ចិននិយាយថា ការហាមឃាត់កម្មវិធី TikTok និង WeChat នៅអាមេរិក គឺរំលោភច្បាប់អង្គការពាណិជ្ជកម្មពិភពលោក

273
រូបភាពពី រ៉យទ័រ

ចិន(រ៉យទ័រ)៖ មន្ត្រីពាណិជ្ជកម្មមួយរូបបាននិយាយថា ប្រទេសចិនបាននិយាយនៅក្នុងកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោកថា ការរឹតត្បិតរបស់សហរដ្ឋអាមេរិកលើកម្មវិធីទូរស័ព្ទ TikTok និង WeChat របស់ចិន គឺរំលោភលើច្បាប់របស់ស្ថាប័ននេះ។

រដ្ឋបាលរបស់លោក Trump បានបញ្ជាឱ្យបិទការទាញយកកម្មវិធីទូរស័ព្ទទាំងពីរនេះ ហើយបានបញ្ជាឱ្យក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok លក់ប្រតិបត្តិការរបស់ខ្លួន ទៅឱ្យក្រុមហ៊ុនអាមេរិកណាមួយ ដោយលើកឡើងពីមូលហេតុ កង្វល់ចំពោះសន្តិសុខជាតិ។ ទោះយ៉ាងណា ចៅក្រមសហរដ្ឋអាមេរិកបានដេញដោលអំពីករណីរបស់រដ្ឋាភិបាលនេះ។

អ្នកតំណាងឱ្យប្រទេសចិនបាននិយាយនៅក្នុងកិច្ចប្រជុំបិទទ្វារ កាលពីថ្ងៃសុក្រសប្តាហ៍មុនថា វិធានការណ៍នោះ គឺមិនត្រូវគ្នានឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក លើការរឹតត្បិតលើសេវាកម្មពាណិជ្ជកម្មឆ្លងដែន និងរំលោភលើគោលការណ៍ និងគោលបំណងជាមូលដ្ឋាន នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ នេះបើយោងតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះបាននិយាយ។

មន្ត្រីដដែលនោះបាននិយាយថា ប្រតិភូរូបនោះបានពិពណ៌នាអំពីការខកខានរបស់ភាគីសហរដ្ឋអាមេរិក ក្នុងការផ្តល់ភស្តុតាង និងហេតុផលជាក់ស្តែងសម្រាប់វិធានការរបស់ខ្លួននោះ គឺជាការរំលោភបំពានច្បាប់យ៉ាងច្បាស់។

មន្ត្រីពាណិជ្ជកម្មរូបនោះបាននិយាយទៀតថា នៅក្នុងកិច្ចប្រជុំដដែល ភាគីសហរដ្ឋអាមេរិកបានការពារសកម្មភាពរបស់ខ្លួន ដោយនិយាយថាពួកគេមានបំណងកាត់បន្ថយហានិភ័យសន្តិសុខជាតិរបស់ពួកគេ។ រដ្ឋាភិបាលអាមេរិកធ្លាប់បាននិយាយថា ទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិក ត្រូវបានចូលមើលដោយរដ្ឋាភិបាលចិន។

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក មិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេលើករណីនេះ។ មន្ត្រីម្នាក់នៃបេសកកម្មចិននៅអង្គការពាណិជ្ជកម្មពិភពលោក ក៏មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអត្ថាធិប្បាយផងដែរ។

សេចក្តីថ្លែងការណ៍របស់ចិន នឹងមិនមានផលវិបាកអ្វីដល់ខ្លួនឡើយ បើទោះបីជាប្រទេសចិនអាចដាក់បណ្តឹងផ្លូវច្បាប់ជាផ្លូវការអំពីបញ្ហានេះទៅស្ថាប័នហ្សឺណែវក៏ដោយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។