នាំ ១៩៩៩ ដដែល លោក Elon Musk និងប្អូនប្រុសរបស់គាត់ Kimbal លោក Peter Theil ​ និងអ្នកបច្ចេកវិទ្យាជាច្រើននាក់ទៀត បានរួមគ្នាបង្កើតវេបសាយទូទាត់ប្រាក់តាមអ៉ីនធើណិតដោយដាក់ឈ្មោះថា X.com ក្រោយមកក៏ប្តូរឈ្មោះទៅជា PayPal ដូចបច្ចុប្បន្ន។ នៅចុងឆ្នាំ ២០០២ លោក Elon មានភាគហ៊ុននៅ PayPal ចំនួន ១១% ដែលនៅឆ្នាំនោះ ក្រុមហ៊ុនលក់ទំនិញលើអ៉ីនធើណិត eBay បានទិញយក PayPal ក្នុងតម្លៃ ១,៥ពាន់លានដុល្លារ។ ក្រោយលក់ PayPal ក្រុមការងារដែលរួមគ្នាបង្កើត PayPal ជាមួយលោក Elon បានចេញទៅបង្កើតក្រុមហ៊ុនផ្សេងៗគ្នាដូចជា LinkedIn, Yelp, YouTube, Reddit, 500 Startups និង Slide ជាដើម ដែលអ្នកទាំងនោះភាគច្រើនចេញពីសាកលវិទ្យាល័យ Standford ។

ក្រុមហ៊ុនទី៣ ដែលលោក Elon បង្កើត គឺ SpaceX ដែលមានឈ្មោះពេញថា Space Exploration Technologies Corporation ដែលដំណើរការនៅឆ្នាំ ២០០២។ ជាមួយមហិច្ចតាផលិតយានអវកាសសម្រាប់ដឹកជញ្ជូនទំនិញ និងមនុស្សទៅភពក្រៅ ប៉ុន្តែគួរឲ្យស្តាយ SpaceX បានបរាជ័យក្នុងការបាញ់សាកល្បងចំនួន ៣លើក និងស្ទើរតែក្ស័យធនដោយសារអស់សាច់ប្រាក់បង្វិល ស្របពេលសេដ្ឋកិច្ចពិភពលោកកំពុងជួបវិបត្តិនាឆ្នាំ ២០០៨ផងនោះ។ ការចាប់ផ្តើមដំណើរការ SpaceX គឺជារឿងដ៏ជូរចត់មួយរបស់លោក Elon Musk ក៏ព្រោះថាចាប់ពីពេលដំណើរការ និងបានបរាជ័យផ្ទួនៗនោះ មានអ្នកវិភាគទីផ្សារនៅតាមប៉ុស្តន៍ទូរទស្សន៍ជាច្រើនបានសើចចំអក និងនិយាយថាលោក Elon នឹងបរាជ័យ។ អ្វីដែលអាក្រក់ជាងនេះទៀត គឺអ្នកវិទ្យាសាស្ត្រផ្នែកអវកាសចំណាស់ៗមួយចំនួននៅ NASA ដែលលោក Elon បានចាត់ទុកពួកគាត់ជាវីរៈបុរស និងនិមិត្តរូបផងនោះ បែរជាព្យាយាមនិយាយបំបាក់ទឹកចិត្តរបស់លោក Elon ថាកំពុងធ្វើរឿងឆ្កួតលីលា និងមិនអាចទៅរួចទៅវិញ។ ពិធីករនៅប៉ុស្តន៍ទូរទស្សន៍ម្នាក់បានសួរលោក Elon ថា “តើលោកមានអារម្មណ៍បែបណា នៅពេលមនុស្សដែលលោកបានចាត់ទុកពួកគេជាវីរបុរស ប៉ុន្តែពួកគេបែរជាថាអ្នកជាមនុស្សឆ្កួត?” លោក Elon ឆ្លើយទាំងអួលដើមករ ថា “វាគឺឈឺចាប់” ។ រឿងរ៉ាវប្រែជាប្រសើរឡើងវិញ នៅពេលលោក Elon ប្រមូលប្រាក់ទាំងអស់របស់គាត់ដែលមាន ៤០លានដុល្លារ និងប្រមូលដើមទុនបន្ថែមដើម្បីយកទៅបាញ់សាកល្បងគ្រាប់រ៉ុកកែតលើកទី៤ របស់ SpaceX ហើយក៏ទទួលបានជោគជ័យ ហើយបានជោគជ័យជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។

SpaceX ក៏មានបុត្រសម្ព័ន្ធមួយទៀតផងដែរ ឈ្មោះថា Starlink ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មបាញ់បង្ហោះផ្កាយរណបបម្រើសេវាអ៉ីនធើណិត ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ ដោយទទួលបេសកកម្មពីរដ្ឋាភិបាលអាមេរិកក្នុងការបាញ់បង្ហោះបណ្តុំផ្កាយរណបចូលទៅក្នុងគន្លងគចរកម្រិតទាបរបស់ផែនដី ដែលបានបាញ់បង្ហោះបានចំនួន ១២០គ្រឿងមកហើយកាលពីឆ្នាំ ២០១៩ ។ 

ក្រុមហ៊ុនទី ៤ របស់លោក Elon Musk គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៣។ តាមពិតទៅ លោក Elon មិនមែនជាមនុស្សដំបូងដែលបង្កើតក្រុមហ៊ុន Tesla នោះទេ គឺមានបុរសពីរនាក់ឈ្មោះ Martin Eberhard និង Marc Tarpenning ជាស្ថាបនិកដំបូង។ ក្រោយមក លោក Elon គឺជាអ្នកដឹកនាំយុទ្ធនាការប្រមូលទុនជុំ A វិនិយោគក្នុង Tesla ហើយក៏ត្រូវបានគេលើកឲ្យឡើងជាប្រធានក្រុមហ៊ុន Tesla នៅឆ្នាំ ២០០៤ និងបានធ្វើការយ៉ាងសកម្មដើម្បីនាំ Tesla ពីក្រុមហ៊ុនរៀបនឹងក្ស័យធនរហូតជោគជ័យក្នុងការផលិតឡានអគ្គិសនីដំបូងសម្រាប់ដាក់លក់លើទីផ្សារនៅឆ្នាំ ២០០៨ គឺម៉ូឌែល Roadster ត្បឹតលោកបញ្ចប់ការសិក្សាផ្នែករូបវិទ្យាដែលជាជំនួយទាំងការផលិតឡានអគ្គិសនី និងយានអវកាសសម្រាប់ SpaceX ស្រាប់។ ក្រោមការសហការជាមួយក្រុមហ៊ុនឡានរបស់អាឡឺម៉ង់ Daimler និងក្រុមហ៊ុនជប៉ុន Toyota ក្រុមហ៊ុន Tesla Motors ក៏បោះលក់ភាគហ៊ុនជាសាធារណៈនៅឆ្នាំ ២០១០ ដោយប្រមូលបានទុនចំនួន ២២៦លានដុល្លារ។ ឆ្នាំបន្តបន្ទាប់មកទៀត Tesla ក៏បានបញ្ចេញរថយន្តម៉ូឌែល Model S នៅឆ្នាំ ២០១២, Model 3 និង Model X នៅឆ្នាំ ២០១៩, ម៉ូឌែល Y នៅឆ្នាំ ២០២០ និងរថយន្តដឹកជញ្ជូន Semi Truck និងរថយន្តភីកអាប់ CyberTruck កំពុងស្ថិតក្នុងដំណាក់កាលផលិត។

កាលពីឆ្នាំ ២០០៦ លោក Elon បានជួយបងប្អូនជីដូនមួយរបស់លោកឈ្មោះ Lyndon និង Peter Rive ក្នុងការបង្កើតក្រុមហ៊ុនសូឡា SolarCity Corp និងមានចំណែកភាគហ៊ុនភាគធំរបស់ក្រុមហ៊ុននេះផងដែរ ហើយបានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលកកើតឡើងវិញធំបំផុតនៅអាមេរិកនៅឆ្នាំ ២០១៣។ នៅឆ្នាំ ២០១៦ ក្រុមហ៊ុន Tesla Motors Inc ក៏បានទិញយក SolarCity ក្នុងតម្លៃ ២,៦ពាន់លានដុល្លារ ហើយបានបញ្ចូលជាបុត្រសម្ព័ន្ធរបស់ Tesla ចាប់ពីពេលនោះមក។

ក្រៅពីនេះ លោក Elon នៅមានក្រុមហ៊ុនមិនទាន់ល្បីមួយចំនួនទៀតដូចជា The Boring Company, Hyperloop, OpenAI, Neuralink និងមានភាគហ៊ុននៅក្នុងក្រុមហ៊ុនវិនិយោគមួយចំនួនទៀតផងដែរ។

គិតត្រឹមថ្ងៃទី ១៨ ខែកញ្ញានេះ លោក Elon គឺជាមហាសេដ្ឋីពិភពលោកលំដាប់លេខ ៣ មានទ្រព្យសម្បត្តិសរុបចំនួន ១០៣ពាន់លានដុល្លារ(ផ្អែកលើទិន្នន័យរបស់ Bloomberg Index) ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕