រ៉យទ័រ(ចិន)៖ ក្រុមហ៊ុនលក់ទំនិញតម្លៃទាបរបស់ចិន Miniso Group Holding Ltd កំពុងត្រៀមខ្លួនបោះលក់ភាគហ៊ុននៅផ្សារហ៊ុនទីក្រុងញូវយ៉ក(NYSE) ដើម្បីបង្កើនដើមទុនចំនួនជាង ៥៦០លានដុល្លារ។ ក្រុមហ៊ុន Goldman Sachs និងក្រុមហ៊ុន BofA Securities គឺជាអ្នកធានា ក្នុងការបោះលក់ភាគហ៊ុននេះ។
ក្រុមហ៊ុន Miniso គ្រោងនឹងលក់ភាគហ៊ុនប្រភេទតម្កល់ប្រាក់ ADS(American Depositary Share) ចំនួន ៣០,៤លានហ៊ុន ដែលមានតម្លៃចន្លោះពី ១៦,៥ ទៅ ១៨,៥ដុល្លារក្នុងមួយហ៊ុន។ ក្នុងមួយភាគហ៊ុន ADS នោះ អាចនឹងស្មើជាមួយភាគហ៊ុនទូទៅ (Class A ordinary share) ចំនួន ៤ហ៊ុន។ ការបោះលក់ភាគហ៊ុននេះ អាចនឹងធ្វើឲ្យក្រុមហ៊ុន Miniso មានតម្លៃសរុបចំនួន ១០,១៨ពាន់លានដុល្លារ។
គិតត្រឹមខែតុលាឆ្នាំ ២០២០ នេះ ក្រុមហ៊ុនរបស់ចិន បង្កើនទុនបានច្រើនជាង ១០០ពាន់លានដុល្លារ ពីការបោះលក់ភាគហ៊ុនរបស់ពួកគេនៅផ្សារហ៊ុនអាមេរិក ខណៈកាលពីឆ្នាំ ២០១៩ ក្រុមហ៊ុនចិនប្រមូលទុនបានពីផ្សារហ៊ុនអាមេរិកតែ ៦២,៥ពាន់លានដុល្លារប៉ុណ្ណោះ។
នៅពេលបោះលក់ភាគហ៊ុនរួចរាល់ ភាគហ៊ុននិកដ៏សំខាន់របស់ Miniso គឺក្រុមហ៊ុនបច្ចេកវិទ្យា Tencent នឹងកាន់កាប់ភាគហ៊ុនចំនួន ៤,៨% របស់ក្រុមហ៊ុនលក់រាយមួយនេះ។
Miniso ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៣ បច្ចុប្បន្នមានសាខាជាង ៤២០០សាខាទូទាំងពីភពលោក ខណៈសាខាប្រហែល ៩៦% គឺជាសាខាលក់សិទ្ធិ(Franchise)។ ទិន្នន័យ ៦ខែដំបូងក្នុងឆ្នាំ ២០២០នេះ Miniso រកចំណូលសរុបបានចំនួន ១,២៧ពាន់លានដុល្លារអាមេរិក៕
