ក្រុមហ៊ុនដឹកទំនិញអនឡាញរបស់ថៃ Flash Express ទទួលបានទុនថ្មី $២០០លាន

1065

ថៃ៖ ក្រុមហ៊ុនដឹកជញ្ជូនទំនិញអនឡាញដែលទើបដំណើរការបានពីរឆ្នាំ មានមូលដ្ឋាននៅប្រទេសថៃ Flash Express ទទួលបានទុនវិនិយោគថ្មី ជុំ D ចំនួន ២០០លានដុល្លារអាមេរិក។ 

ទុនវិនិយោគថ្មីនេះ គឺវិនិយោគដោយក្រុមហ៊ុនរបស់ថៃដូចជា PTT Oil, ក្រុមហ៊ុនលក់ទំនិញ OR និង Durbell និងក្រុមហ៊ុនវិនិយោគ Krungsri Finnovate ។ ក្រៅពីក្រុមហ៊ុនរបស់ថៃ ទុនវិនិយោគជុំ D នេះក៏មានចំណែករបស់ក្រុមហ៊ុនចិនដូចជា eWTP(បុត្រសម្ព័ន្ធរបស់ Alibaba) ក្រុមហ៊ុនវិនិយោគ Gaorong Capital និងក្រុមហ៊ុន Angel Fund ផងដែរ។ បូកទាំងទុនវិនិយោគជុំថ្មីនេះ ធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូន Flash ទទួលបានទុនវិនិយោគសរុបជាង ៤០០លានដុល្លារ ចាប់តាំងពីបើកដំណើរការមក។

Flash Express ជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនទំនិញ និងផ្តោតលើការដឹកឲ្យអ្នកលក់អនឡាញនៅប្រទេសថៃ។ គិតត្រឹមបច្ចុប្បន្ន ក្រុមហ៊ុននេះមានសាខាជាង ៥០០០ទីតាំង នៅគ្រប់ខេត្តទាំង ៧៧ នៅក្នុងប្រទេសមានព្រំដែនជាប់កម្ពុជាមួយនេះ និងមានប្រតិបត្តិការដឹកជញ្ជូនច្រើនជាង ១លានកញ្ចប់ឯណោះក្នុងមួយថ្ងៃ។ នេះបើតាមទិន្នន័យពីសេចក្តីថ្លែងការមួយ។

ក្រុមហ៊ុន Flash ប្រើបច្ចេកវិទ្យាសំខាន់ៗដែលអភិវឌ្ឍដោយពួកគេផ្ទាល់ និងបច្ចេកវិទ្យា big data ដើម្បីផ្គត់ផ្គង់ និងផ្ទៀងផ្ទាត់ប្រតិបត្តិការដឹកជញ្ជូន ដែលការនេះធ្វើឲ្យ Flash អាចដំណើរការដោយទទួលបានប្រសិទ្ធភាពខ្ពស់ និងអាចផ្តល់សេវាកម្មក្នុងតម្លៃសមរម្យ។ Flash Express បាននិយាយថាខ្លួនជាក្រុមហ៊ុនដំបូងគេនៅប្រទេសថៃ ដែលទៅយកទំនិញដល់ផ្ទះអតិថិជនដោយមិនគិតថ្លៃសេវាទៅប្រមូល។ 

នៅក្នុងសេចក្តីថ្លែងការមួយ ក្រុមហ៊ុន Flash បាននិយាយថា ខ្លួននឹងប្រើទុនថ្មីចំនួន ២០០លានដុល្លារនេះ ដើម្បីពង្រឹងការផ្តល់សេវាកម្មរបស់ខ្លួន និងដើម្បីពង្រីកទីផ្សារទៅប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ាន។  Flash កំពុងតែប្រជែងខ្លាំងជាមួយក្រុមហ៊ុនដឹកជញ្ជូនចិន Best Express និងក្រុមហ៊ុន Kerry Express ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។